ដោយៈ ម៉ាលីនណា
រុស្ស៊ីៈ ជាវិធានការណ៍បន្ទាប់ភ្លាមៗ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសច្បាប់អាជ្ញាសឹក នៅក្នុងតំបន់ទាំងបួននៃអ៊ុយក្រែន ដែលទីក្រុងមូស្គូបានបញ្ចូល និងផ្តល់អំណាចបន្ទាន់បន្ថែម ដល់ប្រមុខនៃតំបន់ទាំងអស់នៃប្រទេសរុស្ស៊ី។
នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២ម្សិលម៉ិញនេះ។
យ៉ាងណាក្តី លោក ពូទីន មិនបានបញ្ជាក់ពីវិធានការណ៍ ដែលនឹងត្រូវអនុវត្តក្រោមច្បាប់អាជ្ញាសឹកទេ ប៉ុន្តែបាននិយាយថា បញ្ជារបស់លោកមានប្រសិទ្ធភាពចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍។ ក្រឹត្យរបស់លោកទុកពេលឲ្យភ្នាក់ងារអនុវត្តច្បាប់បីថ្ងៃដើម្បីដាក់សំណើជាក់លាក់។
លោក ពូទីន បាននិយាយនៅក្នុងសុន្ទរកថា តាមទូរទស្សន៍នៅពេលចាប់ផ្តើមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខថា “យើងកំពុងព្យាយាមដោះស្រាយកិច្ចការដ៏លំបាក និងទ្រង់ទ្រាយធំ ដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់រុស្ស៊ី និងការពារប្រជាជនរបស់យើង”។ លោកបន្តថា “អ្នកដែលកំពុងហ្វឹកហាត់នៅជួរមុខ ឬនៅទីលានបាញ់ប្រហារ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនគួរតែមានអារម្មណ៍ថា មានការគាំទ្ររបស់យើង ហើយដឹងថានៅពីក្រោយពួកគេ យើងមានប្រទេសដ៏អស្ចារ្យ និងប្រជាជនរួបរួមរបស់យើង”។
សភាជាន់ខ្ពស់របស់រុស្ស៊ី នឹងអនុម័តយ៉ាងឆាប់រហ័ស នូវការសម្រេចចិត្តរបស់ លោក ពូទីន ក្នុងការដាក់ច្បាប់អាជ្ញាសឹក នៅក្នុងតំបន់ចំនួនបួននេះ។ សេចក្តីព្រាងច្បាប់ណែនាំថា វាអាចពាក់ព័ន្ធនឹងការរឹតបន្តឹង លើការធ្វើដំណើរ និងការជួបជុំជាសាធារណៈ ការត្រួតពិនិត្យកាន់តែតឹងរឹង ក៏ដូចជាការផ្តល់អំណាចកាន់តែទូលំទូលាយ សម្រាប់ភ្នាក់ងារអនុវត្តន៍ច្បាប់៕