ដោយចរិយា
ភ្នំពេញៈ ក្នុងពេលដែលវិស័យសំខាន់ៗជន្ទល់សេដ្ឋកិច្ចរបស់កម្ពុជា សុទ្ធតែអះអាងថា រងផលប៉ះពាល់ពីជំងឺកូវីដ១៩ តែសម្រាប់វិស័យធានារ៉ាប់រងវិញ ត្រូវបានអ្នកជំនាញ នៅក្នុងវិស័យនេះបញ្ជាក់ថា មិនមានការប៉ះពាល់ច្រើនប៉ុន្មាននោះឡើយ បើធៀបនឹងវិស័យផ្សេង ដោយសារតែពិនិត្យទៅមើលបុព្វលាភធានារ៉ាប់រងមានសន្ទុះខ្ពស់។
លោកម៉ឺ វ៉ាន់ អគ្គនាយកប្តិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្លែងបានថ្លែងក្នុងពិធីសម្ពោធសាខាបីកន្លែងរបស់ក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិត AIA នៅព្រឹកថ្ងៃទី០៧ តុលា ២០២០នេះថា គិតត្រឹមឆមាសទី១ឆ្នាំ២០២០នេះបុព្វលាភធានារ៉ាប់រងដុលសរុប មានចំនួនជាង១២៨លានដុល្លារអាមេរិក ក្នុងនោះបុព្វលាភធានារ៉ាប់រងទូទៅ មានចំនួនជាង៥៧លានដុល្លារអាមេរិក និងបុព្វលាភធានារ៉ាប់រងអាយុជីវិត មានប្រមាណ៧១លានដុល្លារអាមេរិក។
លោកបន្តថា “តាមរយៈនៃកំណើនវិនិយោគលើវិស័យធានារ៉ាប់រង ក៏ឃើញថាសន្ទុះនៃការប្រើប្រាស់សេវាធានារ៉ាប់រង នៅក្នុងប្រទេសក៏មានកំណើនគួរអោយកត់សម្គាល់ដែរ ខុសពីជាងមួយទសវត្សរ៍កន្លងទៅ”។ លោកបន្ថែមថា “កំណើននៃការប្រើប្រាស់សេវាធានារ៉ាប់រង ជាវឌ្ឍនៈភាពមួយថ្មី និងជាសញ្ញាល្អ ក្នុងវិស័យមួយនេះ បើទោះបីជាសេដ្ឋកិច្ចពិភពលោក ស្ថិតនៅក្នុងដំណាក់កាលកូវីដក៏ដោយ”។
រាជរដ្ឋាភិបាលកម្ពុជា បានគ្រប់គ្រងយ៉ាងល្អពីស្ថានភាពកូវីដ១៩ ដោយរហូតមកដល់ពេលនេះ មិនមានអ្នកណាម្នាក់ស្លាប់ដោយសារតែកូវីដ១៩នោះទេ ហើយក៏មិនបានឆ្លងរាលដាលក្នុងតំបន់ ឬក្នុងសហគមន៍ទាំងមូលនោះដែរ ។
លោកស្រីប៉ូលីន ទាវ នាយិកាប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតAIA បានមានប្រសាសន៍ថា ក្រុមហ៊ុនAIA បានចូលមកកម្ពុជា អស់រយៈពេលជាង៣ឆ្នាំហើយ និងបានជួយដោះស្រាយបញ្ហាហិរញ្ញវត្ថុប្រជាជនកម្ពុជាជាច្រើនផងដែរ។
លោកស្រីបន្តថា បើទោះបីជាពេលនេះកម្ពុជា និងពិភពលោកទាំងមូលបានជួបនឹងវិបត្តិជំងឺកូវីដ១៩ក្ដី ក៏ក្រុមហ៊ុនមិនបានផ្អាកសកម្មភាពវិនិយោគ និងអាជីវកម្មក្នុងប្រទេសកម្ពុជានោះឡើយ ផ្ទុយទៅវិញនៅថ្ងៃទី៧ តុលា ២០២០នេះ ក្រុមហ៊ុនAIA បានសម្រេចបើកសាខាក្រុមហ៊ុនបីបន្ថែមទៀតទូទាំងប្រទេសកម្ពុជា រួមមាន សាខាខេត្តកំពត សាខាខេត្តបាត់ដំបង និងសាខាខេត្តកំពង់ចាម ដើម្បីការពារសុខភាពហិរញ្ញវត្ថុប្រជាជនកម្ពុជា ។
យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអោយដឹងថា បច្ចុប្បន្នវិស័យធានារ៉ាប់រង មានក្រុមហ៊ុនធានារ៉ាប់រងសរុបចំនួន៣៨ ក្នុងនោះមានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន១៨ ក្រុមហ៊ុនធានារ៉ាប់អាយុជីវិតចំនួន១៤ និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៦៕