ក្រុមហ៊ុនធនារ៉ាប់រងជប៉ុនពង្រីកសេវាកម្មជាមួយស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា

ដោយៈ សុផារី

ភ្នំពេញៈ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានចុះហត្ថលេខា ប្រកាសអំពីភាពជាដៃគូរយៈពេលយូរអង្វែង ដើម្បីផ្តល់ការការពារ និងសន្សំដល់ប្រជាពលរដ្ឋកម្ពុជាឲ្យបានកាន់តែទូលំទូលាយកាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ។

ភាពជាដៃគូដែលត្រូវបានអនុម័តដោយ ធនាគារជាតិនៃកម្ពុជា និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនេះ នឹងពង្រីកលទ្ធភាពទៅកាន់ប្រជាពលរដ្ឋកម្ពុជា ដើម្បីទទួលបានសេវាធានារ៉ាប់រងអាយុជីវិត ដែលផ្តល់ដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិ មកពីប្រទេសជប៉ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកគា បូរាណ ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានប្រសាសន៍ថា កិច្ចសហការធ្វើអាជីវកម្មប៊ែងកាសួរេន (Bancassurance) នេះនឹងធ្វើឲ្យ អេ អឹម ខេ ខិតទៅជិតអតិថិជនមួយជំហានទៀត តាមរយៈការផ្ដល់ប្រឹក្សាដោយឥតគិតថ្លៃសម្រាប់សេវាកម្មធានារ៉ាប់រងអាយុជីវិត ទៅឲ្យអតិថិជនសន្សំ កម្ចី ភ្នាក់ងារ និងអតិថិជនផ្សេងៗ ដោយនឹងចាប់ផ្ដើមនៅទីតាំងចំនួន៥០សាខា នៅក្នុងឆ្នាំ២០២១ និងតាមបណ្ដាសាខាផ្សេងទៀត នៅឆ្នាំបន្តបន្ទាប់ជាមួយដៃគូ ដែលជាក្រុមហ៊ុនធានារ៉ាប់រងប្រកបដោយវិជ្ជាជីវៈខ្ពស់។

លោកបន្តថា “យើងខ្ញុំជឿជាក់ថាភាពជាដៃគូនេះ នឹងផ្តល់ឱកាសឲ្យអេ អឹម ខេ ពង្រីក និងពង្រឹងសេវាកម្ម និងផ្តល់សុវត្ថិភាពផ្នែកហិរញ្ញវត្ថុ ដល់អតិថិជនទាំងអស់តាមរយៈការរៀបចំផែនការហិរញ្ញវត្ថុមួយដ៏ច្បាស់លាស់ ដើម្បីបញ្ចៀសហានិភ័យដែលនឹងកើតមានឡើងដោយយថាហេតុនៅក្នុងជីវភាពប្រចំាថ្ងៃ”។

លោកបានបន្ថែមថា អេ អឹម ខេ តែងតែជ្រើសរើសការចូលរួមបេសកកម្មជាមួយដៃគូដែលមានកិត្តិនាម និងគុណភាពដូចជា ក្រុមហ៊ុនធានារ៉ាប់រងដាយ អ៊ិឈិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនល្បី និងនាំមុខគេមួយនៅប្រទេសជប៉ុន មានអាយុកាលជាង១២០ឆ្នាំ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុននេះកំពុងតែផ្តល់សេវាកម្មធានារ៉ាប់រង អាយុជីវិតជូនអតិថិជនជាង៦៥លាននាក់នៅលើសាកលលោក។

លោកអាឡិន ថៃ អគ្គនាយក នៃក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ មានប្រសាសន៍ថា ”យើងមានក្តីរំភើប ចំពោះភាពជាដៃគូជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី។ យើងមានគោលដៅរួមមួយមួយ ក្នុងការនាំយកដំណោះស្រាយធានារ៉ាប់រងអាយុជីវិ​តដែលមានគុណភាព និងតម្លៃសមរម្យជូនទៅដល់អតិថិជន អេ អឹម ខេ តាមរយៈសាខា និងបណ្តាញភ្នាក់ងារទូទាំងប្រទេស។

លោកបន្តថា “ភាពជាដៃគូនេះ នឹងជួយយើងក្នុងការពង្រីកអាជីវកម្ម និងមូលដ្ឋានអតិថិជនកាន់តែសម្បូរបែប”៕

LEAVE A REPLY

Please enter your comment!
Please enter your name here