ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសសម្រេចបានទឹកប្រាក់១៥០០លានដុល្លារអាមេរិក

         ដោយៈសិរីជេស៊ីកា

         ភ្នំពេញៈ របាយការណ៍បានបង្ហាញថា ការនាំចេញ និង​នាំចូល​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រះសីហនុ​ (SSEZ) ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​ ២០២១ មានតម្លៃ​ ១,៥ ​ពាន់​លាន​ដុល្លារ​កើន​ជាង៤០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២០​។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន ​របស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ(SSEZ)បានឲ្យដឹងកាលពីម្សិលម៉ិញនេះថា ​គិតចាប់ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​ ២០២១ សហគ្រាស​ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ នាំចេញ និង​នាំចូលផលិត​ផល​ទាំងអស់​សរុប​ជា​ប្រាក់​ចំនួន១,៥៧ ពាន់​លាន​ដុល្លារ កើនឡើង៤០,៩៣ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ដែលមាន​ចំនួន ១,១១៤ ​ពាន់​លាន​ដុល្លារ​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមSSEZសមិទ្ធផល​ទាំងនេះ គឺ​មិនអាច​កាត់ផ្តាច់​ចេញពី​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ​១៩ ដ៏​មាន​ប្រសិទ្ធភាព​របស់​រដ្ឋាភិបាល​កម្ពុជា និង​ការខំប្រឹងប្រែង​របស់​សហគ្រា​ស និង​បុគ្គលិក​កម្មករ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​នោះទេ​។

ខេត្ត​ព្រះសីហនុ ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​កំណត់​ធ្វើជា​ប៉ូល​ សេដ្ឋកិច្ច​សំខាន់​របស់​ប្រទេស​កម្ពុជា ព្រោះ​ជា​តំបន់​ដែល​មាន​ឧត្តមភាព​ខ្ពស់​សម្រាប់​ការអភិវឌ្ឍ ដោយសារ​ខេត្ត​នេះ​មាន​ភូមិសាស្ត្រ​នៅជាប់​នឹង​សមុទ្រ​ មាន​កំពង់ផែ​ទឹក​ជ្រៅ​ អាកាសយានដ្ឋានអន្តរជាតិនិង​តំបន់ឆ្នេរ​។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃទី​ ១៨ ខែតុលា ឆ្នាំ​ ២០២១ បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​សេវាកម្ម​រៀបចំ​ផែនការមេ ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង​នៅ​កម្ពុជា​។

ផែនការ​មេនេះ​ ក៏​នឹង​ក្លាយជា​ផែនទី​ចង្អុល​ផ្លូវ ​សម្រាប់​សម្របសម្រួល​ការអនុវត្ត​រាល់​សកម្មភាព​រវាង​ភាគី​ពាក់ព័ន្ធ​រួមទាំង​រដ្ឋ ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​នានា​ដោយ​ឈរលើ​គោលដៅ​រួម និង​ការទទួល​ខុសត្រូវ​ច្បាស់លាស់ ​តាមរយៈ​ការកំណត់​ទិសដៅ​សម្រាប់​ការកៀរគរ​, ទាក់ទាញ និង​ប្រមូលផ្តុំ​ប្រភព​ធនធាន សកម្មភាព​ធុរកិច្ច និង​ការវិនិយោគ​ ដើម្បី​សម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ​រយៈពេល​វែង​របស់​រាជរដ្ឋាភិបាល​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here