ដោយៈសិរីជេស៊ីកា
ភ្នំពេញៈ របាយការណ៍បានបង្ហាញថា ការនាំចេញ និងនាំចូលក្នុងតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ (SSEZ) ក្នុងរយៈពេល៩ខែឆ្នាំ ២០២១ មានតម្លៃ ១,៥ ពាន់លានដុល្លារកើនជាង៤០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ(SSEZ)បានឲ្យដឹងកាលពីម្សិលម៉ិញនេះថា គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២១ សហគ្រាស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាំចេញ និងនាំចូលផលិតផលទាំងអស់សរុបជាប្រាក់ចំនួន១,៥៧ ពាន់លានដុល្លារ កើនឡើង៤០,៩៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ ដែលមានចំនួន ១,១១៤ ពាន់លានដុល្លារ។
យោងតាមSSEZសមិទ្ធផលទាំងនេះ គឺមិនអាចកាត់ផ្តាច់ចេញពីវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ដ៏មានប្រសិទ្ធភាពរបស់រដ្ឋាភិបាលកម្ពុជា និងការខំប្រឹងប្រែងរបស់សហគ្រាស និងបុគ្គលិកកម្មករក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនោះទេ។
ខេត្តព្រះសីហនុ ត្រូវបានរដ្ឋាភិបាលកម្ពុជាកំណត់ធ្វើជាប៉ូល សេដ្ឋកិច្ចសំខាន់របស់ប្រទេសកម្ពុជា ព្រោះជាតំបន់ដែលមានឧត្តមភាពខ្ពស់សម្រាប់ការអភិវឌ្ឍ ដោយសារខេត្តនេះមានភូមិសាស្ត្រនៅជាប់នឹងសមុទ្រ មានកំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិនិងតំបន់ឆ្នេរ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់សេវាកម្មរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនៅកម្ពុជា។
ផែនការមេនេះ ក៏នឹងក្លាយជាផែនទីចង្អុលផ្លូវ សម្រាប់សម្របសម្រួលការអនុវត្តរាល់សកម្មភាពរវាងភាគីពាក់ព័ន្ធរួមទាំងរដ្ឋ ឯកជន និងដៃគូអភិវឌ្ឍន៍នានាដោយឈរលើគោលដៅរួម និងការទទួលខុសត្រូវច្បាស់លាស់ តាមរយៈការកំណត់ទិសដៅសម្រាប់ការកៀរគរ, ទាក់ទាញ និងប្រមូលផ្តុំប្រភពធនធាន សកម្មភាពធុរកិច្ច និងការវិនិយោគ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាល៕







