គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជានឹងទទួលបានប្រយោជន៍ច្រើនពីការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច

ដោយៈ ម៉ាណេត
ភ្នំពេញៈ ប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចមានសារៈសំខាន់បំផុតសម្រាប់អតិថិជនដែលទទួលកម្ចីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុដូចគ្នា ខណៈអតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាច្រើនជួបប្រទះការលំបាកក្នុងការទូទាត់សងប្រាក់កម្ចី។

លោកបណ្ឌិតអ៊ិន ចាន់នីប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងដូច្នេះ ក្នុងវេទិកានៃថ្នាក់ដឹកនាំធនាគារ (CEO Forum) លើកទី១សម្រាប់ឆ្នាំ២០២១ ផ្តោតលើប្រធានបទស្តីពី ការប្រមើលមើលពីការងើបឡើវិញនៃសេដ្ឋកិច្ចពីជំងឺកូវីដ-១៩ នៅកម្ពុជានិងនៅតំបន់អាស៊ាន ដែលមានការចូលរួមពីលោក Yasuhisa Ojima ដែលជាវាគ្មិនកិត្តិយសមកពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃ អង្គារ។

លោកបណ្ឌិត អ៊ិនចាន់នីមានប្រសាសន៍ថា ពេលវេលានៃការពិភាក្សានេះគឺចំពេលបំផុត នៃវិបត្តិសេដ្ឋកិច្ច ខណៈពេលដែលធនាគារជាតិនៃកម្ពុជាទើប តែបានពន្យារលើយន្តការនៃការធ្វើឥណទានរៀបចំឡើងវិញរបស់វិស័យធនាគារនិងហិរញ្ញវត្ថុរហូតដល់ចុងឆ្នាំ២០២១នេះ ដូច្នេះហើយ ស្ថាប័នហិរញ្ញវត្ថុទាំងអស់នៅតែចាំបាច់នូវការយល់ ថាតើសេដ្ឋកិច្ចកម្ពុជានឹងវិវត្តយ៉ាងដូចម្តេចក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្ថែមថា “ដោយសារតែអតិថិជននៃគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាច្រើនជួបប្រទះការលំបាកក្នុងការទូទាត់សងប្រាក់កម្ចី ហើយប្រហែល១២ភាគរយនៃឥណទានទាំងអស់ត្រូវបានស្នើសុំររៀបចំឡើងវិញ។ ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចគឺមានសារៈសំខាន់បំផុតសម្រាប់អតិថិជន ដែលទទួលកម្ចីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុដូចគ្នា”។

លោកបានបន្ថែមថា “ការយល់ដឹង និងការព្យាករណ៍របស់ IMF ពិតជានឹងជួយស្ថាប័នរបស់យើងក្នុងការរៀបចំនិងធានាឱ្យមានស្ថិរភាពនិងវិបុលភាពរយៈពេលវែងនៃវិស័យរបស់យើង”។

យោងតាមបទបង្ហាញរបស់អ្នកតំណាង IMF ប្រចាំប្រទេសកម្ពុជា និងជាសេដ្ឋវិទូជាន់ខ្ពស់របស់ IMF លោក Yasuhisa Ojima បានថ្លែងថា IMF រំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើង៤,២ភាគរយនៅឆ្នាំនេះ និង៦ភាគរយនៅឆ្នាំ២០២២ បន្ទាប់ពីការធ្លាក់ចុះ៣,៥ភាគរយនៅឆ្នាំ២០២០។ ការព្យាករណ៍អំពីកំណើននឹងត្រូវបានពិនិត្យឡើងវិញ ដោយឆ្លុះបញ្ចាំងពីការកើនឡើងនៃការឆ្លងវីរុសកូវីដ១៩នាពេលថ្មីៗនេះ ជាពិសេសបន្ទាប់ពីមានព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។

លោក Ojima បានបន្ថែមទៀតថា វិស័យហិរញ្ញវត្ថុមើលទៅមានស្ថិរភាព ដោយសារតែវិធានការណ៍គោលនយោបាយជាមួយនឹងការបន្ធូរបន្ថយលក្ខខណ្ឌហិរញ្ញវត្ថុ រួមមាន (LPCO, ទុនបម្រុងកាតព្វកិច្ចទាប) និងអនុញ្ញាតឱ្យមានការរៀបចំឥណទានឡើងវិញ រហូតដល់ដំណាច់ឆ្នាំ២០២១។

លោកបានបន្តថា ប៉ុន្តែភាពមិនច្បាស់លាស់នៅតែមានចំពោះសេដ្ឋកិច្ច ជាពិសេសឥណទានទៅលើវិស័យអចលនទ្រព្យនិងសំណង់ ដែលឥណទានខ្លះមិនស្ថិតនៅក្នុងប្រព័ន្ធធនាគារ និងភាពមិនច្បាស់លាស់នៃវិស័យទេសចរណ៍។ ដរាបណាភាពមិនប្រាកដប្រជានៅតែមាន គោលនយោបាយកម្រិតនៃការរឹតត្បិតនៃការបែងចែកចាយដើមទុននឹងត្រូវបានធានាដោយហេតុផលប្រុងប្រយ័ត្នបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here