ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ភាពខុសគ្នារវាងពាណិជ្ជកម្មសេរី និងសហភាពសេដ្ឋកិច្ច គឺស្ថិតនៅត្រង់ថា តំបន់ពាណិជ្ជកម្មសេរីជាប្រភេទសមាហរណកម្មសេដ្ឋកិច្ចកម្រិតស្រាល ដែលត្រូវបានបង្កើតឡើង ដើម្បីកាត់បន្ថយ ឬលុបចោលពន្ធនាំចូល និងរបាំងមិនមែនពន្ធគយសំដៅជំរុញពាណិជ្ជកម្ម។ នេះបើយោងតាមឯកសាររបស់ក្រសួងពាណិជ្ជកម្ម។
រីឯសហភាពសេដ្ឋកិច្ចវិញ គឺជាប្រភេទនៃសមាហរណកម្មសេដ្ឋកិច្ច ដែលជ្រាលជ្រៅ មានលក្ខណៈផ្សេងទៀតបន្ថែមពីលើការកាត់បន្ថយ ឬលុបចោលពន្ធនាំចូល និងរបាំងមិនមែនពន្ធគយ ដូចជាការដាក់ពន្ធនាំចូលតាមអត្រាដូចគ្នា ទៅលើផលិតផលនាំចូលពីប្រទេសទីបីទៅក្នុងតំបន់ ការចល័តដោយសេរីនូវកត្តាផលិតកម្ម រួមមាន ទំនិញ សេវាកម្ម កំលាំងពលកម្ម មូលធន និងការធ្វើសុខដុមកម្មនៃស្តង់ដារ និងការចេញនូវវិញ្ញាបនប័ត្រ គោលនយោបាយរូបិយវត្ថុ សារពើពន្ធ សង្គម និងច្បាប់។
ជាឧទាហរណ៍ខ្លី បន្ទាប់ពីការបង្កើតកិច្ចព្រមព្រៀង អនុគ្រោះពាណិជ្ជកម្មនៅឆ្នាំ១៩៧៧ ដែលផ្តល់ការអនុគ្រោះតាមការស្ម័គ្រចិត្ត ចំពោះផលិតផល៧១មុខ និងបានបង្កើនដល់១២,៦៤៧មុខទំនិញនៅឆ្នាំ១៩៨៦ អាស៊ានបានធ្វើសមាហរណកម្មសេដ្ឋកិច្ចកាន់តែជ្រាលជ្រៅជាងមុន ដោយបង្កើតតំបន់ពាណិជ្ជកម្មសេរីនៅឆ្នាំ១៩៩២ ដែលលុបពន្ធនាំចូលស្ទើរតែគ្រប់ផលិតផលទាំងអស់ និងរបាំងមិនមែនពន្ធនាំចូលទៀត និងមានគោលដៅបង្កើតជាសហគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៥ ។
សមាហរណកម្មសេដ្ឋកិច្ច តាមបែបសហភាពអឺរ៉ុប គឺមានលក្ខណៈជ្រាលជ្រៅខ្លាំង ពីព្រោះថាក្រៅពីលុបពន្ធនាំចូល និងរបាំងមិនមែនពន្ធនាំចូល សហភាពអឺរ៉ុប អនុវត្តន៍នូវគោលនយោបាយដាក់អត្រាពន្ធនាំចូល ដូចគ្នាចំពោះផលិតផលនាំចូលពីក្រៅតំបន់ គោលនយោបាយរូបិយវត្ថុ និងសារពើពន្ធរួម ដូចជាមានរូបិយប័ណ្ណរួម(អឺរ៉ូ) អនុញ្ញាតឱ្យចល័តដោយសេរីនូវទំនិញ សេវាកម្ម កំលាងពលកម្ម និងមូលធន ព្រមទាំងធ្វើសុខដុមកម្មនូវស្តង់ដា នីតិវិធី បែបបទ និងការអនុវត្តផ្សេង៕