ចំណេះដឹង! តើ​ពាណិជ្ជកម្ម​សេរី និង​សហភាព​សេដ្ឋកិច្ច​មាន​ភាពខុសគ្នា​ដូចម្តេច?

ដោយ៖ ម៉ា​ណេ​ត

ភ្នំពេញ៖ ភាពខុសគ្នា​រវាង​ពាណិជ្ជកម្ម​សេរី និង​សហភាព​សេដ្ឋកិច្ច គឺ​ស្ថិត​នៅត្រង់ថា តំបន់​ពាណិជ្ជកម្ម​សេរី​ជា​ប្រភេទ​សមាហរណកម្ម​សេដ្ឋកិច្ច​កម្រិត​ស្រាល ដែល​ត្រូវបាន​បង្កើតឡើង ដើម្បី​កាត់បន្ថយ ឬ​លុបចោល​ពន្ធ​នាំចូល និង​របាំង​មិនមែន​ពន្ធគយ​សំដៅ​ជំរុញ​ពាណិជ្ជកម្ម។ នេះ​បើ​យោងតាម​ឯកសារ​របស់​ក្រសួងពាណិជ្ជកម្ម។

រីឯ​សហភាព​សេដ្ឋកិច្ច​វិញ គឺជា​ប្រភេទ​នៃ​សមាហរណកម្ម​សេដ្ឋកិច្ច ដែល​ជ្រាលជ្រៅ មាន​លក្ខណៈ​ផ្សេងទៀត​ប​ន្ថែ​ម​ពីលើ​ការកាត់បន្ថយ ឬ​លុបចោល​ពន្ធ​នាំចូល និង​របាំង​មិនមែន​ពន្ធគយ ដូចជា​ការដាក់​ពន្ធ​នាំចូល​តាម​អត្រា​ដូចគ្នា ទៅលើ​ផលិតផល​នាំចូល​ពី​ប្រទេស​ទី​បី​ទៅក្នុង​តំបន់ ការ​ចល័ត​ដោយ​សេរី​នូវ​កត្តាផលិតកម្ម រួមមាន ទំនិញ សេវាកម្ម កំលាំង​ពលកម្ម មូលធន និង​ការធ្វើ​សុខដុម​កម្ម​នៃ​ស្តង់ដារ និង​ការចេញ​នូវ​វិ​ញ្ញាប​ន​ប័ត្រ គោលនយោបាយ​រូបិយវត្ថុ សារពើពន្ធ សង្គម និង​ច្បាប់។

ជា​ឧទាហរណ៍​ខ្លី បន្ទាប់ពី​ការបង្កើត​កិច្ចព្រមព្រៀង អនុគ្រោះ​ពាណិជ្ជកម្ម​នៅ​ឆ្នាំ១៩៧៧ ដែល​ផ្តល់​ការអនុគ្រោះ​តាម​ការស្ម័គ្រចិត្ត ចំពោះ​ផលិតផល៧១មុខ និង​បាន​បង្កើន​ដល់១២,៦៤៧មុខទំនិញ​នៅ​ឆ្នាំ១៩៨៦ អាស៊ាន​បានធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​កាន់តែ​ជ្រាលជ្រៅ​ជាង​មុន ដោយ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​នៅ​ឆ្នាំ១៩៩២ ដែល​លុប​ពន្ធ​នាំចូល​ស្ទើរតែ​គ្រប់​ផលិតផល​ទាំងអស់ និង​របាំង​មិនមែន​ពន្ធ​នាំចូល​ទៀត និង​មាន​គោលដៅ​បង្កើតជា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅ​ឆ្នាំ២០១៥ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សមាហរណកម្ម​សេដ្ឋកិច្ច តាមបែប​សហភាព​អឺរ៉ុប គឺមាន​លក្ខណៈ​ជ្រាលជ្រៅ​ខ្លាំង ពីព្រោះថា​ក្រៅពី​លុប​ពន្ធ​នាំចូល និង​របាំង​មិនមែន​ពន្ធ​នាំចូល សហភាព​អឺរ៉ុប អនុវត្តន៍​នូវ​គោលនយោបាយ​ដាក់​អត្រាពន្ធ​នាំចូល ដូចគ្នា​ចំពោះ​ផលិតផល​នាំចូល​ពី​ក្រៅ​តំបន់ គោលនយោបាយ​រូបិយវត្ថុ និង​សារពើពន្ធ​រួម ដូច​ជាមាន​រូបិយប័ណ្ណ​រួម(អឺរ៉ូ) អនុញ្ញាតឱ្យ​ចល័ត​ដោយ​សេរី​នូវ​ទំនិញ សេវាកម្ម កំ​លាង​ពលកម្ម និង​មូលធន ព្រមទាំង​ធ្វើ​សុខដុម​កម្ម​នូវ​ស្តង់ដា នីតិវិធី បែបបទ និង​ការអនុវត្ត​ផ្សេង៕

LEAVE A REPLY

Please enter your comment!
Please enter your name here