ប្រាក់កម្ចីទិញផ្ទះនៅឥណ្ឌា មានតម្រូវការកើនឡើងខ្លាំង ទោះបីជា អត្រាការប្រាក់ហក់ឡើង

ដោយៈ សុខុម

ក្រុងបុមបៃ: ប្រាក់កម្ចីទិញផ្ទះមានតម្រូវការកើនឡើងខ្លាំង នៅក្នុងប្រទេសឥណ្ឌា ហើយមានការរំពឹងទុកថា តម្រូវការនឹងកើនឡើងបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ នេះបើតាមប្រធានក្រុមហ៊ុនហិរញ្ញវត្ថុលំនៅដ្ឋានដ៏ធំ Housing Development Finance Corporation (HDFC) ទម្លាយឱ្យដឹងកាលពីថ្ងៃច័ន្ទ ទី១២ ខែកញ្ញា។

លោក Keki Mistry នាយកប្រតិបត្តិក្រុមហ៊ុន HDFC បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា “សេដ្ឋកិច្ចមានការរីកចម្រើន ពលរដ្ឋមានអារម្មណ៍ល្អ និងមានលទ្ធភាពប្រសើរជាងមុន ដូច្នេះហើយទើបពលរដ្ឋទិញផ្ទះដោយស្រណុកចិត្ត ទោះបីជាអត្រាការប្រាក់រាងខ្ពស់បន្តិចក្ដី”។

ធនាគារកណ្តាលរបស់ប្រទេសឥណ្ឌា បានដំឡើងអត្រាការប្រាក់ចំនួន៣លើកសរុប១៤០ពិន្ទុ នៅក្នុងឆ្នាំសារពើពន្ធនេះ ដើម្បីទប់ទល់នឹងអតិផរណាដែលហក់ឡើងខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រោយធនាគារកណ្ដាលដំឡើងអត្រាការប្រាក់ ស្ថាប័នផ្ដល់ប្រាក់កម្ចីនានា ក៏ដំឡើងអត្រាការប្រាក់ទៅតាមនោះដែរ ហើយបន្ទុកគឺត្រូវធ្លាក់ទៅលើពលរដ្ឋដែលជាអ្នកខ្ចី។

ទោះជាយ៉ាងណា លោក Keki Mistry បានលើកឡើងថា គ្មានសញ្ញាណាបង្ហាញថា អ្នកទិញផ្ទះទទួលរងសម្ពាធ ឬផលវិបាកដោយសារការដំឡើងអត្រាការប្រាក់នេះឡើយ ហើយការប្រមូលប្រាក់កម្ចីទៀតសោតក៏នៅតែមានភាពប្រក្រតី។

យោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Reuters បង្ហាញថា អត្រាការប្រាក់រំពឹងថា នឹងហក់ឡើងបន្ថែមទៀត ដោយក្រុមអ្នកជំនាញសេដ្ឋកិច្ចព្យាករថា នឹងហក់ឡើងយ៉ាងហោចណាស់៦០ពិន្ទុដែរ នៅត្រឹមខែមីនា ឆ្នាំ២០២៣៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here