តើតម្លៃផ្ទះនៅសហរដ្ឋអាមេរិកនឹងមានការប្រែប្រួលបែបណា នៅក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការព្យាករណ៍ប្រចាំខែមេសា សម្រាប់តម្លៃផ្ទះនៅសហរដ្ឋអាមេរិក បានប្រែប្រួលខុសគ្នាយ៉ាងខ្លាំង បើធៀបទៅនឹងកាលពីមួយខែមុន។ នេះបើយោងតាមការព្យាករណ៍ថ្មីចុងក្រោយរបស់ក្រុមហ៊ុនហិរញ្ញវត្ថុ Freddie Mac ។

ក្រុមហ៊ុនហិរញ្ញវត្ថុខាងលើអះអាងថា តម្លៃផ្ទះនៅសហរដ្ឋអាមេរិក នឹងកើនឡើងក្នុងរង្វង់ត្រឹមតែ០,៥ភាគរយប៉ុណ្ណោះ នៅក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ខាងមុខ។

ការព្យាករណ៍ថ្មីនេះ បង្ហាញពីភាពទុទិដ្ឋិនិយមយ៉ាងខ្លាំង បើ ធៀបទៅនឹងការព្យាករណ៍ កាលពីខែមីនាកន្លងទៅ ដែលកាលនោះ ក្រុមហ៊ុនខាងលើបានព្យាករណ៍ថា តម្លៃផ្ទះនឹងកើនឡើង២,៥% ក្នុងឆ្នាំនេះ និងកើនឡើង២,១% ក្នុងឆ្នាំក្រោយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការបន្ទាបការព្យាករណ៍លើកំណើនតម្លៃផ្ទះ អាចជាដំណឹងល្អមួយ សម្រាប់ប្រជាជនអាមេរិក ដែលមានបំណងទិញផ្ទះនាពេលអនាគត។  ប៉ុន្តែរឿងនេះពុំមែនជារឿងល្អឡើយ ប្រសិនបើយើងគិតពីកត្តាផ្សេងទៀត ដូចជា ការផ្គត់ផ្គង់នៅមានកម្រិត និងការរក្សាទុកអត្រាការប្រាក់ ឱ្យបន្តស្ថិតនៅកម្រិតខ្ពស់ ដោយធនាគារកណ្តាលអាមេរិក(Fed)។

ក្រុមហ៊ុន Freddie Mac បានសរសេរបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ខែមេសារបស់ខ្លួនថា “តម្រូវការលំនៅដ្ឋានមានភាពរឹងមាំ ដោយសារតែការចូលរួមចំណែកដ៏ធំ នៃអ្នកទិញផ្ទះលើកដំបូង។ ប៉ុន្តែ ពួកគេបែរជាត្រូវប្រឈមមុខ នឹងអត្រាការប្រាក់ខ្ពស់ និងកង្វះខាតផ្ទះសម្រាប់ដាក់លក់នៅលើទីផ្សារទៅវិញ”។

សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា “បញ្ហាប្រឈមទាំងនេះនឹងបន្តកើតមានឡើងនៅឆ្នាំ២០២៤ ប្រសិនបើមិនមានការកាត់បន្ថយអត្រាការប្រាក់ ដែលនឹងធ្វើឱ្យទំហំនៃការលក់ផ្ទះសរុប នៅសហរដ្ឋអាមេរិក ស្ថិតក្រោមចំនួន៥លានយូនីតនៅក្នុងឆ្នាំ២០២៤នេះ”។

ទស្សនៈវិស័យនៃការកាត់បន្ថយ អត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក(Fed) នៅតែមានភាពមិនច្បាស់លាស់ ស្របពេលដែលអត្រាអតិផរណា មិនទាន់ត្រូវបានធានាថា នឹងអាចធ្លាក់ចុះមកនៅត្រឹមគោលដៅ២ភាគរយបាននៅឡើយ៕ ប្រភព: Yahoo Finance៕

LEAVE A REPLY

Please enter your comment!
Please enter your name here