ប្រជាពលរដ្ឋឥណ្ឌូនេស៊ីចំនួន១១,៦៤៩នាក់កំពុងស្នាក់នៅខេត្ត ព្រះសីហនុ

        ដោយៈគង់ សូរិយា

        ភ្នំពេញៈ ប្រជាពលរដ្ឋឥណ្ឌូនេស៊ីរស់នៅ និងធ្វើការនៅខេត្តព្រះសីហនុចំនួន១១,៦៤៩នាក់។ ព័ត៌មាននេះ ត្រូវបានបង្ហើបឲ្យដឹងពីលោកម៉ាង ស៊ីណេតអភិបាលស្តីទីខេត្តព្រះសីហនុ ក្នុងជំនួបជាមួយ លោកSanto Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំប្រទេសកម្ពុជា។

លោកSanto Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជំរាបជូនពីការស្នើសុំបើកព្រឹត្តិការណ៍តាំងពិព័រណ៍សុខភាព និងផលិតផលសុខភាពរយៈពេលពីរថ្ងៃនៅខេត្តព្រះសីហនុ ដែលជាឆ្លើយតបតាមសំណើររបស់លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបានជំរាបឯកឧត្តមកាលពីជំនួបលើកទី១ កាលពីឆ្នាំ២០២៣។

លោកឯកអគ្គរដ្ឋទូត ក៏បានស្នើសុំឱ្យមានវាគ្មិនកម្ពុជា ចូលរួមជាមួយវាគ្មិនឥណ្ឌូនេស៊ីផ្សព្វផ្សាយស្តីពី សុខភាពជូនដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ឥណ្ឌូនេស៊ី និងប្រជាជនកម្ពុជា។ ក្នុងនោះក៏មានការផ្សព្វផ្សាយសុខភាពមាតានិងទារកផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ម៉ាង ស៊ីណេត អភិបាលខេត្តស្តីទី  បានស្វាគមន៍ចំពោះការបើកព្រឹត្តិការណ៍ របស់ស្ថានទូតឥណ្ឌូនេស៊ី នៅលើទឹកដីតំបន់ឆ្នេរនៃខេត្តព្រះសីហនុ ហើយលោកនឹងយកសំណើររបស់លោក ឯកអគ្គ​រដ្ឋទូតឥណ្ឌូនេស៊ីទៅជំរាបជូនអភិបាលខេត្តព្រះសីហនុ តបតាមការស្នើសុំរបស់ស្ថានទូត ហើយរដ្ឋបាលខេត្តនឹងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវព្រឹត្តិការណ៍ពិព័រណ៍សុខភាព និងផលិតផលសុខភាពរបស់ឥណ្ឌូនេស៊ី នៅលើទឹកដីខេត្តព្រះសីហនុ និងសូមស្វាគមន៍ចំពោះអ្នកវិនិយោគិន និងប្រជាពលរដ្ឋឥណ្ឌូនេស៊ី ដែលកំពុងបំពេញការងារ រកស៊ីនៅក្នុងខេត្តព្រះសីហនុ។

លោកបន្តថា ខេត្តព្រះសីហនុ មានប្រជាពលរដ្ឋឥណ្ឌូនេស៊ី ធ្វើការនៅខេត្តព្រះសីហនុមានចំនួនច្រើន យើងខិតខំជួយសម្របសម្រួ​ល ទាក់ទងនឹងការបើកព្រឹត្តិការណ៍ នៅលើទឹកដីនៃខេត្តព្រះសីហនុ ស្របពេលដែលប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ីមានទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អរយៈពេល៦៥ឆ្នាំ និងមានប្រជាពលរដ្ឋឥណ្ឌូនេស៊ីចំនួន១១,៦៤៩នាក់ ស្រី២៤៨៨នាក់ ស្នាក់នៅតាមគោលដៅសណ្ឋាគារ កាស៊ីណូ ផ្ទះសំណាក់ ផ្ទះជួល ខុនដូ សហគ្រាស ។ល។ និងសុំឱ្យដំណើរទស្សនកិច្ច និងការស្នាក់នៅខេត្តព្រះសីហនុទទួលបានសុខសុវត្ថិភាព។

លោក អភិបាលខេត្តស្តីទី ក៏បានជំរាបជូនពីកត្តាភូមិសាស្ត្រ និងសក្តានុពលរបស់ខេត្តព្រះសីហនុ មានក្រុង២ ស្រុក៣ ស្មើនឹង២៩ឃុំ សង្កាត់ និងមាន១១១ភូមិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here