តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅព្រឹកថ្ងៃពុធនេះ ខណៈដែលអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលការសម្រេចចិត្តលើគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក(Fed)ក្នុងកិច្ចប្រជុំនៅថ្ងៃនេះតែម្តង។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៨ភាគរយដល់ត្រឹម២១៥៩,០១ដុល្លារ ក្នុងមួយអោន  ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,០៦%ដល់ត្រឹម២.១៦១ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:២៩នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញនេះ តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៤%ដល់២១៥១,៦៩ដុល្លារក្នុងមួយអោន ខណៈតម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានធ្លាក់ចុះ០,៤%ដូចគ្នា ដល់២១៥៤,៦០ដុល្លារក្នុងមួយអោន។

លោក Daniel Pavilonis អ្នកយុទ្ធសាស្រ្តទីផ្សារជាន់ខ្ពស់នៅក្រុមហ៊ុន RJO Futures បានលើកឡើងថា “តម្លៃមាសអាចប្រែប្រួល អាស្រ័យទៅលើការសម្រេចចិត្តលើអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Fed)”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍តម្លៃអ្នកផលិតរបស់អាមេរិក(PPI)បានកើនឡើង០,៦%ក្នុងខែកុម្ភៈ បើធៀបនឹងការរំពឹងទុកក្នុងរង្វង់០,៣% ស្របពេលមានការកើនឡើងនៃតម្លៃទំនិញដូចជាប្រេងសាំង និងអាហារ ដែលអាចបង្កឱ្យមានការភ័យខ្លាចថា អតិផរណាកំពុងកើនឡើងម្តងទៀត។

យោងតាមទិន្នន័យមួយផ្សេងទៀតបានបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) នៅអាមេរិក បានកើនឡើង០,៤% លើមូលដ្ឋានប្រចាំខែកាលពីខែកុម្ភៈ។ បើគិតលើមូលដ្ឋានប្រចាំឆ្នាំវិញ សន្ទស្សន៍នេះបានកើនឡើង៣,២% លើសពីការព្យាករណ៍ ដែលរំពឹងថា នឹងកើនឡើង៣,១%។

កាលពីថ្ងៃអង្គារម្សិលមិញ ធនាគារកណ្តាលជប៉ុន(BOJ) បានសម្រេចចិត្តកែប្រែគោលនយោបាយរូបិយវត្ថុរបស់ខ្លួន ដោយដំឡើងអត្រាការប្រាក់ពីក្នុងរង្វង់-០,១% ទៅ០,១%វិញ។

ចំណែក នៅថ្ងៃពុធនេះ ក្រុមអ្នកវិភាគរំពឹងថា ធនាគារកណ្តាលអាមេរិកនឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុរបស់ខ្លួន និងបន្តពន្យារពេលក្នុងការកាត់បន្ថយអត្រាការប្រាក់។

ស្របពេលជាមួយគ្នានេះ ទីផ្សារមើលឃើញឱកាសចំនួន៥៩ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ បើធៀបនឹងឱកាសជាង៧០ភាគរយ កាលពីដើមសប្តាហ៍មុន។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃ០,០១៩ភាគរយដល់១០៣,៨៧ពិន្ទុនៅថ្ងៃពុធនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,១៨ភាគរយដល់២៤,៩៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,០៥ភាគរយដល់៨៩៤,០៥ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,០៦%ដល់៩៩១,៤៥ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៣៣នាទីព្រឹកថ្ងៃពុធនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here