តម្លៃស្រូវប្រឈមនឹងការធ្លាក់ថ្លៃស្របពេលតម្លៃផលិតកម្មកើនឡើងជាបន្តបន្ទាប់

ដោយ: ម៉ាលីស

ភ្នំពេញ: តម្លៃស្រូវរបស់ប្រជាកសិករក្នុងរដូវខាងមុខនេះ ប្រឈមនឹងការធ្លាក់ថ្លៃស្របពេលតម្លៃផលិតកម្ម ក្នុងការផលិតបានកើនឡើងជាបន្តបន្ទាប់ ជាក់ស្ដែងដូចជាប្រេងឥន្ធនៈ ជីកសិកម្ម ជីមីគី ជាដើម ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី១២ មករា ២០២២នេះ ។

របាយការណ៍របស់ក្រសួងកសិកម្មចេញផ្សាយកាលពីពេលកន្លងទៅនេះថា នៅឆ្នាំ២០២១-២០២២ កម្ពុជាប្រមូលផលស្រូវបានជាង១២លានតោន ដែលមានការកើនឡើងប្រមាណ ១១,៦% បើធៀបនឹងឆ្នាំ២០២០។ ការនាំចេញស្រូវទៅប្រទេសជិតខាងបានរហូតដល់ចំនួន ៣,៥៣លានតោន មានការកើនឡើង ចំនួន ៦១,១៦% បើធៀបនឹងឆ្នាំ២០២០។

តម្លៃស្រូវមានការធ្លាក់ចុះបន្តិច បើធៀបនឹងឆ្នាំ២០២០ ដែលតម្លៃធ្លាក់ចុះនេះ មានគម្លាតគ្នាត្រឹមតែ ៥%ប៉ុណ្ណោះ បើប្រៀបធៀបទៅឆ្នាំ២០១៨ និង ឆ្នាំ២០១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការធ្លាក់ចុះតម្លៃស្រូវ គឺបណ្ដាលមកពីការរាតត្បាត ជាសកលនៃជំងឺកូវីដ-១៩ ដែលនាំឱ្យតម្លៃអង្ករលើទីផ្សារអន្តរជាតិធ្លាក់ចុះយ៉ាងគំហុក ជាពិសេសអង្ករក្រអូបបានធ្លាក់ ចុះពី ២០% ទៅ ២៥% ព្រមទាំងការកាត់បន្ថយទិញស្រូវពីបណ្តារោងម៉ាស៊ីនកិនស្រូវមួយចំនួន ដែលរងគ្រោះដោយ ការខាតបង់ដោយសារតម្លៃអង្ករក្រអូបនៅទីផ្សារអន្តរជាតិធ្លាក់ចុះ។

ទន្ទឹមនឹងការប្រឈមនេះដែរ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក៏បានដាក់ចេញនូវវិធាការចំនួន៣ គឺជំរុញឱ្យមន្ទីរកសិកម្ម ណែនាំកសិករពីបច្ចេទេសផលិតស្រូវឱ្យបានទិន្នផលខ្ពស់ អំពាវនាវដល់អាជ្ញាធរខេត្តទំនាក់ទំនង ជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ ជួយទិញស្រូវក្នុងតម្លៃសមរម្យ និង អំពាវនាវឲ្យម្ចាស់រោងម៉ាស៉ីនកិនស្រូវ ទិញស្រូវដោយផ្ទាល់ពីកសិករ ឬធ្វើកិច្ចសន្យាកសិកម្ម។

កសិករមួយចំនួនក៏បានលើកឡើងពីបញ្ហានេះដែរថា តាមពិតទៅទីផ្សារមិនជាបញ្ហាទេ ពោលមិនពិបាកក្នុងការរកអ្នកទិញ ប៉ុន្តែនៅពេលប្រមូលផលហើយ តម្លៃកសិកម្មតែងតែមានការធ្លាក់ចុះ ដោយឈ្មួញកណ្ដាលថាតម្លៃធ្លាក់ចុះ ។ ទោះជាយ៉ាងណាក៏កសិករនៅតែលក់កសិផលរបស់ខ្លួនទោះក្នុងតម្លៃទាបជាងមុនក្ដី ដើម្បីយកកម្រៃខ្លះមកដោះស្រាយជីវភាពនិងសងថ្លៃជី និងកម្លាំងពលកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here