រដ្ឋបាល​ចូ បៃ​ដិ​ន បានបញ្ចប់​ជម្លោះ​ក្រុមហ៊ុន​ផលិត​អាគុយធំៗរបស់​កូរ៉េខាងត្បូង​ចំនួន២

ដោយៈ​សុខុម

វ៉ាស៊ីនតោន:  ប្រភព​បាន​ទម្លាយ​ឱ្យដឹងថា ក្រុមហ៊ុន​ផលិត​អាគុយ​កូរ៉េខាងត្បូង LG Chem និង​ក្រុមហ៊ុន​កូរ៉េខាងត្បូង SK Innovation ដែលជា​គូប្រជែង​នឹង​គ្នា​បាន​ព្រមព្រៀង​ដោះស្រាយ​បញ្ចប់​ជម្លោះ​ការសម្ងាត់​ពាណិជ្ជកម្ម ដែល​បាន​គំរាមកំហែង​ដល់​រោង​ដ៏​សំខាន់​មួយ​នៅ​រដ្ឋ​ច​ច​ជា (Georgia) សហរដ្ឋអាមេរិក និង​គម្រោង​ផលិត​រថយន្ត​អគ្គិសនី (EV) របស់​ក្រុមហ៊ុន Ford Motor និង​ក្រុមហ៊ុន Volkswagen។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន CNA។

កាលពី​ថ្ងៃអាទិត្យ ទី១១ មេសា ជា​ឱសានវាទ​របស់​រដ្ឋកា​រលោក​ចូ បៃ​ដិ​ន តាមរយៈ​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក (USTR) ថា​តើ​ត្រូវ​ចាត់វិធានការ​ដ៏​កម្រ​ដើម្បី​កែប្រែ​សេចក្តីសម្រេច របស់​គណៈកម្មការ​ពា​ណិ​ជ្ជ​កម្ម​អន្តរជាតិ (ITC) របស់​សហរដ្ឋអាមេរិក ឬ​យ៉ាងណា ប្រសិនបើ​ក្រុមហ៊ុន​ទាំងនេះ មិន​ឈានដល់​ការព្រមព្រៀង​បញ្ចប់​ជម្លោះ​ទេនោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រភព​ដដែល​ឱ្យដឹងទៀតថា សេចក្ដីប្រកាស​អំពី​ដំណោះស្រាយ​របស់​ក្រុមហ៊ុន​ផលិត​អាគុយ​ខាងលើនេះ នឹងត្រូវ​ធ្វើឡើង​នៅពេលឆាប់។

កិច្ចព្រមព្រៀង​នេះ គឺជា​ជ័យជម្នះ​មួយ​សម្រាប់​ប្រធានាធិបតី ចូ បៃ​ឌិន ដែល​បានធ្វើឱ្យ​ការជំរុញ​ផលិត​រថយន្ត​អគ្គិសនី និង​ការផលិត​អាគុយ​របស់​សហរដ្ឋអាមេរិក ក្លាយជា​គោលនយោបាយ​អាទិភាព​កំពូល។ ឧស្សាហកម្ម​ផលិត​រថយន្ត​ទូទាំង​ពិភពលោក កំពុង​ប្រណាំងប្រជែង​គ្នា អភិវឌ្ឍ​រថយន្ត​អគ្គិសនី ហើយ​លោក ចូ បៃ​ដិ​ន ក៏បាន​ស្នើ​ថវិកា​រហូតដល់​ទៅ១៧៤ពាន់​លាន​ដុល្លារ ដើម្បី​បង្កើន​ការលក់​រថយន្ត​អគ្គិសនី និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​សាក​អាគុយ​រថយន្ត។

កិច្ចព្រមព្រៀង​នេះ បានបញ្ចប់​ជម្លោះ​ដ៏​ល្វីង​ជូរចត់​រយៈពេល២ឆ្នាំ រវាង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ នៃ​ក្រុមហ៊ុន​យក្ស​ទាំង២របស់​កូរ៉េខាងត្បូង។ បន្ទាប់ពី​ចាញ់​ក្រុមហ៊ុន SK Innovation នៅក្នុង​ការដណ្ដើម​កិច្ចព្រមព្រៀង​បញ្ជា​ទិញ​របស់​ក្រុមហ៊ុន Volkswagen ក្រុមហ៊ុន LG Chem បាន​ចោទប្រកាន់​ក្រុមហ៊ុន SK Innovation ថា​បាន​លួច​ការសម្ងាត់​ពាណិជ្ជក​ម្ម​របស់ខ្លួន តាមរយៈ​ការអូសទាញ​បុគ្គលិក​របស់ខ្លួន​ជិត៨០នាក់។

គណៈកម្មការ​ពាណិជ្ជក​ម្ម​អន្តរជាតិ កាលពី​ខែកុម្ភៈ បាន​គាំទ្រ​ក្រុមហ៊ុន LG Chem បន្ទាប់ពី​ក្រុមហ៊ុន​នេះ បាន​ចោទប្រកាន់​ក្រុមហ៊ុន SK Innovation ពីបទ​លួច​ការសម្ងាត់​អាថ៌​ពាណិជ្ជកម្ម ទាក់ទិន​បច្ចេកវិទ្យា​អាគុយ​រថយន្ត​អគ្គិសនី ហើយ​បានចេញ​បម្រាម​នាំចូល​រយៈពេល១០ឆ្នាំ ប៉ុន្តែ​អនុញ្ញាតឱ្យ​ក្រុមហ៊ុន SK Innovation នាំចូល​គ្រឿង​បង្គុំ​ផលិត​អាគុយ សម្រាប់​កម្មវិធី​រថយន្ត​អគ្គិសនី EV F-150 របស់​ក្រុមហ៊ុន Ford រយៈពេល៤ឆ្នាំ និង​រថយន្ត​អគ្គិសនី Volkswagen រយៈពេល២ឆ្នាំ។

ក្រុមហ៊ុន SK Innovation បាន​ប្តេជ្ញា​ដកខ្លួន​ចេញ ពី​រោងចក្រ​ផលិត​អាគុយ​តម្លៃ២,៦ពាន់​លាន​ដុល្លារ​របស់ខ្លួន ដែល​កំពុងស្ថិត​ក្រោម​កា​រ​សាងសង់ ប្រសិនបើ​សេ​ក្ដី​សម្រេច​របស់​គណៈកម្មកា​រ​ពាណិជ្ជកម្ម​អន្តរជាតិ មិន​ត្រូវបាន​កែប្រែ​ទេនោះ។

គណៈកម្មការ​ពាណិជ្ជក​ម្ម​អន្តរជាតិ ក៏បាន​បន្ទោស​ក្រុមហ៊ុន SK Innovation ផងដែរ​ចំពោះ “ការប្រព្រឹត្ត​ខុស​ធ្ងន់ធ្ងរ” និង​ការ​បំផ្លាញចោល​ឯកសារ​នានា ក្រោម​បញ្ជា​របស់​នាយក​ប្រតិបត្តិ។

ទោះជា​យ៉ាងណា ក្រុមហ៊ុន Ford ក្រុមហ៊ុន Volkswagen ក្រុមហ៊ុន LG Chem និង​ក្រុមហ៊ុន SK Innovation បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ​ជុំវិញ​ករណីនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here