មហា​យក្ស​ចិន មាន​មហិច្ឆតា​បង្កើត​ទីផ្សារ​រូបិយប័ណ្ណ​បរទេស​ក្នុងស្រុក​ដ៏​រឹងមាំ​មួយ​ដើម្បី​ជួយ​ជំរុញ​ការ​ចរាចរ​រូបិយប័ណ្ណ​យ័ន លើ​ទីផ្សារ​អន្តរជាតិ

ដោយ សុខុម

ហុងកុង:  មហា​យក្ស​ចិន មាន​មហិច្ឆតា​បង្កើត​ទីផ្សារ​រូបិយប័ណ្ណ​បរទេស​ក្នុងស្រុក​ដ៏​រឹងមាំ​មួយ​ដើម្បី​ជួយ​ជំរុញ​ការ​ចរាចរ​រូបិយប័ណ្ណ​យ័ន ឱ្យ​កាន់តែ​ទូលំទូលាយ​នៅលើ​ទីផ្សារ​អន្តរជាតិ ហើយ​ការចាប់ផ្ដើម​បង្កើត​កិច្ចសន្យា​ទិញដូរ​រូបិយប័ណ្ណ​មួយ​សម្រាប់​វិនិយោគិន​ក្នុងស្រុក នឹង​ជួយ​ព​ន្លឿ​ន​របៀបវារៈ​របស់​ក្រុម​អ្នកធ្វើ​គោលនយោបាយ​នៃ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន South China Morning Post ចុះផ្សាយ​កាលពី​ថ្ងៃទី៧ មេសា។

តាមរយៈ​ព្រឹត្តិបត្រ​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ ទី៦ មេសា ក្រុម​អ្នកស្រាវជ្រាវ​នៅ​ធនាគារ​ប្រជាជន​ចិន (People’s Bank of China) ហៅ​កាត់ PBOC ដែលជា​ធនាគារកណ្តាល​របស់​មហា​យក្ស​ចិន បានស្នើ​ឱ្យ​បង្កើត​ទីផ្សារ​ទិញដូរ​រូបិយប័ណ្ណ​យ័ន មួយ​នៅក្នុង​ប្រទេស​ចិន ដើម្បី​ជួយ​វិនិយោគិន​ការពារ​ខ្លួន​ឱ្យបាន​កាន់តែ​ប្រសើរ​ពី​ហានិភ័យ​រូបិយប័ណ្ណ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចសន្យា​ទិញដូរ​នេះ​នឹង​អនុញ្ញាតឱ្យ​វិនិយោគិន​ទិញ ឬ​ដូរ​រូបិយប័ណ្ណ​យ័ន ក្នុង​ចំនួន​ជាក់លាក់​ណាមួយ​តាម​តម្លៃ​ដែល​បានកំណត់​នៅពេល​វេលា​ជាក់លាក់​ណាមួយ​នាពេល​អនាគត។ កត្តា​នេះ​នឹង​អនុញ្ញាតឱ្យ​វិនិយោគិន​ធ្វើ​កិច្ចសន្យាជាក់លាក់​លើ​អត្រា​ប្ដូរប្រាក់​មួយ ដើម្បី​ធានា​ដល់​ការធ្វើ​ប្រតិបត្តិការ​អាជីវក​ម្មនា​ពេលអនាគត និង​ការពារ​ហានិភ័យ ពេលដែល​ថ្លៃ​រូបិយប័ណ្ណ​ចិន មួយ​នេះ​ឡើងចុះៗជា​បណ្ដោះអាសន្ន​មួយរយៈ​ពេល​ខ្លី។ វា​ក៏​នឹង​ធ្វើឱ្យ​វិនិយោគិន​អាច​ប៉ាន់​ស្មានដឹង​អំពី​តម្លៃ​រូបិយប័ណ្ណ​នេះ​នៅពេល​អនាគត​ផងដែរ។

ផ្សារភាគហ៊ុន​ក្រុង​ហុងកុង ផ្សារភាគហ៊ុន​សិង្ហ​បុរី និង​ផ្សារភាគហ៊ុន​សហរដ្ឋអាមេរិក Chicago Mercantile Exchange ផ្ដល់​កិច្ចសន្យា​ទិញដូរ​រួចហើយ​សម្រាប់​ការជួញដូរ​រូបិយប័ណ្ណ​យ័ន នៅ​ឯនាយសមុទ្រ។ ផ្សារភាគហ៊ុន​ក្រុង​ហុងកុង គ្រោង​ចាប់ផ្តើម​បង្កើត​កិច្ចសន្យា​ទិញដូរ “តូច” មួយ​នៅក្នុង​ឆមាស​ទី១ ដើមឆ្នាំ២០២១ នេះ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​តូចចង្អៀត​ដែលមាន​អ្នកចូលរួម​តិច។ ទោះជា​យ៉ាងណា បណ្ដា​វិនិយោគិន​ចិន ក្នុងស្រុក​មិនទាន់​ត្រូវបាន​អនុញ្ញាតឱ្យ​ទិញដូរ​ឧបករណ៍​ហិរញ្ញវត្ថុ (Financial Instrument) បរទេស​នៅឡើយ​ទេ ប៉ុន្តែ​រដ្ឋាភិបាល​បង្ហើប​ថា ខ្លួន​កំពុង​ពិចារណា​អនុញ្ញាតឱ្យ​ពួកគេ​ទិញដូរ។

ព្រឹត្តិបត្រ​របស់​ធនាគា​រ​កណ្តាល​ចិន ដែល​សរសេរ​ដោយ​អ្នកស្រាវជ្រាវ Lei Yao និង Han Xintao នេះ​បាន​រកឃើញថា​មាន​ទំនាក់ទំនង​នឹង​គ្នា​យ៉ាង​ទូលំទូលាយ​រវាង​អត្រា​ប្តូរប្រាក់​ក្នុង​ទីផ្សារ​ចិនដីគោក និង​អត្រា​ប្តូរប្រាក់​នៅ​ឯនាយសមុទ្រ​ដូចជា​ក្រុង​ហុងកុង ទីក្រុង​ឡុង​ដ៍ និង​ប្រទេស​សិង្ហ​បុរី ជាដើម។

ធនាគារកណ្ដាល​មួយ​នេះ​បាន​ចូលរួម​អំពាវនាវ​ឱ្យ​សាងសង់ “មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​រូបិយប័ណ្ណ​យ័ន​ជាស​កល” (Global Yuan Financial Centre) មួយ​នៅ​ក្រុង​សៀង​ហៃ ដែលជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​មហា​យក្ស​ចិន ផងដែរ។ ការបង្កើត​មជ្ឈមណ្ឌល​ក្នុងស្រុក​មួយ​សម្រាប់​ការ​ទិញដូរ​រូបិយប័ណ្ណ​យ័ន គឺ​ស្របទៅនឹង​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​ជំរុញ​ធ្វើយ៉ាងណា​ឱ្យ​ប្រទេស​នេះ​កាន់តែ​ឯករាជ្យ​ម្ចាស់ការ​លើ​ខ្លួនឯង​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់ នៃ​ការគំរាមកំហែង​ពី​ខាងក្រៅ។

ទោះជា​យ៉ាងណា កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅក្នុង​ការជំរុញ​ឱ្យមាន​ការប្រើប្រាស់​រូបិយប័ណ្ណ​យ័ន របស់ខ្លួន​កាន់តែច្រើន​នៅ​បរទេស មាន​សន្ទុះ​រីកចម្រើន​យឺតយ៉ាវ​ណាស់ ហើយ​នៅតែ​ចាញ់​រូបិយប័ណ្ណ​ដុល្លារ​អាមេរិក ឆ្ងាយ​ដាច់ ទោះបីជា​រូបិយប័ណ្ណ​ដុល្លារ​ធ្លាក់ចុះ​ចំណែក​ទីផ្សារ​ទូទាត់​ទូទាំង​ពិភពលោក និង​ទុនបម្រុង​អន្តរជាតិ (Foreign Exchange Reserves) ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ក្ដី៕

LEAVE A REPLY

Please enter your comment!
Please enter your name here