ហាង​ទំនិញ 7-Eleven ដ៏​ល្បីឈ្មោះ​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ចំនួន ២កន្លែង​នៅ​ទីក្រុង​ភ្នំពេញ

ដោយៈ សាវុធ

ភ្នំពេញៈ ហាង​ទំនិញ 7-Eleven ដ៏​ល្បីឈ្មោះ​ត្រូវបាន​មើលថា កំពុងបើក​ការដ្ឋាន​សាងសង់​នៅ​ទីតាំង២កន្លែង ក្នុង​ក្រុងភ្នំពេញ ដោយមាន​ការ​សរសរ​នៅមុខ​ការដ្ឋាន​ថា “ជួបគ្នា​ទីនេះ ក្នុងពេលឆាប់” ។

ទីតាំង១របស់​ហាង​ទំនិញ 7-Eleven ត្រូវបាន​គេ​ឃើញថា ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ជា​លេខ៥ ព្រែក​ព្នៅ ខណៈ​ទីតាំង​មួយទៀត ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ជា​លេខ៦ ម្ដុំ​ព្រែកលាប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាម​ការប្រកាស​របស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ 7-Eleven Cambodia បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ឆ្នាំ២០២០ ប្រទេស​ចំនួន៣ ដែលមាន​សាខា 7-Eleven ច្រើនជាងគេ រួមមាន​ប្រទេស​ជប៉ុន២១,០០១ហាង ប្រទេស​ថៃ១២,៣២២ហាង និង​ប្រទេស​កូរ៉េ១០,០១៦ហាង។

បច្ចុប្បន្ននេះ 7-Eleven បាន​ដំណើរការ​នៅ១៨ ប្រទេស​រួចមកហើយ ហើយ​កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ទី១៩ ដែលមាន​ហាង 7-Eleven បើក​ដំណើរការ​នៅក្នុង​ឆ្នាំ២០២១នេះ។

ក្រុមហ៊ុន CP All Plc ដែល​បាន​ចុះបញ្ជី​នៅ​ថៃ បានប្រកាស​អំពី​ផែនការ​បើកហាង​ទំនិញ​ខ្នាតតូច​ចំនួន៧០០កន្លែង​នៅ​កម្ពុជា។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ផ្សា​រមូល​ប​ត្រ​ថៃ (SET) បានចេញ​ផ្សាយ​កាលពីពេលថ្មីៗនេះ។ ក្រុមហ៊ុន CPALL ទទួលបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មេ ដើម្បី​បើកហាង​នៅ​ឡាវ និង​កម្ពុជា។

របាយការណ៍​ដដែល​នេះ​បាន​ឲ្យ​ដឹងថា “ផ្អែក​តាម​ការស្ទង់មតិ​ទីផ្សារ និង​ការប៉ាន់ប្រមាណ​បឋមរ​បស់​ក្រុមហ៊ុន គឺ​នឹង​បើកហាង​នេះ ឲ្យ​បាន​ចំនួន​ហាង៧០០កន្លែង​នៅ​កម្ពុជា និង​ចំនួន​ហាង៥០០កន្លែង​នៅ​ឡាវ គ្រោង​នឹង​បើក​នៅពេល​ខាងមុខ” ។

ក្រុមហ៊ុន​ថៃ​នេះ គ្រោង​បើកហាង​ទំនិញ​នៅ​កម្ពុជា ក្នុង​ឆ្នាំ២០២១ ដែលមាន​រយៈពេល៣០ឆ្នាំ ហើយ​អាច​បន្តបាន២០បន្ថែមទៀត។ ការ​ចូលមក​វិនិយោគ​នេះ ក្រសួងពាណិជ្ជកម្ម​អះអាងថា មិន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ហាង​ទំនិញ​នៅ​កម្ពុជា​ឡើយ។

លោក​ស៊ា​ង ថៃ​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ធ្លាប់បាន​លើកឡើងថា ក្រុមហ៊ុន CP ALL គ្រោង​នឹង​បើកហាង​ទំនិញ7-Eleven ពី៧០០ទៅ១០០០សាខា​នៅ​ទូទាំងប្រទេស​កម្ពុជា ក្នុង​រយៈពេល៥ឆ្នាំ​ដំបូង។ ជំហាន​បន្ទាប់​ក្រុមហ៊ុន​នេះ នឹង​បើក​លក់​ហ្វ្រេ​ន​ឆាយ 7-Eleven ដល់​អ្នកជំនួញ​ក្នុងប្រទេស​កម្ពុជា។ ក្រុមហ៊ុន CP ALL បាន​បោះទុន​តម្កល់​ជាង៥ពាន់​ដុល្លារ ក្នុងការ​ចុះបញ្ជី​ពាណិជ្ជកម្ម​នៅ​ក្រសួង។

អ្នកនាំពាក្យ​រូបនេះ​បាន​អះអាងថា គម្រោង​នេះ គឺ​មិន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​អ្នកលក់​ទំនិញ​នៅ​កម្ពុជា​ឡើយ។ លោក​បាន​បន្ថែមថា វា​ជាការ​បង្កើន​ទំហំ​សេដ្ឋកិច្ចកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here