IMF បញ្ជាក់ថា​ទុនបម្រុង​អន្តរជាតិ​របស់​កម្ពុជា​អាច​ធានា​ដល់​ការ​នាំចូល​ទំនិញ និង​សេវា​បាន១១ខែ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បានបញ្ជាក់​កាល​ម្សិលមិញ​ថា ទុនបម្រុង​អន្តរជាតិ​របស់​កម្ពុជា ត្រូវបាន​គរ​ពូន​ជា​លំដាប់ ដែល​អាច​ធានា​ការ​នាំចូល​ទំនិញ និង​សេវា​បាន១១ខែ ដែល​រួមចំណែក ក្នុង​ការរក្សា​ស្ថិរភាព​ថ្លៃ និង​តុល្យភាព​ម៉ាក្រូសេដ្ឋកិច្ច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

IMF ក៏បាន​ព្យាករ​ដែរ​ថា សេដ្ឋកិច្ចកម្ពុជា​នឹង​កើន​ពី-៣.៥ភាគរយ ក្នុង​ឆ្នាំ២០២០ ដល់៤.២ភាគរយ​ក្នុង​ឆ្នាំ២០២១ ។ ដូចគ្នា​នឹង​បណ្ដា​ប្រទេស​ជុំវិញ​ពិភពលោក សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ២០២០ ជួបប្រទះ​កំណើន​អវិជ្ជមាន​ដោយសារ​ឥទ្ធិពល​នៃ​ជំងឺ​កូ​វីដ១៩ ។

ការព្យាករណ៍​របស់ IMF ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ជាន់ខ្ពស់ រៀបចំ​ដោយ​នាយកដ្ឋាន​អាស៊ី​ប៉ាស៊ីហ្វិក នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ក្នុងអំឡុង​កិច្ចប្រជុំ​នា​ទិ​ឃ​រដូវ​ប្រចាំឆ្នាំ២០២១ របស់​មូល​ធិ​និ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោក តាមរយៈ​ប្រព័ន្ធ​អន​ឡាញ។ ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​លោកស្រី​នាវ ច័ន្ទ​ថា​ណា​ទេសាភិបាលរង​ធនាគារជាតិ នៃ​កម្ពុជា​ផងដែរ។

យោងតាម IMF បាន​បញ្ជាក់ថា “ទោះយ៉ាងណា​អត្រា​អតិផរណា​កម្ពុជា ស្ថិតក្នុង​កម្រិត​ទាប​ប្រមាណ២.៩ភាគរយ អត្រា​ប្តូរប្រាក់​ប្រែប្រួល ក្នុង​កម្រិត​ទាប​ជាង១ភាគរយ ស្រប​ពេលដែល​ទុនបម្រុង​អន្តរជាតិ ត្រូវបាន​គរ​ពូន​ជា​លំដាប់​ដែល​អាច​ធានា ការ​នាំចូល​ទំនិញ និង​សេវា​បាន១១ខែ​ដែល​រួមចំណែក ក្នុង​ការរក្សា​ស្ថិរភាព​ថ្លៃ និង​តុល្យភាព​ម៉ាក្រូសេដ្ឋកិច្ច” ។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ក៏បាន​ព្យាករ​ថា សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី នឹងមាន​ភាពប្រសើរឡើង ដោយ​កំណើន​នឹង​កើន​ពី-១.៥ភាគរយ​នៅ​ឆ្នាំ២០២០ ដល់៧.៦ភាគរយ​នៅ​ឆ្នាំ២០២១ ដោយសារ​កំណើន​តម្រូវការ​ប្រើប្រាស់ និង​ការវិនិយោគ​ក្នុង​វិស័យ​ឯកជន។

កិច្ចប្រជុំ​ជាន់ខ្ពស់​រៀបចំ ដោយ​នាយកដ្ឋាន​អាស៊ី​ប៉ាស៊ីហ្វិក នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ក្នុង​គោលបំណង​ផ្តល់ឱកាស ដល់​តំណាង​ប្រទេស​សមាជិក តំបន់​អាស៊ី​ប៉ាស៊ីហ្វិក អាច​ពិភាក្សា​និង​ផ្លាស់ប្តូរ​យោបល់​ពាក់ព័ន្ធ និង​ទស្សនវិស័យ​សេដ្ឋកិច្ច​ក្នុង​តំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here