លំហូរ FDI ពី​កូរ៉េខាងត្បូង និង​ជប៉ុន​ចូល​ម៉ាឡេស៊ី​កើន​ដល់​ទំហំ​ទឹកប្រាក់​រហូតដល់៣,៩ពាន់​លាន​ដុល្លារ​នៅ​ដើមឆ្នាំ​នេះ

ដោយៈ​សុខុម

គូ​ឡា​ឡាំ​ពួ: លំហូរ​ទុនវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) ចូល​ប្រទេស​ម៉ាឡេស៊ី​ពី​សំណាក់​វិនិយោគិន​កូរ៉េ ជប៉ុន បានធ្វើ​ឲ្យ​ប្រទេស​នេះ​ទទួលបាន​ទុនវិនិយោគ​រហូតដល់​ជិត៤០០០លាន​ដុល្លារ​អាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

 ប្រទេស​ម៉ាឡេស៊ី បានប្រកាស​ថ្ងៃ​ពុធ ទី៧ មេសា​ថា ខ្លួន​ទទួលបាន​កិច្ចព្រមព្រៀង​វិនិយោគ​ពី​ប្រទេស​កូរ៉េខាងត្បូង និង​ប្រទេស​ជប៉ុន ក្នុង​ទំហំ​ទឹកប្រាក់​រហូតដល់​ទៅ៣,៨៩ពាន់​លាន​ដុល្លារ​អាមេរិក និង​ការទិញ​ទំនិញ​នាំចេញ​របស់​ម៉ាឡេស៊ី ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ២៣៨លាន​ដុល្លារ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន CNA។

ប្រទេស​ម៉ាឡេស៊ី​បានបង្ហាញ​សុទិដ្ឋិនិយម​ថា នឹង​អាច​ទាក់ទាញ​ការវិនិយោគ​បរទេស​បាន​បន្ថែមទៀត​នៅ​ឆ្នាំនេះ ក្រោយ​ការវិនិយោគ​បរទេស​នៅក្នុង​ប្រទេស​នេះ បាន​ដាំ​ក្បាល​ចុះ​ខ្លាំង​ក្នុង​ឆ្នាំ២០២០ ។ នៅក្នុង​របាយការណ៍​ខែមករា ដើមឆ្នាំ​នេះ សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍន៍ (United Nations Conference on Trade and Development) បាន​លើកឡើងថា ការវិនិយោគ​ផ្ទា​ល់ពី​បរទេស (FDI) ចូលក្នុង​ប្រទេស​នេះ បាន​ធ្លាក់ចុះ​រហូតដល់​ទៅ៦៨%កាលពី​ឆ្នាំមុន ដែលជា​ការធ្លាក់ចុះ​ដ៏​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍។

ធនាគារពិភពលោក (World Bank) ក៏បាន​លើកឡើង​ដែរ​ថា ក្រៅពី​ផលប៉ះពាល់​ដែល​បង្ក​ដោយសារ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ការធ្លាក់ចុះ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​នៅក្នុង​ប្រទេស​នេះ​មួយអន្លើរ ក៏ដោយ​សារ​បញ្ហា​គោលនយោបាយ និង​បញ្ហារ​ចនាស ម្ព័​ន្ធ​ដ៏​អូសបន្លាយ​ផងដែរ។

កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​កូរ៉េខាងត្បូង និង​ប្រទេស​ជប៉ុន នេះ​សម្រេចបាន នៅពេល​លោក Mohamed Azmin Ali រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​អន្តរជាតិ​នៃ​ប្រទេស​ម៉ាឡេស៊ី បានបញ្ចប់​បេសកកម្ម​ពាណិជ្ជកម្ម រយៈពេល​មួយ​សប្តាហ៍​របស់លោក​ទៅ​ប្រទេស​ទាំងពីរ​កាលពី​ថ្ងៃ​អង្គារ ទី៦ មេសា។

តាមរយៈ​សេចក្តីថ្លែងការណ៍​មួយ ក្រសួង​នេះ​បាន​លើកឡើងថា “បេសកកម្ម​នេះ​ដែលជា​លើកដំបូង​សម្រាប់​ឆ្នាំនេះ មាន​សារៈសំខាន់​ណាស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​របស់​ក្រសួង ដើម្បី​នាំ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​ចូលក្នុង​ប្រទេស​ម៉ាឡេស៊ី” ។

ក្រសួង​បាន​បន្ថែមទៀតថា ក្រុមហ៊ុន​កូរ៉េខាងត្បូង បាន​ប្តេជ្ញា​បោះទុន​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ជិត១,៨ពាន់​លាន​ដុល្លារ នៅក្នុង​ប្រទេស​ម៉ាឡេស៊ី និង​ទិញ​ផលិតផល​នាំចេញ​របស់​ម៉ាឡេស៊ី ក្នុង​ទំហំ​ទឹកប្រាក់១៧លាន​ដុល្លារ។ ចំណែកឯ​ក្រុមហ៊ុន​ជប៉ុន បាន​ព្រមព្រៀង​បោះ បោះទុន​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់២,២ពាន់​លាន​ដុល្លារ និង​ទិញ​ផលិតផល​នាំចេញ​របស់​ម៉ាឡេស៊ី ក្នុង​ទំហំ​ទឹកប្រាក់២២២លាន​ដុល្លារ។

ក្រសួង​នេះ​បាន​គូសបញ្ជាក់​បន្ថែមថា កិច្ចព្រមព្រៀង​ទាំងនេះ រួមទាំង​ការវិនិយោគ២៤២លាន​ដុល្លារ​ពី​ក្រុមហ៊ុន Nippon Electric Glass ដើម្បី​ផលិត​ក្រណាត់​សរសៃ​កញ្ចក់ (glass fibre) សម្រាប់​វិស័យ​រថយន្ត សំណង់ និង​ថាមពល​ផងដែរ។

ទោះជា​យ៉ាងណា ក្រសួង​មិន​បញ្ជាក់​លម្អិត​ថា តើ​ការបោះ​ទុនវិនិយោគ​នេះ​នឹង​ធ្វើឡើង​ជាក់ស្ដែង​នៅពេល​ជាក់លាក់​ណាមួយ​នោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here