ក្រុមហ៊ុន​យក្ស​ជប៉ុន Hitachi ទិញយក​ក្រុមហ៊ុន​មួយ​ក្នុងតម្លៃ​ជិត១០ពាន់​លាន​ដុល្លារ​ដើម្បី​ហក់​ចូលប្រឡូក​ក្នុង​អាជីវកម្ម​សូ​ហ្វ​វែ​រ

ដោយៈ​សុខុម

តូ​ក្យូ: យោងតាម​សារព័ត៌មាន The Wall Street Journal ចុះផ្សាយ​កាលពី​ថ្ងៃទី៥ មេសា ឱ្យដឹងថា ក្រុមហ៊ុន​យក្ស​ជប៉ុន Hitachi Ltd បាន​បោះទុន​រហូតដល់​ទៅ៩,៦ពាន់​លាន​ដុល្លារ ទិញយក​ក្រុមហ៊ុន​វិស្វកម្ម​ឌីជីថល​របស់​សហរដ្ឋ​អាមេរិក GlobalLogic Inc ដើម្បី​ហក់​ចូលប្រឡូក​ក្នុង​អាជីវកម្ម​សូ​ហ្វ​វែ​រ (Software) ។

ក្រុមអ្នកវិភាគ​មើលឃើញថា ក្រុមហ៊ុន​យក្ស​ជប៉ុន​មួយ​នេះ ដើរ​តាម​គន្លង​ក្រុមហ៊ុន​ហាដវែរ (Hardware) ចាស់គំរឹលផ្សេងៗទៀត ដែល​កំពុង​ងាក​មក​វិនិយោគ​លើ​ការអភិវឌ្ឍ​សូ​ហ្វ​វែ​រ​សហគ្រាស ដែលមាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយមាន​ឈ្មោះ​ល្បី​រន្ទឺ​ជាច្រើន​ទសវត្សរ៍​មកហើយ ខាង​ផលិត​ទូរទស្សន៍ ម៉ាស៊ីន​ថត​វីដេអូ និង​អាគុយ ក្រុមហ៊ុន Hitachi Ltd បានសម្រេច​ចិត្ត​ហក់​ចូលក្នុង​វិស័យនេះ​ដោយ​ឥត​ព្រាងទុក ខណៈ​វិធានការ​រឹតបន្តឹង​នានា ដើម្បី​ទប់ស្កាត់​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ បាន​ជំរុញ​ឱ្យ​ឧស្សា​កម្ម​ទាំងអស់ ផ្លាស់ប្ដូរ​ទម្រង់​អាជីវកម្ម​របស់ខ្លួន ទៅ​ឌីជីថល​កាន់តែ​ឆាប់រហ័ស​ដោយ​មិន​នឹកស្មាន​ដល់។

លោក Gajen Kandiah នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល Hitachi Vantara ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Hitachi Ltd បាន​ថ្លែងថា ក្រុមហ៊ុន​សង្ឃឹមថា នឹង​អាច​ប្រើប្រាស់​ជំនាញ​វិស្វកម្ម​របស់​ក្រុមហ៊ុន GlobalLogic ផ្នែក​ផលិត ថាមពល និង​វិស័យ​ផ្សេងទៀត ដើម្បី​ពង្រីក​ខ្លួន​ទៅកាន់​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក។

លោក​បញ្ជាក់ថា “ជា​អកុសល ដូច​អ្នក​ទាំងអស់គ្នា​បានឮ​រួចមកហើយ​ថា មានតែ​ក្រុមហ៊ុន​មួយចំនួន​តូច​ប៉ុណ្ណោះ ដែល​កំពុង​បង្កើន​ការប្រើប្រាស់​ទិន្នន័យ គឺ​មិនមែន៩៩%នោះទេ” ។

សេវាកម្ម​ឌីជីថល និង​ការវិភាគ​ទិន្នន័យ បាន​ក្លាយជា​គុណប្រយោជន៍​ប្រកួតប្រជែង​ដ៏​លេចធ្លោ សម្រាប់​ក្រុមហ៊ុន​ជាច្រើន អំឡុងពេល​ឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ខណៈ​ស    ង្វា​ក់​ផ្គត់ផ្គង់​ទូទាំង​ពិភពលោក មាន​បញ្ហា​រាំងស្ទះ ហើយ​បុគ្គលិក​ក្រុមហ៊ុន និង​អតិថិជន​ទំនាក់ទំនង​គ្នា​តាម​អន​ឡាញ។

ក្រុមហ៊ុន GlobalLogic មាន​បុគ្គលិក​ជាង២០.០០០នាក់ នៅក្នុង​ប្រទេស​ជាច្រើន​ដូចជា​ឥណ្ឌា អឺរ៉ុប និង​សហរដ្ឋអាមេរិក ដើម្បី​ជួយ​ក្រុមហ៊ុន​នានា​លើ​គម្រោង​ឌីជីថល​បែបនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here