តើ​ប្រព​ន្ធ័ Online Service របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ផ្តល់​ភាពងាយស្រួលដល់​អ្នកប្រើប្រាស់​ដូចម្តេច?

ដោយៈ សាវុធ

ភ្នំពេញៈ ក្រុម​ភ្នាក់ងារ​ពន្ធដារ (Tax Agent) និង​អ្នក​ជាប់ពន្ធផ្សេងៗ ដែលជា​អ្នកប្រើប្រាស់​ប្រព័ន្ធ Online បង្កើត​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ សុទ្ធតែ​បានលើកឡើង​ពី​ភាពងាយស្រួល ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ Online Service របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ជាពិសេស​ប្រព័ន្ធ​ចាត់ចែង លិខិត​ប្រកាស​បង់ពន្ធ​ប្រចាំខែ និង​បង់ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ (Monthly Tax and ToI E-Filing)។

អ្នក​បង់ពន្ធ និង​អ្នកផ្ដល់​សេវា​ខាង​ផ្នែក​ពន្ធដារ រំពឹង​ជឿជាក់ថា អគ្គនាយកដ្ឋាន​ពន្ធដា​រ​នឹង​បន្ត​អភិវឌ្ឍ​កម្មវិធី​បង់ពន្ធ ឲ្យ​កាន់តែ​ងាយស្រួល​ថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​គង់ វិបុល​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​បាន​ថ្លែងថា កត្តា​ដែល​រៀបចំ​ឱ្យប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​នេះ គឺជា​ការពង្រឹង​នូវ​ផ្នែក​អភិ បាល​កិច្ច​ល្អ និង​តម្លាភាព ឈានទៅរក​រដ្ឋបាល​កិច្ច​ល្អ។ ដូច្នេះ​និរន្តរភាព​នៃ​ចំណូល ក៏ដូចជា​កំណើន​ចំណូល​នៅ​បន្ត​មាន កត្តា​សំខាន់ គឺ​ដោយសារ​ការពង្រឹង​អភិបាលកិច្ច​ល្អ។

លោក​បាន​បន្តទៀតថា “ក្នុង​កាលៈទេសៈ​លំបាក ដែលមាន​វិបត្តិ​សេដ្ឋកិច្ច​បណ្តា​លពី​ផលប៉ះពាល់​របស់ Covid-19 បើ​មិនមាន​ការរៀបចំ​នូ​វប្រ​ព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ដោយ​ស្មារតី​បុ​រេ​សកម្ម និង​បាន​ទាន់ពេលវេលា​ដូច​ពេលនេះ​ទេ គឺ​ចំណូល​ប្រហែលជា​លំបាក ក្នុងការ​គ្រប់គ្រង និង​ប្រមូល​ចំណូល​ពន្ធ” ។

នេះ​ជា​ការវិវត្ត​ថ្មី​មួយ សម្រាប់​រូបលោក​នឹង​បន្ត​ការអភិវឌ្ឍ ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ឲ្យ​ស្របតាម​តម្រូវការ​អ្នកប្រើប្រាស់ (User Experiences and User Friendly) ដែល​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី តែងតែបាន​លើក និង​ណែនាំ​ឲ្យ​មន្ត្រីរាជការ​ដូចជា​ថ្នាក់ដឹកនាំ នៅក្នុង​រាជរដ្ឋាភិបាល​ពង្រឹង​សេវា​ដល់​ប្រជាជន និង​អ្នក​បង់ពន្ធ​ឲ្យ​កាន់តែ​ប្រសើរឡើង ធ្វើយ៉ាងណា​ឲ្យ​ងាយស្រួល​ក្នុងការ​បង់ពន្ធ។

លោក​គង់ វិបុល​បាន​ថ្លែងថា “ខ្ញុំបាទ​នឹង​បន្ត​ការខិតខំ​ប្រឹងប្រែង អភិវឌ្ឍ​នៅ​កម្មវិធី​បច្ចេកវិទ្យា​ព័ត៌មាន IT ថែមទៀត ដើម្បី​ឲ្យ​សេវា​បង់ពន្ធ​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់” ។

លោក​បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​ប្រកាន់​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍ រាជរដ្ឋាភិបាល​ក្នុង​ការបង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ១៩ ដោយ​កាត់បន្ថយ​វត្តមាន​មន្ត្រី៩០ភាគរយ និង​មាន​រៀបចំ​មន្ត្រី​ឆ្លាស់​វេន​គ្នា​បំពេញការងារ និង​បាន​ចាត់​ឲ្យ​មានការ​បំពេញការងារ​ពី​ផ្ទះ ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​ធានាបាន​នូវ​និរន្តរភាព​ការងារ គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​ជូន​រដ្ឋ និង​ការផ្តល់សេវា​ជូន​អ្នក​ជាប់ពន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here