ដោយ សុខុម
ហ្សាការតា: លោក Erick Thohir រដ្ឋមន្ត្រីទទួលបន្ទុកសហគ្រាសគ្រប់គ្រងដោយរដ្ឋនៃប្រទេសឥណ្ឌូណេស៊ី បានប្រកាសកាលពីថ្ងៃសុក្រ ទី០២ មេសា ថា សមាគមសហគ្រិនរបស់មហាយក្សចិន បានសន្យាបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់រហូតដល់ទៅ ៥ ពាន់លានដុល្លារអាមេរិក នៅក្នុងការបណ្ដាក់ទុនរួមគ្នាដើម្បីសាងសង់រោងចក្រផលិតអាគុយអគ្គិសនី ហើយក្នុងនោះក៏រួមមានទាំងក្រុមហ៊ុនផលិតអាគុយចិន Contemporary Amperex Technology (CATL) ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Markets។
លោក Erick Thohir បានលើកឡើងបែបនេះអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន។ លោកបានបញ្ជាក់ថា នៅក្នុងកិច្ចព្រមព្រៀងមួយ ក្រុមហ៊ុន CATL នឹងបោះទុនវិនិយោគទឹកប្រាក់ ៥ ពាន់លានដុល្លារអាមេរិក នៅក្នុងការវិនិយោគរួមគ្នាដើម្បីសាងសង់រោងចក្រផលិតអាគុយ Lithium មួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយនឹងចាប់ផ្តើមដំណើរការផលិតនៅឆ្នាំ២០២៤។
មជ្ឈដ្ឋានទូទៅសង្កេតឃើញថា ក្រោយប្រធាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន ស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ដើមឆ្នាំ២០២១ មក មហាយក្សចិន ហាក់ប្រឹងប្រែងកាន់តែខ្លាំងនៅក្នុងការពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន ទាំងផ្នែកការទូត និងសេដ្ឋកិច្ចដើម្បីប្រជែងឥទ្ធិពលជាមួយសហរដ្ឋអាមេរិក។
តួយ៉ាង លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះថា ប្រទេសចិន សង្ឃឹមថានឹងពង្រឹងទំនាក់ទំនងជុំវិញស្ថានការណ៍ថ្នាក់តំបន់ និងអន្តរជាតិជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន តាមរយៈដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងនោះ។
ហើយជាលទ្ធផល រដ្ឋមន្ត្រីការបរទេសអាស៊ាន ចំនួន ៤ រូបរួមមានមកពីប្រទេសសិង្ហបុរី ប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន រយៈពេល ៣ ថ្ងៃដោយចាប់ផ្ដើមពីថ្ងៃពុធ ទី៣១ មីនា ដល់ថ្ងៃសុក្រ ទី០២ មេសា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាតត្បាតវីរុសកូវីដ-១៩ និងរួមគ្នាកសាងគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ ផ្លូវមួយ” (One Belt, One Road) ប្រកបដោយគុណភាពខ្ពស់៕