ដោយៈ សាវុធ
ភ្នំពេញៈ ការសន្សំ និងការវិនិយោគ គឺសុទ្ធតែទាក់ទងនឹងលុយ ហើយវិធីទាំងពីរយ៉ាងនេះ ទាមទារឱ្យយើងមានការយកចិត្តទុកដាក់ ក្នុងការប្រើប្រាស់លុយឱ្យមានប្រសិទ្ធភាព។
យ៉ាងណាមិញ តើការសន្សំប្រាក់ និងការវិនិយោគប្រាក់មានភាពខុសគ្នាយ៉ាងដូចម្ដេច?។
ទី១) ការសន្សំ
ការសន្សំ គឺជាដំណើរការនៃការរក្សាទុកនូវ ប្រាក់ដែលអ្នកចាយសល់ ឬជាការទុកនូវ ប្រាក់ដែលអ្នកមិនចាំបាច់ក្នុងការប្រើប្រាស់បច្ចុប្បន្ន ដើម្បីយកទៅប្រើនៅពេលក្រោយ ពេលដែលអ្នកមានអាសន្ន ចាំបាច់ត្រូវប្រើឬដើម្បីសម្រេចគោលបំណងអ្វីមួយ ដូចជា សន្សំ ដើម្បីទិញទូរសព្ទជាដើម។
ទី២) ការវិនិយោគ
ការវិនិយោគវិញ គឺជាដំណើរការនៃការចាយប្រាក់នៅពេលនេះ ដើម្បីទទួលបានប្រាក់បន្ថែម នាពេលអនាគត មានន័យថាយើងយកលុយ ដើម្បីបង្កើតលុយ ដូចជា ការទិញ និងលក់ផលិតផលហិរញ្ញវត្ថុ ដើម្បីទទួលបានប្រាក់ ឬការរក្សាទុកនូវផលិតផល ដើម្បីទទួលបានប្រាក់ចំណេញ។
ជាទូទៅ ការវិនិយោគធ្វើឡើងតាមរយៈការបណ្ដាក់ទុនទៅលើ វត្ថុដែលមានតម្លៃ ដើម្បីបង្កើនចំណូល ឬទ្រព្យសម្បត្តិជាដើម៕