ដោយៈ សាវុធ
ភ្នំពេញៈ សម្រាប់អ្នកដែលចង់រកស៊ី តែខ្វះខាតថវិកា ឬមានតិចតួចស្ដួចស្ដើង ហើយមិនចង់ខ្ចីធនាគារ ព្រោះខ្លាចជាប់បំណុល ដូចនេះការវិនិយោគរួមគ្នាជាមួយមិត្តភក្តិអាចបង្កជាភាពងាយស្រួលសម្រាប់អ្នកក្នុងការរកស៊ី។
យ៉ាងណាមិញក៏មានចំណុចមួយចំនួន ដែលអ្នកត្រូវដឹងនិងមិនគួរមើលរំលងផងដែរ។ ចំណុចសំខាន់ៗខាងក្រោមជាអ្វីដែលអ្នកគួរដឹង៖
ទី១ និយាយគ្នាដោយបើកចំហ
ការនិយាយគ្នាយ៉ាងស៊ីជម្រៅនេះ គួរធ្វើឡើងមុនពេលសម្រេចចិត្ត បង្កើតរបរឲ្យចេញជារូបរាង ក៏ដូចជាកំឡុងពេលដំណើរការ ដើម្បីសិក្សាពីគ្នាឲ្យកាន់តែច្បាស់អំពីគោលដៅ យុទ្ធសាស្ត្រ និងហានិភ័យដែលអាចកើតឡើង។ ម្យ៉ាងវិញទៀតការពិភាក្សាគ្នាយ៉ាងបើកចំហនេះ អាចឲអ្នកយល់ដឹងពីចំណុចខ្លាំង ចំណុចខ្សោយ ដែលគួរកែលម្អសម្រាប់ការរកស៊ី ក៏ដូចជាបញ្ជៀសការយល់ច្រឡំ អាក់អន់ស្រពន់ចិត្តដែលអាចកើតមានឡើងជាយថាហេតុ។
ការដែលអាចអង្គុយនិយាយគ្នាបាន គឺភាគីទាំងសងខាងចាំបាច់មានឆន្ទៈ ការតាំងចិត្ត និងគោលដៅរៀងខ្លួន ហើយក៏ត្រូវបើកចិត្តឲទូលាយ ទទួលយកគំនិតយោបល់របស់ភាគីម្ខាងទៀតផងដែរ។
ទី២ រៀបចំផែនការឲ្យបានត្រឹមត្រូវ
មុននឹងចាប់ផ្ដើមអ្នកត្រូវការរៀបគម្រោងសម្រាប់មុន កំឡុងពេល និងក្រោយពេលជំនួញដំណើរការ។ បែងចែកឲ្យច្បាស់នូវតួនាទី និងទំនួលខុសត្រូវរបស់ម្នាក់។ បង្កើតផែនការសម្រាប់ជម្រុញជំនួញទៅមុខ កាលវិភាគពេលវេលា បញ្ជីហិរញ្ញវត្ថុ ដំណោះស្រាយសម្រាប់ហានិភ័យ គិតទាំងពេលអនាគតបន្ទាប់ពីរៀបការ ពេលឈឺថ្កាត់ ការទទួលយកដៃគូចូលរួមផ្សេងៗជាដើម។ ស្ដាប់ទៅដូចជាចង្អៀតចង្អល់ និងតឹងរឹងម្ល៉េះ គ្រាន់តែការចូលគ្នារកស៊ីប៉ុណ្ណឹងសោះ?។
ការពិតណាស់អ្វីក៏ដោយ បើអ្នកចង់ឲ្យដំណើរការបានល្អ និងមានរយៈពេលយូរអ្នកត្រូវចេះរៀបចំផែនការ បើពុំដូចនោះទេអ្នកអាចនឹងមានការលំបាកពេលជួបឧបសគ្គ។
ទី៣ រៀបចំលិខិតផ្លូវការ
ការធ្វើបែបនេះមិនមែនមានន័យថា អ្នកមិនទុកចិត្តមិត្តភក្តិរបស់អ្នកនោះទេ ផ្ទុយទៅវិញ ជួយបង្កាផលប្រយោជន៍របស់អ្នកទាំងពីរ នៅពេលមានរឿងអ្វីមួយកើតឡើង។ ការរត់ឯកសារផ្លូវការ មានស្នាមមេដាយ ភាគីត្រឹមត្រូវក្នុងលិខិតស្នាម ប្រហែលជាមិនសូវនិយមសម្រាប់សហគ្រិនខ្មែរ ដែលចូលហ៊ុនរកស៊ីតូចតាចជាមួយមិត្តនោះទេ ព្រោះវាសាំញាំច្រើន។
ការដែលមានលក្ខខណ្ឌស្របច្បាប់ត្រឹមត្រូវ អាចជួយបង្កើនទំនុកចិត្ត និងសុវត្ថិភាពចំពោះការរកស៊ីរបស់អ្នកមួយកម្រិតទៀត ព្រោះអ្នកមិនចាំបាច់ខ្វល់ខ្វាយ ពីភាពមិនស្មោះត្រង់រវាងគ្នានឹងគ្នា បើមានរឿងអ្វីកើតឡើងច្បាប់ជាអ្នកដោះស្រាយ៕