ក្រុមហ៊ុន Google គ្រោង​បោះទុន​ជាង៧ពាន់​លាន​ដុល្លា​វិនិយោគ​ការិយាល័យ និង​មណ្ឌល​រក្សាទុក​ទិន្នន័យ

ដោយៈ​សុខុម

វ៉ាស៊ីនតោន:  ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Google ដែលជា​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុនមេ Alphabet Inc របស់​សហរដ្ឋអាមេរិក បានប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី១៨ ខែមីនា ថា ខ្លួន​គ្រោង​បោះទុន រហូតដល់​ទៅជា​ង៧ពាន់​លាន​ដុល្លារ ដើម្បី​វិនិយោគ​លើ​ការិយាល័យ និង​មជ្ឈមណ្ឌល​រក្សាទុក​ទិន្នន័យ​ទូទាំង​សហរដ្ឋអាមេរិក។

យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន CNA ដែល​បាន​ដកស្រង់​ប្រភព​ចេញពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters បានឱ្យដឹងថា ការប្រកាស​បោះទុន​វិនិយោគ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នេះ​ធ្វើឡើង នៅពេល​ចរាចរ​អ៊ីនធឺណិត(internet traffic) ឬ​លំហូរ​ទិន្នន័យ​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​ទាំងមូល របស់​ក្រុមហ៊ុន​នេះ​កើនឡើង​ខ្លាំង ក្រោយ​វិធានការ​រឹតបន្តឹង​នានា ដើម្បី​ទប់ស្កាត់​ការឆ្លង​រា​ត្បា​ត​វីរុស​កូ​វីដ-១៩ បានធ្វើ​មាន​អ្នកប្រើប្រាស់ និង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​អន​ឡាញ​កាន់តែច្រើន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រយៈពេល​ប៉ុន្មាន​ឆ្នាំជាប់ៗគ្នា​នេះ ក្រុមហ៊ុន​យក្ស​មួយ​នេះ បាន​បោះទុន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​វិនិយោគ​លើ​ការិយាល័យ និង​មជ្ឈមណ្ឌល​រក្សាទុក​ទិន្នន័យ នៅ​សហរដ្ឋអាមេរិក ដោយ​ក្នុង​ឆ្នាំ២០២០ បាន​បោះទុន​ជាង ១០ពាន់​លាន​ដុល្លារ ហើយ​ក្នុង​ឆ្នាំ២០១៩ បាន​បោះទុន​ជាង ១៣ពាន់​លាន​ដុល្លារ។

ក្រុមហ៊ុន​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​ថា ការវិនិយោគ​ចុងក្រោយ​នេះ រួមបញ្ចូល​ទាំង​ផែនការ​ពង្រីក មជ្ឈមណ្ឌល​រក្សា​ទុន​ទិន្នន័យ នៅ​រដ្ឋ​ណេ​ប្រា​ស្កា (Nebraska) រដ្ឋ​សៅ ខា​រ៉ូ​ឡាយ​ណា (South Carolina) និង​រដ្ឋ​តិច​សាស​ផងដែរ។

ក្រុមហ៊ុន Google ក៏​គ្រោង​បោះទុន​វិនិយោគ​ចំនួន ១ពាន់​លាន​ដុល្លារ នៅក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា ដែលជា​មូលដ្ឋាន​ដើម​របស់ខ្លួន​ផងដែរ។

គម្រោង​បោះទុន​វិនិយោគ​បន្ថែម​នេះ​ធ្វើឡើង នៅពេលដែល​ក្រុមហ៊ុន​ជាច្រើន​នឹង​ចាក​ចេញពី​តំបន់ Silicon Valley ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា បន្ទាប់ពី​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ បាន​បង្ខំ​ឱ្យ​បុគ្គលិក​ក្រុមហ៊ុន​ភាគច្រើន ត្រូវ​ប្ដូរ​ទៅធ្វើ​ការងារ​ពី​ផ្ទះ។ ចំណុច​កាន់តែ​សំខាន់​ជាងនេះទៀត ដោយសារ​ចំណាយ​ប្រតិបត្តិការ និង​ការបង់ពន្ធ​នៅក្នុង​រដ្ឋ​នេះ​ខ្ពស់​ជាងគេ។

លោក Sundar Pichai នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Alphabet Inc និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ Google បាន​គូសបញ្ជាក់ថា ការវិនិយោគ​នេះ នឹង​ជួយ​បង្កើត​ការងារ​ពេញ​ម៉ោងថ្មីៗយ៉ាងតិច​ក៏១០ .០០០កន្លែង​ដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here