ដោយៈសុខុម
ហុងកុង: ប្រភពបានទម្លាយថា វិនិយោគិនទូទាំងពិភពលោករបស់ក្រុមហ៊ុន Ant Group បានធ្វើការវាយតម្លៃថា ពេលនេះក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ របស់មហាយក្សចិន មួយនេះមានតម្លៃរហូតដល់ជាង២០០ពាន់លានដុល្លារអាមេរិក បើផ្អែកតាមលទ្ធផលកំណើនអាជីវកម្មរបស់ខ្លួនក្នុងឆ្នាំ២០២។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃទី១៦ មីនា។
ការទម្លាយដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតមានឡើង ក្រោយការផ្អាកការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន Ant Group ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនមេ Alibaba Group និងក្រោយពីត្រូវក្រុមនិយ័តករហិរញ្ញវត្ថុចិន បង្ខំឱ្យរៀបចំរចនាសម្ព័ន្ធឡើងវិញ។
តួលេខនេះ គឺលើសពីតម្លៃរបស់ក្រុមហ៊ុន Ant Group យ៉ាងតិចក៏១ភាគ៣ដែរ បន្ទាប់ពីការប្រមូលដើមទុន លើកចុងក្រោយបង្អស់របស់ក្រុមហ៊ុននេះ ក្នុងឆ្នាំ២០១៨ ដែលនៅពេលនេះ ក្រុមហ៊ុននេះជាប់ឈ្មោះជាក្រុមហ៊ុនបច្ចេកវិទ្យា មិនចុះបញ្ជីដែលមានតម្លៃបំផុតរបស់ពិភពលោក។
ទោះជាយ៉ាងណា ក្រុមហ៊ុននេះនៅខ្វះទុនច្រើនណាស់ បើធៀបនឹងចំនួន៣១៥ ពាន់លានដល្លារ ដែលខ្លួនត្រូវការ ដើម្បីក្លាយជាក្រុមហ៊ុនបោះផ្សាយមូលបត្រ កម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) ធំបំផុតលើពិភពលោក។
ក្ដីសង្ឃឹមរបស់ក្រុមវិនិយោគិនដែលរំពឹង នឹងបានចំណេញកប់ក្ដោង បានរលាយបាត់អស់ នៅពេលក្រុមនិយ័តករហិរញ្ញវត្ថុ បានចាត់វិធានការផ្អាកផែនការរបស់ក្រុមហ៊ុន Ant Group ក្នុងការបោះផ្សាយមូលបត្រកម្ម សិទ្ធិជាសាធារណៈលើកដំបូង (IPO) តម្លៃ ៣៧ពាន់លានដុល្លារ ពោលគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនការចុះបញ្ជីរបស់ក្រុមហ៊ុននេះកាលពីខែវិច្ឆិកា ចុងឆ្នាំ២០២។ ការរៀបចំរចនាសម្ព័ន្ធឡើងវិញ ដែលកំណត់ដោយក្រុមនិយ័តករហិរញ្ញវត្ថុចិន ត្រូវបានធ្វើឡើងតាំងពីពេលនោះ។
ការប៉ាន់ប្រមាណជាថ្មីរបស់ក្រុមវិនិយោគិន ទៅលើតម្លៃរបស់ក្រុមហ៊ុន Ant Group ដែលនឹងកំណត់ប្រាក់ចំណេញរបស់ពួកគេនេះ ត្រូវបានរាយការណ៍នៅទីនេះជាលើកដំបូង។
ប៉ុន្តែប្រភពបញ្ជាក់ថា អាជីវកម្មរបស់ក្រុមហ៊ុននេះ គិតត្រឹមត្រីមាសពីខែតុលា ដល់ខែធ្នូ បានរងផលប៉ះពាល់ពីវិធានការត្រួតពិនិត្យ របស់ក្រុមនិយ័តករហិរញ្ញវត្ថុចិន តិចតួចប៉ុណ្ណោះ។
ទោះជាយ៉ាងណា ក្រុមហ៊ុន Ant Group បានបដិសេធមិនឆ្លើយបំភ្លឺឡើយជុំវិញបញ្ហានេះ៕