ធនាគារតូចធំជាច្រើនកំពុងបង្ហាញខ្លួននៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ធ្លាប់តែជាតំបន់ដែលប្រមូលផ្តុំទៅដោយកន្លែងលក់សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃក្នុងរូបភាពជាអាជីវកម្មខ្នាតតូច ប៉ុន្តែបច្ចុប្បន្នតំបន់ដែលស្ថិតលើកំណាត់​ផ្លូវជាតិ​លេខ១ ក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅបានប្រែរូបរាងជាអគារពាណិជ្ជកម្មចម្រុះធំៗ ជាពិសេសគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារកំពុងប្រមូលផ្តុំគ្នាមិន​ក្រោម​២០​ស្ថាប័ន​នោះទេ។

គិតចាប់ពីចំណុចភ្លើងស្តុបទីមួយនៃផ្សារច្បារអំពៅរហូតដល់ចំណុចភ្លើងស្តុបទី៣មុខវត្តនិរោធ ដែលមានចម្ងាយត្រឹមប្រមាណ៣០០ម៉ែត្រប៉ុណ្ណោះ នៅស្របតាម​បណ្តោយ​ផ្លូវជាតិលេខ១ គេសង្កេតឃើញមានអគារពាណិជ្ជកម្មជាច្រើន ដែលក្នុងនោះអ្វីដែលជាការគួរឱ្យកត់សម្គាល់គឺមានស្ថានប័នធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ​ឯកជន​ជាច្រើនកំពុងបង្ហាញវត្តមានក្នុងតំបន់ដែលកំពុងមានសក្ដានុពលមួយនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកម៉ម សិរីបញ្ញា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ EASY Property Investment បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះថា ខណ្ឌច្បារអំពៅនៅពេលបច្ចុប្បន្នកំពុងក្លាយជាគោលដៅវិនិយោគនៅក្នុងវិស័យសំណង់ ដែលក្នុងនោះរួមទាំងផ្នែកលំនៅដ្ឋានកម្រិតសមរម្យ លំនៅដ្ឋានកម្រិតខ្ពស់ លំនៅដ្ឋានសហកម្មសិទ្ធិ និងអគារពាណិជ្ជកម្មផ្សេងៗទៀត។

លោកបានបន្តថា “ហេតុផលដែលធ្វើឱ្យអ្នកវិនិយោគ ក៏ដូចជាអ្នកអភិវឌ្ឍន៍ជាតិ អន្តរជាតិសម្រេចចូលទៅកាន់តំបន់នេះ ព្រោះខណ្ឌច្បារអំពៅបច្ចុប្បន្ន​លែង​ជា​តំបន់​ជាយ​​ក្រុងដូចកាលពី៥ឆ្នាំមុនទៀតហើយ ជាក់ស្ដែងយើងមានគម្រោងអភិវឌ្ឍន៍ធំមួយចំនួនបានធ្វើរួច ហើយមួយចំនួនកំពុងបន្តសកម្មភាពសាងសង់ស្របពេលដែល​កំណើនប្រជាសាស្ត្រចូល​មក​រស់​នៅកាន់តែច្រើនឡើងៗ ហើយតម្លៃនៃទីផ្សារអចលនទ្រព្យក៏កាន់តែកើនឡើងដូចគ្នា”។

ជាមួយគ្នានលោក ម៉ម សិរីបញ្ញា ក៏បានលើកឡើងផងដែរថា ជាធម្មតានៅតំពន់ណាដែលមានកំណើនប្រជាជនចូលទៅរស់នៅច្រើន មានហេដ្ឋារចនាសម្ព័ន្ធល្អផ្តល់​ភាពងាយ​ស្រួលដល់ការរស់នៅ ក៏ដូចជាការប្រកបអាជីវកម្ម និងធ្វើពាណិជ្ជកម្ម វានឹងក្លាយជាចលករសំខាន់ក្នុងការទាក់ទាញគម្រោងវិនិយោគបន្ថែម។

ពាកព័ន្ធទៅនឹងរំហូរនៃកំណើនអគារពាណិជ្ជកម្ម ជាពិសេសស្ថាប័នធនាគារ និងហិរញ្ញវត្ថុជាច្រើននៅក្នុងតំបន់ច្បារអំពៅត្រូវបានលោកស្រី អាន សុធីតា មាន​ប្រសាសន៍ថា ច្បារអំពៅជាតំបន់ដែលមានប្រជាជនរស់នៅច្រើនស្រាប់ បន្តែបន្ថែមពីលើដោយការអភិវឌ្ឍន៍ថ្មីៗ ដោយគ្រាន់តែគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន​កម្រិត​មធ្យម និងកម្រិតខ្ពស់របស់ក្រុមហ៊ុនប៉េងហួតមានវិសាលភាពរហូតដល់ប្រមាណ៤០០ហិកតា  រួមទាំងគម្រោងបុរីផ្សេងៗជាច្រើនទៀត ដែលបំពេញទៅដោយ​លំនៅដ្ឋាន​សរុប​ម៉ឺនខ្នង មនុស្សរស់នៅរាប់សែននាក់។ ដូច្នេះផ្តើមចេញពីកំណើននៃចំនួនប្រជាសាស្ត្រ និងមានការអភិវឌ្ឍផ្នែកពាណិជ្ជកម្មកាន់តែច្រើន វានឹងជំរុញឱ្យ​វិស័យធនាគារ ក៏ដូចជាហិរញ្ញាវត្ថុនានាចូលទៅជាក់ជាមិនខាន។

លោកស្រីបានបញ្ជាក់ថា “បើប្រៀបធៀបជាមួយតំបន់ចាក់អង្រែ និងតំបន់ផ្លូវព្រះនរោត្តមគឺមានភាពខុសគ្នា ព្រោះនៅតំបន់ចាក់អង្រែក៏មានមនុស្សរស់នៅច្រើន ប៉ុន្តែមានតែម្ខាងនៃផ្លូវ ហើយមួយចំហៀងទៀតជាទន្លេ ដូច្នេះដង់ស៊ីតេប្រជាជនគឺមានកម្រិត ដោយឡែកនៅតំបន់ផ្លូវព្រះនរោត្តមគឺមានមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ ប៉ុន្តែផ្តោតសំខាន់ទៅលើកម្រិតខ្ពស់ដែលមិនសមស្របទៅនឹងប្រភេទគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ដែលស្ថិតនៅក្នុងខណ្ឌច្បារអំពៅនោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here