ដោយៈសុខុម
សិង្ហបុរី: ការស្ទង់មតិថ្មីមួយធ្វើឡើងដោយក្រុមហ៊ុន JLL Hotel & Hospitality Group បានបង្ហាញនៅសប្ដាហ៍នេះថា វិនិយោគិនជាង៧០% គ្រោងបោះទុនវិនិយោគបន្ថែម ក្នុងវិស័យសណ្ឋាគារនៅអាស៊ីប៉ាស៊ីហ្វិក ក្នុងឆ្នាំ២០២១ នេះ។ នេះបើយោងតាមសារព័ត៌មាន The Strait Times ចុះផ្សាយកាលពីថ្ងៃទី៩ មីនា។
ក្រុមហ៊ុនផ្ដល់សេវាប្រឹក្សាយោបល់ ផ្នែកអចលនទ្រព្យដ៏ធំនួយនេះរំពឹងថា បណ្ដាវិនិយោគិន នឹងបោះទុនរហូតដល់ប្រមាណ៧ពាន់លានដុល្លារអាមេរិក ដើម្បីវិនិយោគក្នុងវិស័យសណ្ឋាគារក្នុងតំបន់នៅឆ្នាំនេះ ដោយកើនឡើង២០% បើធៀបទៅនឹងឆ្នាំ២០២០ ដែលទុនវិនិយោគក្នុងវិស័យនេះ មានត្រឹម៥,៨ ពាន់លានដុល្លារអាមេរិក។
បណ្ដាវិនិយោគិន នៅតែមានទំនុកចិត្ត លើការវិនិយោគរយៈពេលវែងបែបនេះគួរ ឱ្យសាទរ ទោះបីរងផលប៉ះពាល់ពីវិបត្តិឆ្លងរាតត្បាតកូវីដ-១៩ ដែលបានធ្វើវិស័យទេសចរណ៍ដាំក្បាលចុះខ្លាំង ដោយសារការធ្វើដំណើរជាអន្តរជាតិ នៅតែមានការរឹតបន្តឹងនៅឡើយយ៉ាងណាក្ដី។
លោក Nihat Ercan ប្រធានផ្នែកវិនិយោគនៅក្រុមហ៊ុន JLL ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា “សុទិដ្ឋិនិយមជុំវិញការចែកចាយវ៉ាក់សាំង និងការងើបឡើងវិញនៅទីបំផុតក្នុងវិស័យទេសចរណ៍ បានចាប់ផ្ដើមជំរុញឱ្យមានសកម្មភាព ហើយបណ្ដាវិនិយោគិនមិនចង់ខកខានឱកាសល្អបែបនេះឡើយ” ។
ក្រុមហ៊ុន JLL ក៏ព្យាករដែរថា គម្លាតតម្លៃ និងការរំពឹងទុករវាងអ្នកទិញ និងអ្នកលក់អចលនទ្រព្យនឹងរួមតូច។ បណ្ដាវិនិយោគិនរំពឹងថា នឹងមានការបញ្ចុះតម្លៃចន្លោះពី២០% ទៅ ៣០% ខណៈដែលអ្នកលក់ត្រូវបានគេរំពឹងថានឹងបញ្ចុះតម្លៃត្រឹម១០% ។
ផ្អែកតាមការស្ទង់មតិរបស់ក្រុមហ៊ុន JLL លើវិនិយោគិនចំនួន១០០នាក់ កាលពីខែមករា ដើមឆ្នាំ២០២១នេះ មានវិនិយោគិន៥២%បានបង្ហាញ ចំណាប់អារម្មណ៍លើប្រទេសជប៉ុន។ ៤៦% ចាប់អារម្មណ៍លើអាស៊ីអាគ្នេយ៍ ៣១% ចាប់អារម្មណ៍លើប្រទេសអូស្ត្រាលី និង២២% ចាប់អារម្មណ៍លើប្រទេសចិន៕