ដោយៈ ម៉ាណេត
ហុងកុងៈ អ្នកវិនិយោគអចលនទ្រព្យនៅទីក្រុងហុងកុង ចាប់ផ្តើមផ្លាស់ប្តូរពីការវិនិយោគអាគារលំដាប់ៗនៅក្នុងក្រុង ដោយប្តូរទៅធ្វើការវិនិយោគ ទៅលើអាគាររោងចក្រចាស់ៗ ដើម្បីទទួលបានចំណេញនាពេលខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Straight Times កាលពីថ្មីៗនេះ។
ប្រតិបត្តិការទិញលក់អចលនទ្រព្យ បែបឧស្សាហកម្មបានកើនឡើងនៅឆ្នាំនេះ ដោយសម្រេចបានទំហំទឹកប្រាក់ ២,៧ពាន់លានដុល្លារហុងកុង (៤៦៨ លានដុល្លារអាមេរិក) ក្នុងរយៈពេលពីរខែដំបូង ឆ្នាំនេះ។ នេះបើយោងតាមក្រុមហ៊ុន CBRE Group ។ ក្រុមហ៊ុនអចលនទ្រព្យនេះបានឲ្យដឹងថា ចំនួននេះតំណាងឲ្យ៧៣ភាគរយ នៃចំនួនវិនិយោគអចលនទ្រព្យសរុបកាលពីឆ្នាំមុន។
ទិន្នន័យក្រុមហ៊ុន CBRE បានបង្ហាញថា ការលក់ការិយាល័យ និងទីផ្សារលក់រាយមានភាពខ្សោយ បើប្រៀបធៀបនឹងការវិនិយោគ លើអចលនទ្រព្យឧស្សាហកម្ម។ ប្រតិបត្តិការទិញលក់ការិយាល័យ មានចំនួនមានទំហំទឹកប្រាក់១,២ពាន់ លានដុល្លារហុងកុងរហូតមកដល់ពេលបច្ចុប្បន្ននេះ ហើយប្រតិបត្តិការទិញលក់ទីផ្សារលក់រាយ សម្រេចបានតឹមតែ៩២៦លានដុល្លារហុងកុងប៉ុណ្ណោះ។
លោក Reeves Yan ប្រធានទីផ្សារមូលធននៅហុងកុងនៅក្រុមហ៊ុន CBRE បាននិយាយថាជំនួស ឱ្យការវិនិយោគលើការិយាល័យ ឬទីផ្សារលក់រាយ វិនិយោគិនបានផ្លាស់ប្តូរការយកចិត្តទុកដាក់របស់ពួកគេ ទៅរកការវិនិយោគលើអគារឧស្សាហកម្ម ដែលធ្លាប់បម្រើការជារោងចក្រផលិតនាឡិកា ប្រដាប់ប្រដាក្មេងលេង និងសម្លៀកបំពាក់។
អចលនទ្រព្យឧស្សាហកម្ម គឺជាប្រភេទអចលនទ្រព្យ ដែលវិនិយោគិនស្វែងរកច្រើនបំផុត ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីវិបត្តិកូវិដ១៩ បានជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដែលបានបង្កើនតម្រូវការផ្នែកភ័ស្តុភារ និងស្តុក។
លោក Yan បានមានប្រសាសន៍ថា “ភាគច្រើនដោយសារតែតំរូវការសំរាប់មុខជំនួញ រួមមានភ័ស្តុភារ ឃ្លាំងត្រជាក់ស្តុកទំនិញ និងមជ្ឈមណ្ឌលទិន្នន័យ ពិតជាមានតម្រូវការខ្លាំងណាស់ ក្នុងកំឡុងពេលវិបត្តិជំងឺរាតត្បាត។ វិស័យទាំងនេះកំពុងកើនឡើងនៅក្នុងទីផ្សារ” ។
អគារឧស្សាហកម្ម ក៏ផ្តល់ផលចំណេញត្រឡប់ក្នុងអត្រា ៣,៥ភាគរយ បើធៀបនឹងអគារការិយាល័យ ឬទីផ្សារលក់រាយ ដែលមានត្រឹមតែ ២,៥ភាគរយ។ ក្រុមហ៊ុនរំពឹងថា តម្លៃក្នុងវិស័យនេះ នឹងកើនឡើង៥ភាគរយនៅឆ្នាំ២០២១ ៕