ធនាគារបន្តរៀបចំផ្ដល់ឥណទានឡើងវិញសម្រាប់អតិថិជនដែលប៉ះពាល់ដោយសារតែកូវីដ១៩

ដោយៈលក្ខិណា

ភ្នំពេញៈ ឆ្នាំ ២០២១នេះ វិបត្តិកូវីដ១៩ហាក់កំពុង តែបន្ថែមបន្ទុកដល់ប្រជាពលរដ្ឋ អាជីវករ និងសហគ្រិនកម្ពុជា ដោយសារតែរឆ្លងរីករាលដាលនៃសហគមន៍ ដែលធ្វើឱ្យអាជីវកម្ម និងរបរជាច្រើនត្រូវផ្អាក និងមានវិបត្តិសារជាថ្មី ។ នៅក្នុងវិបត្តិនេះដែរ បណ្ដាធនាគារនានា ក្នុងប្រទេសកម្ពុជានៅតែបន្តផ្ដល់ឥណទានដល់អតិថិជនរបស់ខ្លួន។

លោកបណ្ឌិតអ៊ិន ចាន់នីប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍   ឱ្យដឹងនាព្រឹកថ្ងៃទី១១ មិនានេះថា សារាចរណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ដែលចេញតាំងពីអំឡុងខែមីនា ឆ្នាំ២០២០ ដោយលើកទឹកចិត្តនិងជំរុញឱ្យមាន ការរៀបចំឥណ​ទានឡើងវិញ សម្រាប់អតិថិជននៅតែមានសុពលភាព រហូតមកដល់ឆ្នាំ២០២១នេះ ដើម្បីជំរុញការលូតលាស់ ក៏ដូចជា ឆ្លើយតបទៅនឹងតម្រូវការសេវាហិរញ្ញវត្ថុទូទៅ ដើម្បីការលូតលាស់របស់អតិថិជន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “យើងគាំទ្រនិងលើកទឹកចិត្តដល់ធនាគារនៅកម្ពុជា ក្នុងការផ្ដល់ឥ​ណ​ទានឡើងវិញដល់អតិថិជនរបស់ខ្លួន ដើម្បីកំណើនអាជីវកម្ម និងការលូតលាស់បន្តទៀត”។

លោកបណ្ឌិតបន្តថា សម្រាប់ធនាគារអេស៊ីលីដា នៅក្នុងឆ្នាំ២០២១នេះ គិតត្រឹម២ខែដំបូង ធនាគារបានផ្ដល់ឥណទានឡើងវិញ ដល់អតិថិជនចំនួន៣៨៨៨នាក់ គិតជាទឹកប្រាក់ប្រមាណ១៥០លានដុល្លារអាមេរិកផងដែរ ។

លោកបណ្ឌិតបានលើកឡើងផងដែរថា ក្នុងឆ្នាំ២០២១នេះ ធនាគារអេស៊ីលីដានៅតែផ្ដោតការយកចិត្តទុកដាក់ លើវិស័យសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដោយបានត្រៀមកញ្ចប់មូលធិនិប្រមាណ ៦០០លានដុល្លារអាមេរិក ក្នុងការផ្ដល់ឥណទានទៅក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យម ដើម្បីបន្តដំណើរការអាជីវកម្មរបស់ខ្លួនបន្តទៀត។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ដោយសារតែការរៀបចំឥណទានឡើងវិញនេះ បានធ្វើទ្រព្យសកម្ម ឥណទាន និងប្រាក់បញ្ញើក្នុងវិស័យធនាគារកំណើន បើទោះបីជាឆ្នាំនោះ កម្ពុជាជួបវិបត្តិកូវីដ១៩ ក៏ដោយក្តី ។

ជាក់ស្ដែងទ្រព្យសកម្មធនាគារ បានកើនឡើង១៥,៧ភាគរយ គិតជាទឹកប្រាក់កើនឡើងដល់៥៩,៤ពាន់លានដុល្លារអាមេរិក ។ ឥណទានអតិថិជនកើនឡើង១៤,៨ភាគរយធៀបនឹងឆ្នាំ២០១៩ កើនដល់៣៧,៣ពាន់លានដុល្លារអាមេរិក និងប្រាក់បញ្ញើអតិថិជនកើន១៥,៤ភាគរយ គិតជាប្រាក់កើនឡើងដល់៣៣,៨ពាន់លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here