សភាអាមេរិកបានអនុម័តសេចក្ដីព្រាងកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ច១,៩ទ្រីលានដុល្លាររបស់លោកចូ បៃឌិន

ដោយៈ ខុម

វ៉ាស៊ីនតោនៈ សេចក្ដីព្រាងកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចពីវិបត្តិកូវីដ-១៩ ចំនួន ១,៩ ទ្រីលានដុល្លារ របស់ប្រធានាធិបតី ចូ បៃឌិន ដែលពិភពលោកទន្ទឹងរង់ចាំមើលយ៉ាងអន្ទះសានោះ ត្រូវបានក្រុមសមាជិកសភារបស់សហរដ្ឋអាមេរិក អនុម័តផ្ដាច់ព្រ័ត្រហើយកាលពីថ្ងៃពុធ ទី១០ មីនា។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី១១ មីនា។

នេះជាកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចមួយក្នុងចំណោមកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចធំៗបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក ហើយការអនុម័តនេះ គឺជាជោគជ័យដ៏ធំដំបូងបង្អស់របស់លោកចូ បៃឌិន ប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ ក្រោយលោកចូលកាន់តំណែងមិនទាន់បាន២ខែ ស្រួលបួលផងនោះ។

វិធានការស្ដារសេដ្ឋកិច្ចនេះផ្តល់ថវិកាចំនួន៤០០ពាន់លានដុល្លារ សម្រាប់បើកប្រាក់ឧបត្ថម្ភផ្ទាល់ចំនួន១.៤០០ដុល្លារ សម្រាប់មនុស្សម្នាក់ឱ្យទៅពលរដ្ឋអាមេរិកភាគច្រើនចំនួន៣៥០ពាន់លានដុល្លារ ឱ្យទៅរដ្ឋបាលថ្នាក់មូលដ្ឋាន និងរដ្ឋបាលថ្នាក់រដ្ឋ ការពង្រីកឥណទានពន្ធកុមារ (child tax credit) និងការបង្កើនថវិកាសម្រាប់ការចែកចាយវ៉ាក់សាំងកូវីដ-១៩។ ក្រុមអ្នកព្យាកររំពឹងថា កញ្ចប់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់នេះនឹងជំរុញឱ្យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ងើបឡើងវិញកាន់តែលឿន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រោយសភាបោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់នេះ លោក ចូ បៃឌិន បានសរសេរបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គមទ្វីតទ័រថា “ជំនួយមានហើយ”។ សេតវិមានបានបញ្ជាក់ថា លោក ចូ បៃឌិន គ្រោងចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់នេះឱ្យចេញជាច្បាប់ធរមាននៅថ្ងៃសុក្រ ទី១២ មីនា នេះ។

ការអនុម័តដោយសំឡេង២២០ ទល់នឹង២១១ សំឡេងនៅក្នុងសភា ដែលគ្រប់គ្រងដោយពួកប្រជាធិបតេយ្យនេះមិនទទួលបានការគាំទ្រពីពួកសាធារណរដ្ឋ សូម្បីតែមួយសំឡេង ក្រោយការជជែកដេញដោលយ៉ាងក្ដៅគគុកជាច្រើនសប្ដាហ៍នៅក្នុងសភា។ ពួកប្រជាធិបតេយ្យបានចាត់ទុកសេចក្ដីព្រាងច្បាប់នេះថា ជាការឆ្លើយតបដ៏សំខាន់ទៅនឹងការឆ្លងរាតត្បាតវីរុសកូវីដ-១៩។

លោកស្រី Jan Schakowsky សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យបានគូសបញ្ជាក់ថា “នេះជាថ្ងៃបើកទំព័រប្រវត្តិសាស្ត្រថ្មី។ វាជាការចាប់ផ្តើមនៃការបញ្ចប់មហាវិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយសារវីរុសកូវីដ-១៩”៕

LEAVE A REPLY

Please enter your comment!
Please enter your name here