ដោយៈសុខុម
ហុងកុងៈ ការបង្ក្រាបរបស់មហាយក្សចិន នៅក្នុងទីក្រុងហុងកុង បានធ្វើឱ្យបណ្ដាក្រុមហ៊ុនហិរញ្ញវត្ថុជប៉ុន “ភ័យខ្លាចយ៉ាងខ្លាំង” ហើយក្រុមហ៊ុនទាំងនោះកំពុងពិចារណាសាជាថ្មីថា តើគួរនៅរកស៊ីក្នុងទីក្រុងនេះបន្តទៀតឬក៏អត់។ នេះបើយោងតាមធនាគារិកជាន់ខ្ពស់មួយរូប បានប្រកាសជាសាធារណៈយ៉ាងកម្រកាលពីថ្ងៃច័ន្ទ ទី៨ មីនា។
យោងតាមកាសែត South China Morning Post ចុះផ្សាយក្នុងថ្ងៃដដែលឱ្យដឹងថា លោក Yoshitaka Kitao នាយកប្រតិបត្តិ នៃក្រុមហ៊ុនហិរញ្ញវត្ថុជប៉ុន SBI Holdings បានប្រាប់កាសែត Financial Times ថា លោកមានផែនការដកប្រតិបត្តិការ របស់ក្រុមហ៊ុនលោកចេញពីទីក្រុងនេះ ដោយលោកបានលើកហេតុផលថា “បើគ្មានសេរីភាពទេ ក៏គ្មានអាជីវកម្មហិរញ្ញវត្ថុនោះដែរ” ។
លោកបានប្រាប់កាសែតនេះទៀតថា “ក្រុមហ៊ុនជប៉ុនផ្សេងៗទៀត ក៏កំពុងគិតដូចនេះដែរ ប៉ុន្តែក្រុមហ៊ុនទាំងនោះហាក់ស្ទាក់ស្ទើរក្នុងការនិយាយដោយបើកចំហ” ។
ក្នុងបទសម្ភាសន៍ចុះផ្សាយកាលពីថ្ងៃច័ន្ទ លោក Yoshitaka Kitao បានលើកឡើងថា “ពួកគេខុសពីខ្ញុំ ព្រោះខ្ញុំជាមនុស្សចូលចិត្តនិយាយត្រង់។ ប៉ុន្តែពួកគេទាំងនោះសុទ្ធតែគិតថាខ្លួនគួរតែរើចេញ ឬនឹងមិនបោះទុនវិនិយោគបន្ថែមទៀតឡើយ នៅក្នុងក្រុងហុងកុង” ។
រដ្ឋាភិបាលក្រុងប៉េកាំង បានព្យាយាមប្រើគ្រប់មធ្យោបាយ ដើម្បីបង្ក្រាបចលនាប្រឆាំងនៅក្រុងហុងកុង ពាក់កណ្តាលស្វយ័ត បន្ទាប់ពីផ្ទុះមហាបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងឆ្នាំ២០១៩ ។
រដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ចេញនូវច្បាប់សន្តិសុខជាតិ ដ៏ទូលំទូលាយមួយដើម្បីគ្រប់គ្រងក្រុងហុងកុង ដែលបានដាក់ទោសព្រហ្មទណ្ឌចំពោះអ្នកប្រឆាំង ហើយថែមទាំងមានផែនការអនុម័តច្បាប់ថ្មី ដើម្បីពិនិត្យតាមដានរាល់បេក្ខជន នយោបាយទាំងអស់ទៀតផង។
ក្រុមមេដឹកនាំជាន់ខ្ពស់របស់ប្រទេសចិន ក៏បានអំពាវនាវឱ្យមាន “កំណែទម្រង់” លើប្រព័ន្ធតុលាការឯករាជ្យរបស់ទីក្រុងហុងកុងផងដែរ ដោយលើកឡើងថា កំណែទម្រង់បែបនេះ នឹងក្លាយជាសមាសធាតុដ៏សំខាន់មួយ នៃឋានៈរបស់ក្រុងហុងកុង ក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្នាក់តំបន់។
អ្នកជំនួញអន្តរជាតិជាច្រើន បានសម្ដែងការព្រួយបារម្ភផ្ទាល់ខ្លួនថា ក្រុមហ៊ុនរបស់ពួកគេអាច នឹងជាប់ពាក់ព័ន្ធដោយប្រយោល នៅពេលដែលរដ្ឋាភិបាលក្រុងប៉េកាំង និងបណ្តាប្រទេសលោកខាងលិច មានជម្លោះនឹងគ្នាជុំវិញផែនការ របស់មហាយក្សចិន នៅក្នុងការគ្រប់គ្រងក្រុងហុងកុង។ ប៉ុន្តែមានតិចតួចណាស់ ដែលហ៊ានលើកឡើងជាសាធារណៈដូចលោក Yoshitaka Kitao។ កាលពីឆ្នាំ២០២០ ក្រុមហ៊ុនរបស់លោកមានមូលធនទីផ្សារ (Market Capitalization) រហូតដល់ទៅ៥,៩ ពាន់លានដុល្លារអាមេរិក។
លោក Yoshitaka Kitao បានលើកឡើងថា ពេលនេះក្រុមហ៊ុន សហគ្រាសនានាកំពុងចោទជាសំណួរថា តើសមហេតុសមផលទេ ដែលពួកគេគួរនៅបន្តក្នុងទីក្រុងហុងកុង ដែលអត្រាថ្លៃជួលអគារខ្ពស់ខ្លាំង ប្រសិនបើទិដ្ឋភាពពាណិជ្ជកម្មខុសគ្នា តែបន្តិចបន្តួចពីចិនដីគោកនោះ។
លោកបានគូសបញ្ជាក់ថា “បើខ្ញុំចង់ធ្វើជំនួញនៅប្រទេសចិន ខ្ញុំនឹងបើកការិយាល័យមួយក្នុងក្រុងប៉េកាំង ឬក្រុងសៀងហៃ ឬកន្លែងផ្សេងទៀត” ។ លោកបានបន្ថែមទៀតថា លោកក៏កំពុងពិចារណាប្រទេសសិង្ហបុរី ជាទីតាំងថ្មី សម្រាប់ប្រតិបត្តិការរបស់ក្រុមហ៊ុន SBI Holdings នៅក្រុងហុងកុងផងដែរ៕