ដោយៈ សហសេវិក
ភ្នំពេញៈ ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ក្នុងផែនការរៀបចំដែនដីនៅខេត្តកម្ពុជា ត្រូវបានប្រើជាឧបករណ៍យុទ្ធសាស្ត្រមួយ ដើម្បីតម្រង់ទិសដៅជាអាទិភាព សម្រាប់ការអភិវឌ្ឍនិងការអភិរក្ស តាមរយៈការដោះស្រាយតម្រូវការបច្ចុប្បន្ន និងការធានាបាននូវការអភិវឌ្ឍប្រទេសកម្ពុជា ប្រកបដោយនិរន្តភាពរយៈពេលវែង និងមានការបំភាយឧស្ម័នកម្រិតទាប។
តួយ៉ាងក្រុមប្រឹក្សាខេត្តមណ្ឌលគីរី កាលពីខែកុម្ភៈ ឆ្នាំ២០២១ បានឯកភាពទទួលយកផែនការរៀបចំដែនដីខេត្តមណ្ឌលគិរី ហើយនេះជាកំណត់សំគាល់ប្រវត្តិសាស្ត្រមួយ ដែលខេត្តមណ្ឌលគិរី មានផែនការរៀបចំដែនដីរបស់ខ្លួនជាលើកដំបូង ដោយមានការចូលរួមពីតំណាងមកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) អង្គការ WWF កម្ពុជា និងក្រុមអ្នកជំនាញបច្ចេកទេស ដើម្បីកសាងផែនការរៀបចំដែនដីផងដែរ។
ផែនការរៀបចំដែនដីខេត្តមណ្ឌលគិរី គឺជាផែនទីបង្ហាញផ្លូវសម្រាប់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធិភាព និងមានការទទួលខុសត្រូវ និងតុល្យភាពនៃការបែងចែក ប្រើប្រាស់ដីធ្លី ធនធានធម្មជាតិ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសនិងសង្គម ដោយផ្អែកលើតម្រូវការជាក់ស្តែងរបស់ខេត្ត និងគោលការណ៍ច្បាប់ ការចូលរួម និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីគ្រប់ស្ថានប័ននិងភាគីពាក់ព័ន្ធទាំងអស់។
លោកសេង ទៀកនាយកអង្គការ WWF កម្ពុជា បានមានប្រសាសន៍ថា “នវានុវត្តន៍ចម្បងៗបំផុត នៅក្នុងវិធីសាស្ត្រគ្រប់គ្រងតំបន់ទេសភាព គឺការទទួលស្គាល់នូវតម្រូវការដើម្បីដោះស្រាយអន្តរកម្មដ៏សាំញ៉ាំ នៃវិសាលភាពការប្រើប្រាស់ដែនដី រួមទាំងការយល់ដឹងអំពីស្ថាប័ន និងអាកប្បកិរិយារបស់មនុស្សក្នុងនៅទីនោះផងដែរ” ។
លោកបន្ថែមទៀតថា “អង្គការ WWFកម្ពុជា ត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្ររដ្ឋាភិបាល ក្នុងការរៀបចំផែនការប្រើប្រាស់ដីធ្លី ប្រកបដោយនិរន្តភាព ដើម្បីថែរក្សាការពារជីវៈចម្រុះសម្បូរបែបនៅក្នុងខេត្តមណ្ឌលគិរី” ។
ការបង្កើតផែនការរៀបចំដែនដី ជាដំណើរការដែលមានការចូលរួមពីពហុភាគី និងត្រូវបានផ្តួចផ្តើមឡើងនៅខែមករា ឆ្នាំ២០១៧ ដោយមានការបង្កើតឡើងនូវរចនាសម្ព័ន្ធអភិបាលកិច្ច ក្រោមការគាំទ្រថវិកាពីសហភាពអ៊ឺរ៉ុប (EU)។ ការបង្កើតផែនការរៀបចំដែនដី ត្រូវបានចាប់ផ្តើមនៅខែតុលា ឆ្នាំ២០១៨ ក្រោមការគាំទ្រថវិកាពីគម្រោងគាំទ្រដែនជម្រកសត្វព្រៃ របស់ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) តាមរយៈអង្គការ WWF កម្ពុជា។
ដំណើរការកសាងផែនការរៀបចំដែនដីនេះ បានអនុវត្តដោយក្រុមអ្នកជំនាញបចេ្ចកទេស រួមមាន ក្រុមការងារស្នូលរៀបចំផែនការរៀបចំដែនដី ខេត្តមណ្ឌលគិរី ក្រុមទីប្រឹក្សាបច្ចេកទេស ដែលជ្រើសរើសដោយអង្គការ WWF កម្ពុជា និងបុគ្គលិកជំនាញរបស់ អង្គការ WWF កម្ពុជា។
ផែនការរៀបចំដែនដី ជាឯកសារយុទ្ធសាស្ត្រ គោលនយោបាយសំខាន់មួយ ដែលផ្តល់នូវចក្ខុវិស័យ និងគោលដៅអភិវឌ្ឍរយៈពេលវែង សម្រាប់រយៈពេល២០ឆ្នាំខាងមុខ (២០២១-២០៤០) ក៍ដូចជាផ្តល់ទិសដៅជាក់លាក់ សម្រាប់ការអភិវឌ្ឍដែនដីខេត្ត ដើម្បីធានាឲ្យបាននូវការអភិវឌ្ឍប្រកបដោយនិរន្តភាព ដែលផ្សារភ្ជាប់នឹងការអភិរក្ស។
ផែនការរៀបចំដែនដី ក៏ត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងរបស់សហគមន៍មូលដ្ឋាន បញ្ហាប្រឈមនៃការអភិវឌ្ឍ និងការប្រែប្រួលនៃប្រព័ន្ធបរិស្ថាន វប្បធម៌ និងសេដ្ឋកិច្ចសង្គមនៅក្នុងខេត្ត៕