តម្លៃ​សេវាកម្ម​ដឹកជញ្ជូន​ផ្លូវទឹក​ពី​កម្ពុជា​ទៅ​ក្រៅប្រទេស ហក់​ឡើង​ខ្ពស់​នៅ​ដើម​ឆ្នាំនេះ

ដោយៈ សាវុធ

ភ្នំពេញៈ តម្លៃ​សេវាកម្ម​ដឹកជញ្ជូន​ផ្លូវទឹក ទៅកាន់​ទីផ្សារ​បរទេស បាន​ហក់​ឡើង​ខ្ពស់​ក្នុង​រយៈពេល២ខែ ដើមឆ្នាំ២០២១នេះ ដែល​បង្ក​ឱ្យ​ការនាំចេញ​មួយចំនួន ទទួលរង​នៅ​ផលប៉ះពាល់ ខណៈ​ការដឹកជញ្ជូន​តាមផ្លូវ​គោក​នៅក្នុង​ស្រុក នៅតែ​បន្ត​រក្សា​ស្ថេរភាព​នូវ​ថ្លៃ​សេវ​កម្ម​ដឹកជញ្ជូន។

លោក​ស៊ិន ច​ន្ធី​ប្រធាន​សមាគម​ភស្តុភារ​កម្ម​កម្ពុជា បាន​ថ្លែងប្រាប់​ទូរទស្សន៍​ក្នុងស្រុក​មួយ​កាល​ចុង​សប្តាហ៍​កន្លងមកនេះ​ថា ចាប់ពី​ដើមឆ្នាំ២០២០មក សេវា​នៃ​ការដឹកជញ្ជូន​តាមផ្លូវ​គោក​បាន​ស្រុតចុះ​យ៉ាងខ្លាំង ប៉ុន្តែ​ចាប់ពី​ខែសីហា ឆ្នាំ២០២០ រហូតដល់​ខែមករា ឆ្នាំ២០២១ ផ្នែក​នេះ​បាន​ងើប​ល្អប្រសើរ​បន្តិច​មកវិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​ថ្លែង​ទៀតថា ចាប់ពី​ខែកុម្ភៈ ឆ្នាំ២០២១កន្លងមកនេះ សេវា​ដឹកជញ្ជូន​ផ្លូវគោក​បាន​បន្ត​ធ្លាក់ចុះ​មកវិញ គឺ​ដោយសារ​ចំពេល​វេលា​ចូលឆ្នាំ​ចិន ខណៈដែល​ប្រភេទ​ទំនិញ និង​ម្ចាស់​អាជីវកម្ម​ភាគច្រើន​ជា​ជនជាតិ​ចិន បាន​បន្ត​ឈប់សម្រាក់​នៅក្នុង​រដូវ​នេះ” ។

លោក​ស៊ិន ច​ន្ឋី​បាន​បន្តថា ចំពោះ​ការដឹកជញ្ជូន​តាមផ្លូវ​គោក​នៅក្នុង​ស្រុក តម្លៃ​សេវា​នៃ​ការដឹកជញ្ជូន មិនមាន​ការប្រែប្រួល​នោះឡើយ នៅក្នុង​រយៈពេល​នេះ ហើយ​ការដឹកជញ្ជូន​តាមផ្លូវ​គោក មាន​សល់​កុងតឺន័រ​ជាច្រើន សម្រាប់​ផ្គត់ផ្គង់​ដល់​ការដឹកជញ្ជូន។

លោក​បាន​ឱ្យដឹងទៀតថា ស្រប​ពេលដែល​សេវា​ដឹកជញ្ជូន​ក្នុងស្រុក មាន​ស្ថេរភាព​ល្អ ការដឹកជញ្ជូន​តាមផ្លូវ​ទឹក ចេញទៅ​ក្រៅប្រទេស តម្លៃ​សេវា​ដឹកជញ្ជូន​បាន​ហក់​ឡើង​ពី ៣ ទៅ៥ដង។ ការឡើង​ថ្លៃ​នេះ គឺ​ទៅតាម​ប្រភេទ​កុងតឺន័រ ដោយសារ​ប្រភេទ​កុងតឺន័រ​សម្រាប់​ផ្ទុក​តាម​ត្រូវការ​ដឹកជញ្ជូន​មួយចំនួន ដូចជា ខ្នាត​កុងតឺន័រ​ខ្នាត២០ហ្វី​ត​ជាដើម បច្ចុប្បន្ន​បាន​កក់​ស្ទុះ​ជាច្រើន​នៅ​សហរដ្ឋអាមេរិក ។

របាយការណ៍​របស់​ស​ហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បានបង្ហាញ​ឲ្យ​ដឹងថា រយៈពេល២ខែ​ដំបូង នៃ​ដើមឆ្នាំ២០២១នេះ កម្ពុជា​បានសម្រេច​នូវ​ការនាំចេញ​អង្ករ​របស់ខ្លួន ក្នុង​រង្វង់​ទឹកប្រាក់ ៦៤.៥៣ លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​បរិមាណ៧៦,២២២ តោន ដែល​ការនាំចេញ​ក្នុង​រយៈពេល២ខែ​នេះ នៅតែ​ប្រឈម​នឹង​ការថយចុះ ពោលគឺ​ថយចុះ ៤៤.១៦% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា នៃ​ឆ្នាំ២០២០ ។

CRF បានឱ្យដឹង​ទៀតថា “ការថយចុះ​នេះ បណ្តាលមកពី​មូលហេតុ​ចំបង​ដោយ សារ​កង្វះ​កុង​តែ​ន័​រ និង​តម្លៃ​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​នៅ​បន្ត​ខ្ពស់ រហូតដល់​ជិត៥០០% នៃ​តម្លៃ​ដឹកជញ្ជូន​ឆ្នាំ ២០១៩” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here