ដោយ សុខុម
ប៉េកាំងៈ ទិន្នន័យគយរបស់រដ្ឋាភិបាលចិន ផ្លូវការបានបង្ហាញកាលពីថ្ងៃអាទិត្យទី៧ មីនាថា ការនាំចេញរបស់មហាយក្សចិន បានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាង ២ទសវត្សរ៍នេះ បើទោះបីជារងវិបត្តិកូវីដ-១៩ ដែលស្ទើរតែធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចជាប់គាំងទាំងស្រុងយ៉ាងណាក្ដី។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយក្នុងថ្ងៃដដែល។
ការនាំចេញគ្រឿងអេឡិចត្រូនិក និងវាយនភ័ណ្ឌដូចជាម៉ាស់ជាដើម បានជួយជំរុញឱ្យការនាំចេញកើនឡើង ខណៈការផ្គត់ផ្គង់គ្រឿងបរិក្ខារប្រើប្រាស់ក្នុងផ្ទះ និងបរិក្ខារប្រើប្រាស់នៅកន្លែងធ្វើការ និងឈុតសម្លៀកបំពាក់ការពារវីរុសកូវីដ-១៩ បានកើនឡើងខ្លាំងអំឡុងពេលឆ្លងរាតត្បាតវីរុសកូវីដ-១៩ ។
ទិន្នន័យដដែលបង្ហាញថា ការនាំចេញបានកើនឡើងរហូតដល់៦០,៦% ក្នុងរយៈពេលពីខែមករា ដល់ខែកុម្ភៈ ដើមឆ្នាំ២០២១ ដែលលើសពីការរំពឹងទុករបស់ក្រុមអ្នកវិភាគ ខណៈការនាំចូលកើនឡើង ២២,២% ។
តួលេខគយចុងក្រោយនេះ ផ្ទុយគ្នាស្រឡះបើធៀបនឹងតួលេខឆ្នាំ២០២០ ដែលការនាំចេញបានធ្លាក់ចុះប្រមាណ១៧% ហើយការនាំចូលបានធ្លាក់ចុះ៤% ។ ប្រទេសមហាអំណាចសេដ្ឋកិច្ចនៅអាស៊ី មួយនេះបានប្រឹងប្រែងយ៉ាងខ្លាំង នៅក្នុងការទប់ស្កាត់ការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ដោយប្រជាជនសម្ងំនៅតែក្នុងផ្ទះ ខណៈអាជីវកម្មនានាចាប់ផ្ដើមបើកដំណើរឡើងវិញជាសន្សឹម។
ទិន្នន័យដដែលនេះបង្ហាញថា ការនាំចេញគ្រឿងអេឡិចត្រូនិច បានកើនឡើង ៥៤,១% ហើយការនាំចេញវាយនភ័ណ្ឌ រួមទាំងម៉ាស់ផងបានកើនឡើង ៥០,២%។ រដ្ឋបាលគយរបស់ចិនបាននិយាយថា អតិរេកពាណិជ្ជកម្មសរុបរបស់ចិន មានចំនួន១០៣,៣ ពាន់លានដុល្លារអាមេរិក។
អាជ្ញាធរគយចិន បានគូសបញ្ជាក់ថា ពាណិជ្ជកម្មបរទេសក៏កើនឡើងខ្ពស់ដែរដោយសារការងើបឡើងនូវផលិតកម្ម និងតម្រូវការនៅក្នុងសេដ្ឋកិច្ចជាច្រើន ដូចជាអឺរ៉ុប និងសហរដ្ឋអាមេរិក ជាដើមអំឡុងពេលឆ្លងរាតត្បាតវីរុសកូវីដ-១៩ ៕