ក្រុមហ៊ុន​យក្ស​កូរ៉េ LG កំពុង​សិក្សា​បោះទុន​រាប់ពាន់​លាន​ដុល្លារ ដើម្បី​សង់រោង​ចក្រ​ផលិត​អាគុយ​ថ្មី​ក្នុង​រដ្ឋ​មួយ​នៅ​សហរដ្ឋអាមេរិក

ដោយៈ​សុខុម

សេ​អ៊ូ​ល: ក្រុមហ៊ុន LG Energy Solution និង​ក្រុមហ៊ុន​ផលិត​រថយន្ត​អាមេរិក General Motors (GM) កំពុង​សិក្សា​ផែនការ​សាងសង់​រោងចក្រ ផលិត​អាគុយ​ថ្មី​មួយកន្លែង​នៅ​រដ្ឋ​ថេ​ន​ណឺ​ស៊ី (Tennessee) សហរដ្ឋអាមេរិក ដើម្បី​ឆ្លើយតប​ការកើនឡើង​តម្រូវការ​អាគុយ​សម្រាប់​រថយន្ត​អគ្គិសនី។ នេះ​បើ​យោងតាម​សារព័ត៌មាន The Korea Times ចុះផ្សាយ​កាលពី​ថ្ងៃទី៥ មីនា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ដកស្រង់​ប្រភព​ដែល​ទម្លាយ​ឱ្យដឹង កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី៤ មីនា​កន្លងមក​ថា បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុនមេ LG Group របស់​កូរ៉េខាងត្បូង មួយ​នេះ និង​ក្រុមហ៊ុន GM កំពុង​សិក្សា​ផែនការ​បោះទុន​រាប់ពាន់​លាន​ដុល្លារ ដើម្បី​សាងសង់​រោងចក្រ​ផលិត​អាគុយ​ទី២ នៅ​សហរដ្ឋអាមេរិក ខណៈ​តំណាង​មកពី​ក្រុមហ៊ុន​ទាំងពីរ​កំពុង​ចរចា​ជាមួយ​ក្រុមមន្ត្រី​រដ្ឋ​នេះ។

ក្រុមហ៊ុន GM ក៏បាន​បញ្ជាក់ដែរថា ពេលនេះ​ខ្លួន​កំពុង​សិក្សា ពី​លទ្ធភាព​សាងសង់​រោងចក្រ​ផលិត​អាគុយ​ទី២ នៅ​សហរដ្ឋអាមេរិក ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​LG Energy Solution។ ក្រុមហ៊ុន​សម្ព័ន្ធ​របស់​LGមួយ​នេះ បាន​បើក​ដំណើរការ​រោងចក្រ​មួយកន្លែង​រួចទៅហើយ​នៅ​រដ្ឋ​មី​ឈី​ហ្គែ​ន (Michigan) ហើយ​ក្រុមហ៊ុន​ទាំង​ពីរបាន​ចាប់​ដៃគូ​សហការ​សាងសង់​រោងចក្រ ផលិត​អាគុយ​មួយទៀត​នៅ​រដ្ឋ​អូ​ហាយ​អូ (Ohio) ដែល​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ២០២២ ។

ប្រភព​ដដែល​បាន​ទម្លាយ​ទៀតថា គម្រោង​រោងចក្រ​ថ្មី​នេះ អាច​នឹងមាន​ទីតាំងនៅ​ក្បែរ​រោងចក្រ​របស់​ក្រុមហ៊ុន GM ក្នុង​ទីក្រុង Spring Hill ដែល​ស្ថិតនៅ​ភាគខាងត្បូង​នៃ​ទីក្រុង Nashville។ ហើយ​ទំហំ​វិនិយោគ​នេះ គឺ​ប្រហាក់ប្រហែល​នឹង​ទំហំ​វិនិយោគ លើ​រោងចក្រ​របស់​ក្រុមហ៊ុន​ទាំងពីរ​នៅ​រដ្ឋ​អូ​ហា​អូ ដែលមាន​តម្លៃ២,៣ពាន់​លាន​ដុល្លារ។

ក្រុមហ៊ុន GM បានប្រកាស​រួចទៅហើយ នូវ​ផែនការ​ដ៏​មុតមាំ​របស់ខ្លួន ក្នុង​ការផលិត​រថយន្ត​ដំណើរការ ដោយ​ថាមពល​អគ្គិសនី​ទាំងស្រុង ឱ្យបាន​នៅត្រឹម​ឆ្នាំ២០៣៥ ដោយ​ឈប់​ផលិត​ម៉ាស៊ីន​សាំង និង​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​តទៅទៀត។

គណៈ​គ្រប់គ្រង​ម្នាក់​នៅ​ក្រុមហ៊ុន LG Energy Solution បាន​លើកឡើងថា ពេលនេះ ក្រុមហ៊ុន​ទាំងពីរ​កំពុង​ពិភាក្សាគ្នា អំពី​ការវិនិយោគ​បន្ថែម។ ប្រភព​ដដែល​នេះ​បាន​បន្ថែមទៀតថា “យើង​មិនអាច​បញ្ជាក់​លម្អិត ដោយ​គ្មាន​ការយល់ព្រម​ពី​ដៃគូ​សហការ​របស់​យើង​បានឡើយ ប៉ុន្តែ​អ្វីដែល​អាចនិយាយបាន​ពេលនេះ​គឺថា យើង​កំពុង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន GM ដើម្បី​ធ្វើការ​វិនិយោគ​បន្ថែមទៀត” ។

ជាការ​កត់សម្គាល់ ដំណឹង​ពាក់ព័ន្ធ​ការវិនិយោគ​របស់​ក្រុមហ៊ុន LG ក្នុង​ទំហំ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ នេះ​កើតមានឡើង​ក្រោយ​ធ្លាយ​ដំណឹង កាលពីពេលថ្មីៗថា ក្រុមហ៊ុន​កូរ៉េខាងត្បូង មួយទៀត​គឺ​ក្រុមហ៊ុន Samsung កំពុង​សិក្សា​ទីតាំង ដើម្បី​បោះទុន​រហូតដល់​ទៅ ១៧ពាន់​លាន​ដុល្លារ សម្រាប់​ការសាងសង់​រោងចក្រ ផលិត​បន្ទះ​ឈី​ប​ថ្មី​មួយកន្លែង​នៅ​សហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here