ក្រុមហ៊ុន Samsung កំពុង​រៀបចំ​ផែនការ​វិនិយោគ ១៧ពាន់​លាន​ដុល្លារ​នៅ​អាមេរិក

ដោយៈ​សុខុម

ក្រុង​សេ​អ៊ូ​ល: ក្រុមហ៊ុន Samsung កំពុង​សិក្សា​ទីតាំង២កន្លែង នៅ​រដ្ឋ​អា​រី​ហ្សូ​ណា និង​ទីតាំង​មួយកន្លែង​ទៀត​នៅ​ញូវយ៉ក ហើយ​មួយ​ទីតាំង​ទៀត​នៅ​ក្រុង​អូ​ស្ទី​ន (Austin) រដ្ឋ​តិច​សាសន៍ សហរដ្ឋអាមេរិក ដើម្បី​សាងសង់​រោងចក្រ​ផលិត​បន្ទះ​ឈី​ប​ថ្មី​មួយ ដែល​គ្រោង​បោះទុន​រហូតដល់​ទៅ ១៧ពាន់​លាន​ដុល្លារ។ នេះ​បើ​យោងតាម​ឯកសារ​ដែល​មន្ត្រី​រដ្ឋ​តិច​សាស​ទទួលបាន។

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី៣ មីនា ថា ឯកសារ​ចុះ​កាលបរិច្ឆេទ​ថ្ងៃទី ២៦ កុម្ភៈ​កន្លងមកនេះ ក៏បាន​ប៉ាន់ប្រមាណ​ដែរ​ថា ការបន្ធូរបន្ថយ​ពន្ធ​ពី​សង្កាត់​ត្រា​វី​ស (Travis County) ក្នុង​រដ្ឋ​តិច​សាស សម្រាប់​ការសាងសង់​រោងចក្រ​នេះ​នឹងមាន​ចំនួន​ប្រហែល១,៤៨ពាន់​លាន​ដុល្លារ សម្រាប់​រយៈពេល២០ឆ្នាំ ដោយ​កើនឡើង​ពី​ចំនួន​ដំបូង​ត្រឹម៨០៥.៥លាន​ដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឯកសារ​ដដែល​បញ្ជាក់​ថា ក្រុមហ៊ុន​អេឡិចត្រូនិក​ខ្នាត​យក្ស​របស់​កូរ៉េខាងត្បូង មួយ​នេះ កំពុង​ចរចា​ជាមួយ​ទីតាំងនៅ​រដ្ឋ​អា​រី​ហ្សូ​ណា និង​ញូវយ៉ក ដែល​សុទ្ធតែ​ផ្ដល់​លក្ខខណ្ឌ​ពិសេស​ដូចជា ការបន្ធូរបន្ថយ​ពន្ធ​លើ​អចលនទ្រព្យ និង “ជំនួយ​ហិរញ្ញវត្ថុ និង / ឬ​ឥណទាន​ពន្ធ” ដើម្បី​ផ្តល់​មូលនិធិ​ដល់​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម។

យោងតាម​ឯកសារ​ដដែល​ឱ្យដឹងថា រោងចក្រ​ថ្មី​ដែល​ក្រុមហ៊ុន Samsung គ្រោង​សាងសង់​នេះ​នឹង​ផលិត​បន្ទះ​ឈី​ប ហើយនឹង​ផ្ដល់ឱកាស​ការងារ​ចំនួន១.៨០០កន្លែង។

ក្រុមហ៊ុន Samsung មាន​រោងចក្រ​ផលិត​បន្ទះ​ឈី​ប​មួយ​រួចហើយ នៅ​ក្រុង​អូ​ស្ទី​ន ប៉ុន្តែ​បាន​បិទទ្វារ​ជា​បណ្ដោះអាសន្ន ដោយសារ​ព្យុះ​កំណាច​នា​រដូវរងា កាលពី​ខែ​មុន ហើយ​តាម​ការរំពឹងទុក​នឹង​បើក​ដំណើរ​ឡើងវិញ នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ។

ក្រុមហ៊ុនធំៗរបស់​សហរដ្ឋអាមេរិក ដែល​ក្លាយជា​អតិថិជន​ទិញ​បន្ទះ​ឈី​ប​របស់​ក្រុមហ៊ុន Samsung រួមមាន​ដូចជា ក្រុមហ៊ុន Tesla Inc ក្រុមហ៊ុន Qualcomm Inc និង​ក្រុមហ៊ុន Nvidia ជាដើម។

អ្នកនាំពាក្យ​ក្រុមហ៊ុន Samsung បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters កាលពី​ថ្ងៃ​ពុធ ទី៣ មីនា ថា ក្រុមហ៊ុន​របស់​កូរ៉េខាងត្បូង​មួយ​នេះ កំពុង​ពិចារណា​លើ​លទ្ធភាព​មួយចំនួន​ទាក់ទិន​នឹង​ការពង្រីក​អាជីវកម្ម ប៉ុន្តែ​មិនបាន​បញ្ជាក់​លម្អិត​នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here