សហជីពលើកឡើងថាការឆ្លងចូលក្នុងរោងចក្រនៃកូវីដ១៩អាចប៉ះពាល់ដល់សង្វាក់ផលិតកម្ម និងការនាំចេញ

ដោយៈលក្ខិណា

ភ្នំពេញៈ ករណីឆ្លងចូលសហគមន៍នៃជំងឺកូវីដ១៩ បានរាលដាលកាន់តែធំ និងបានរកឃើញករណីវិជ្ជមានមួយ ជាអ្នកធ្វើការក្នុងរោងចក្រមួយកន្លែងនៅព្រែកជ្រៃ ខណ្ឌដង្កោ ក្រុមការងារសុខាភិបាល ក៏ចុះយកសំណាកអ្នកពាក់ព័ន្ធរាប់រយនាក់ផងដែរ ដើម្បីធ្វើតេស្តនិងធ្វើចត្តាឡីស័ក។

ក្នុងករណីនេះ សហជីពកម្មករកម្ពុជាបានលើកឡើងថា ការឆ្លងចូលក្នុងរោងចក្រនៃជំងឺកូវីដ១៩នេះ វានឹងអាចប៉ះពាល់ធំដល់សេដ្ឋកិច្ច ដូចជា ការផលិតនិងការនាំចេញ បើសិនជាការទប់ស្កាត់មិនបានត្រឹមត្រូវនោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកអាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាបាន  ឱ្យដឹងតាមទូរសព្ទនាព្រឹកថ្ងៃទី៣ មិនានេះថា ការរកឃើញករណីវិជ្ជមាន លើកម្មករម្នាក់ក្នុងរោងចក្រ ក្រសួងសុខាភិបាល ត្រូវតាមរកអ្នកដែលពាក់ព័ន្ធទាំងអស់ មកធ្វើតេស្តនិងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ហើយករណីនេះ វាមានពាក់ព័ន្ធច្រើនណាស់ដូចសម្លកំពិស ព្រោះថាកម្មករគឺមានប្រាស្រ័យទាក់ទងគ្នាបន្តបន្ទាប់។

យ៉ាងណាក៏ដោយលទ្ឋផល នៃការធ្វើតេស្តលើកម្មករ និយោជិតចំនួនជាង៧០០នាក់នៅរោងចក្រនោះ បានបង្ហាញលទ្ឋផលអវិជ្ជមាន។ នេះបើតាមការប្រកាសរបស់នាយកដ្ឋានប្រយុទ្ឋនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល។

លោកអាត់ ធន់បានបន្តថា សម្រាប់រោងចក្រដែលមានពាក់ព័ន្ធ ក៏ត្រូវផ្អាកដំណើរការមួយរយៈ ដើម្បីឱ្យប្រាកថាកម្មករទាំងអស់ នឹងមិនមានករណីវិជ្ជមានបន្តទៀត ហើយកម្មករដែលពាក់ព័ន្ធ គឺត្រូវឱ្យសម្រាក១៤ថ្ងៃ ធ្វើចត្តាឡីស័កនិងធ្វើតេស្ត។ ដូច្នេះពួកគាត់នៅតែផ្ទះ១៤ថ្ងៃ អញ្ចឹងរោងចក្រក៏ផ្អាកយ៉ាងហោចក៏១៤ថ្ងៃដែរ ។

លោកបន្តថា “បើសិនជាមានរកឃើញបន្តបន្ទាប់ទៀត ក្រុមហ៊ុនឬរោងចក្រនោះ នៅបន្តផ្អាកការងារ ដែលធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវ៉ាក់ផលិតកម្ម និងប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជាផងដែរ ប៉ះពាល់ដល់ប្រាក់ចំណូលរបស់កម្មករ”។ លោកបន្ថែមថា “មិនតែប៉ុណ្ណោះ វាក៏នឹងប៉ះពាល់ដល់ការនាំចូលវត្ថុធាតុដើម ពីខាងក្រៅមកបម្រើដល់ខ្សែច្រវ៉ាក់ផលិតកម្មរោងចក្រនៅកម្ពុជាផងដែរ”។

លោកអាត់ ធន់បានបន្ថែមថា ទោះបីជាមានការខាតបង់យ៉ាងណា អាយុជីវិតពល​រដ្ឋវាសំខាន់ ដូច្នេះត្រូវការថែរក្សាសុខភាពពលរដ្ឋជាមុនសិន ដោយផ្អាកការងារហើយឱ្យពលរដ្ឋនៅផ្ទះធ្វើចត្តាឡីស័ក និងមិនត្រូវចេញដើរទៅណាផ្ដេសផ្ដាស់ឡើយ ។

អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរលោកខេន លូបានលើកឡើងថា វាជាការព្រួយបារម្ភមួយ ដែលមានករណីឆ្លងចូលក្នុងរោងចក្រ ហើយនឹងធ្វើប៉ះពាល់ដល់វិស័យ​នេះផងដែរ ។ កន្លងមកសមាគម បានចូលរួមជាមួយរដ្ឋាភិបាល ក្នុងការទប់ស្កាត់កូវីដ១៩ ដោយអនុវត្តន៍តាមវិធានការនានា របស់ក្រសួងសុខាភិបាលជាប់ជានិច្ចផងដែរ។

យោងតាមរបាយការណ៍របស់នាយកដ្ឋាន ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលបានឱ្យដឹងថា អ្នកពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោលជាមួយកម្មកររោងចក្រវិជ្ជមានកូវីដ១៩ ជាង៧០០នាក់ គឺទទួលបានលទ្ធផលតេស្តអវិជ្ជមានទាំងអស់ និងកំពុងដាក់ចត្តាឡីស័កនិងតាមដានបន្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here