បណ្តា​ប្រទេស​នានា​នៅលើ​ពិភពលោក​ពិនិត្យ​សើរើ​ឡើងវិញ​នូវ​ពន្ធ​លើ​ផលចំណូល​អាជីវកម្ម

ដោយៈ​សុខុម

ប៉ារីសៈ  បំណុល​សាធារណៈ ដែល​បាន​កើនឡើង​កាន់តែ​ធំទៅៗ នៅពេល​រដ្ឋាភិបាល​នានា បាន​បញ្ចេញ​កញ្ចប់​ថវិកា​ស្ដារ​សេដ្ឋកិច្ច ពី​វិបត្តិ​កូ​វីដ-១៩ កំពុងតែ​ជំរុញឱ្យមាន​ការគិតគូ​រ​ឡើងវិញ​ជា​លើកដំបូង អំពី​ការធ្លាក់ចុះ​អត្រាពន្ធ​លើ​ផល​ចំណូល​អាជីវកម្ម (Corporate Tax) ក្នុង​រយៈពេល៤ទសវត្សរ៍​មកនេះ នៅ​ទូទាំង​ពិភពលោក។ នេះ​បើ​យោងតាម​សារព័ត៌មាន CNA ចុះផ្សាយ​កាលពី​ថ្ងៃទី០២ មីនា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេស​អង់គ្លេស ប្រហែល​ក្លាយជា​ប្រទេស​ដំបូង​គេ​បង្អស់ ដែល​អាច​ពិនិត្យ​សើរើ​រឿងនេះ​ឡើងវិញ​នៅ​ថ្ងៃ​ពុធ ទី៣ មីនា នេះ​ដោយសារ​មានការ​រំពឹងទុក​ថា លោក Rishi Sunak រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ នឹង​ប្រកាស​ដំឡើង​ពន្ធ​តិចតួច លើ​ក្រុមហ៊ុន​សហគ្រាស​នៅក្នុង​ការប្រកាស​ទម្លាក់​កញ្ចប់​ថវិកា​របស់លោក ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ពី​វិបត្តិ​កូ​វីដ-១៩ ។

អត្រាពន្ធ​លើ​ផល​ចំណូល​អាជីវកម្ម១៩% របស់​អង់គ្លេស នាពេល​បច្ចុប្បន្ន​ស្ថិតក្នុង​ចំណោម​អត្រា​ទាប​បំផុត ក្នុងចំណោម​ប្រទេស​អ្នកមាន​ចំនួន៣៧ ដែលជា​សមាជិក​នៃ​អង្គការ​សម្រាប់​ការអភិវឌ្ឍន៍ និង​សហប្រតិបត្តិការ​សេដ្ឋកិច្ច (OECD) ដែលមាន​អត្រាពន្ធ​ជា​មធ្យម២៣% ។

ប្រទេស​នានា​ជុំវិញ​ពិភពលោក​បាន​ប្រកួតប្រជែង​គ្នា បន្ទាប​បន្ទុក​ពន្ធ​លើ​ក្រុមហ៊ុន​សហគ្រាស ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មកនេះ ក្រោយ​មាន​បដិវត្តន៍​ទីផ្សារសេរី ដោយ​អតីត​ប្រ​ធា​ធិបតី​សហរដ្ឋអាមេរិក លោក Ronald Reagan និង​អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស លោកស្រី Margaret Thatcher ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៨០ ប្រឆាំង​រដ្ឋាភិបាល ហើយ​ងាក​ទៅ​គាំទ្រ​អាជីវកម្ម។

អង្គការ OECD ចាប់ផ្តើម​ប្រមូល​ទិន្នន័យ ចាប់តាំងពី​ឆ្នាំ២០០០ មក ហើយ​លទ្ធផល​បាន​បង្ហាញថា អត្រាពន្ធ​ជា​មធ្យម​បាន​ធ្លាក់ចុះ ៩% មកដល់​កម្រិត​ទាប​បំផុត មិន​ធ្លាប់មាន​នៅក្នុង​ប្រទេស​ជាច្រើន។ លើសពីនេះ ក្រុមហ៊ុន​នានា​ថែមទាំង​បង់ពន្ធ​តិចជាង ឬ​ពេលខ្លះ​តិចជាង​ឆ្ងាយ បើ​ធៀប​នឹង​អត្រាពន្ធ​ដូច​មានចែង ក្នុង​លក្ខន្តិកៈ​ដោយសារ​ប្រទេសនីមួយៗមាន​វិធាន​កាត់​បន្ថយពន្ធខុសៗគ្នា។

លោក Michael P. Devereux អ្នកជំនាញ​មកពី​មជ្ឈមណ្ឌល​ពន្ធ​អាជីវកម្ម (Centre for Business Taxation) នៃ​សាកលវិទ្យាល័យ Oxford របស់​អង់គ្លេស បានលើកឡើង​អំពី​ចំណាត់ការ​របស់​អង់គ្លេស​ថា “ការដំឡើង​អត្រា​ពន្ធលើប្រាក់ចំណេញ​នឹង​ផ្ទុយ​ពី​និន្នាការ ក្នុង​រយៈពេល៣៥ឆ្នាំ​ចុង​ក្រោយនេះ ដែល​ជំរុញ​ដោយ​ការប្រកួតប្រជែង​ក្នុងចំណោម​ប្រទេស​នានា​ដើម្បី​ទាក់ទាញ​ការវិនិយោគ” ។

សម្រាប់​ករណី​ប្រទេស​អង់គ្លេស លោក Michael P. Devereux បាន​ព្រមាន​ថា ការដំឡើង​ការប្រកួតប្រជែង​ជា​អន្តរជាតិ លើ​បញ្ហា​ពន្ធ​នៅតែ​ជួប​ការលំបាក ទោះបីជា​សហរដ្ឋអាមេរិក កំពុង​ពិចារណា​ដំឡើង​ពន្ធ​ដែរ​ក៏ដោយ។

រដ្ឋការ​ថ្មី​របស់លោក​ចូ បៃ​ឌិន ចង់​កែប្រែ​ការកាត់បន្ថយ​ពន្ធ ក្រោម​រដ្ឋការ​របស់លោក​ដូ​ណា​ល់ ត្រាំ ដែល​ពេល​កាន់អំណាច​ឆ្នាំ​ដំបូង បាន​កាត់​បន្ថយពន្ធ​សហព័ន្ធ​លើ​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​នានា របស់​សហរដ្ឋអាមេរិក​ពី៣៥% មក​នៅត្រឹម២១% ។

លោក Wally Adeyemo អនុរដ្ឋមន្ត្រី​ក្រសួងរ​ត​នាគារ​សហរដ្ឋអាមេរិក បានលើកឡើង​កាលពី​ខែ​មុន​ថា ការដំឡើង​អត្រាពន្ធ​លើ​ផល​ចំណូល​អាជីវកម្ម នឹង​ជួយផ្តល់​មូលនិធិ​ដល់​ការវិនិយោគ ក្នុង​ឧស្សាហកម្ម​ជា​យុទ្ធសាស្ត្រ។

លោក​បាន​ប្តេជ្ញា​ថា​នឹង​បញ្ចប់ “ការប្រកួតប្រជែង​បន្ទាប​អត្រាពន្ធ ដល់​ចំណុច​បាត” លើ​ការយកពន្ធ​លើ​ផល​ចំណូល​អាជីវកម្ម​ជាស​កល។

ការជជែក​ដេញដោល​បែបនេះ​កើតមានឡើង នៅពេល​រដ្ឋាភិបាល​នៃ​ប្រទេស​ជិត ១៤០ កំពុង​ចរចា​គ្នា​ដើម្បី​ឈានដល់​ការព្រមព្រៀង លើ​អត្រាពន្ធ​លើ​ផល​ចំណូល​អាជីវកម្ម​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ២០២១នេះ ដោយ​ក្រុម​អ្នកចូលរួម​និយាយថា អាច​នឹង​ញ្ច​ប់​អត្រាពន្ធ​ទាប​នា​ន​ពេលបច្ចុប្បន្ន១២,៥% របស់​ប្រទេស​អៀរ​ឡង់។

ប្រទេស​អៀរ​ឡង់ ដែល​ប្រមូល​ពន្ធ​លើ​ផល​ចំណូល​អាជីវ​កម្មបាន១១,៨ ពាន់​លាន​អឺរ៉ូ (ជាង ១៤ ពាន់​លាន​ដុល្លារ)កាលពី​ឆ្នាំមុន ត្រូវបាន​គូប្រជែង​ចោទប្រកាន់ថា ប្រើប្រាស់​គោលនយោបាយ​ពន្ធ ក្នុង​រូបភាព​មិន​ត្រឹមត្រូវ ដើម្បី​ទាក់ទាញ​ការវិនិយោគ​ពហុ​ជាតិ​សាសន៍។

ប្រទេស​នេះ​បាន​ប៉ាន់ប្រមាណ​ថា ការប្រមូល​ចំណូល​ពន្ធ​លើ​ផល​ចំណូល​អាជីវកម្ម​របស់ខ្លួន អាច​នឹង​ធ្លាក់​ចុះមក​នៅត្រឹម២ពាន់​លាន​អឺរ៉ូ (២,៤ ពាន់​លាន​ដុល្លារ) ក្នុង​មួយឆ្នាំ ប្រសិនបើ​បណ្តា​ប្រទេស​នានា​នៅលើ​ពិភពលោក ឈានដល់​កិច្ចព្រមព្រៀង​ដ៏​មាន​មហិច្ឆតា​ខាងលើនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here