ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បណ្តាប្រទេសអឺរ៉ុបសម្រេចបានទំហំទឹកប្រាក់ជិត៤ពាន់លានដុល្លារ

ដោយៈ សាវុធ

ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងបណ្តាប្រទេសនៅអឺរ៉ុបមានទំហំទឹកប្រាក់ប្រមាណ៣,៨ពាន់លានដុល្លារក្នុងឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានចេញផ្សាយកាលពីថ្មីៗនេះ។

របាយការណ៍បានបង្ហាញថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំមុន កម្ពុជាបាននាំចេញទំនិញមានតម្លៃ៣,២ពាន់លានដុល្លារទៅកាន់សហគមន៍អ៊ឺរ៉ុបដែលមាន២៧ប្រទេស ខណៈកម្ពុជានាំចូលផលិតផលពីអឺរ៉ុបមានតម្លៃ៦៥៩លានដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅឆ្នាំ២០១៩ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហភាពអឺរ៉ុប រួមទាំងចក្រភពអង់គ្លេសជារដ្ឋសមាជិកមានតម្លៃ៥,៦ពាន់លានផោន (ស្មើនឹងប្រមាណ៦.៧ពាន់លានដុល្លារ)។

សហគមន៍អ៊ឺរ៉ុបគឺជាទីផ្សារសំខាន់មួយរបស់ប្រទេសកម្ពុជា។ ផលិតផលកម្ពុជាដែលនាំចេញទៅប្លុកនេះភាគច្រើនជាផលិតផលកាត់ដេរ ផលិតផលកសិកម្ម និងកង់ជាដើម។

នៅចន្លោះឆ្នាំ២០១៤ និង២០២០ សហភាពអឺរ៉ុបបានផ្តល់ហិរញ្ញប្បទានចំនួន ១,៤ ពាន់លានដុល្លារអាមេរិក (រួមទាំងជំនួយឥតសំណងចំនួន ១,១ ពាន់លានដុល្លារនិងប្រាក់កម្ចីទន់ ៣០០ លានដុល្លារអាមេរិក) ដើម្បីគាំទ្រដល់យុទ្ធសាស្ត្រសហប្រតិបត្តិការអភិវឌ្ឍន៍អឺរ៉ុបសម្រាប់កម្ពុជាឆ្នាំ ២០១៤-២០២០ និងប្រហែល ៤១០ លានអឺរ៉ូដើម្បីគាំទ្រសហគមន៍អឺរ៉ុប។

លោកប្រាក់ សុខុនរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិមានប្រសាសន៍កាលពីថ្មីៗនេះថា បណ្តាប្រទេសអឺរ៉ុបបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជាក្នុងរយៈពេលពីរទសវត្សកន្លះចុងក្រោយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here