ដោយៈ ម៉ាណេត
ភ្នំពេញៈ ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង៣លើពិភពលោក សម្រេចបានទំហំទឹកប្រាក់ ប្រមាណ១៦,៦២ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២០ ។
សហរដ្ឋអាមេរិក
ការនាំចេញរបស់ប្រទេសកម្ពុជា ទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០២០ នៅតែមានភាពរឹងមាំ បើទោះបីជាមានវិបត្តិជំងឺកូវិដ១៩ ខណៈគោលដៅនាំចេញសំខាន់ៗផ្សេងទៀតមានការធ្លាក់ចុះ។
តួលេខពីការិយាល័យជំរឿន សហរដ្ឋអាមេរិកបានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បានកើនឡើងដល់៦.៩២ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ កើនឡើង ១៧,៨ភាគរយ។
ទិន្នន័យឱ្យដឹងទៀតថា កាលពីឆ្នាំមុនកម្ពុជាបាននាំចេញ ទំនិញមានតម្លៃ៦,៥៧ពាន់លានដុល្លារអាមេរិកទៅកាន់ប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេនៅលើពិភពលោក កើនឡើង២២,៨ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ។ ការនាំចូលរបស់កម្ពុជាបាននាំចូលផលិតផល មានតម្លៃ៣៤៣លានដុល្លារអាមេរិក ពីសហរដ្ឋអាមេរិកធ្លាក់ចុះ៣៣ភាគរយ។
មហាមិត្តចិន
ការនាំចេញសរុបរបស់កម្ពុជា ទៅចិនបានបន្តកើនឡើងកាលពីឆ្នាំមុន បើទោះបីសង្វាក់ផ្គត់ផ្គង់ ត្រូវបានរំខានដោយវិបត្តិកូវិដ១៩ ខណៈពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរ សម្រេចបានទំហំទឹកប្រាក់ប្រមាណជាង៨ពាន់លានដុល្លារ។
យោងតាមទិន្នន័យចុងក្រោយ របស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការនាំចេញរបស់កម្ពុជា ទៅកាន់ចិនមានទំហំទឹកប្រាក់១,០៨ពាន់លានដុល្លារកាលពីឆ្នាំមុន បានកើនឡើងជាង៨ភាគរយ បើប្រៀបធៀប ឆ្នាំ២០១៩ ។ ដោយឡែក ការនាំចូលរបស់កម្ពុជាពីចិនមានទំហំទឹកប្រាក់ជាង៧ពាន់លានដុល្លារកាលពីឆ្នាំមុន បានធ្លាក់ចុះប្រហែល១០ភាគរយ។
ប្រទេសជប៉ុន
ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងជប៉ុន ក្នុងឆ្នាំ២០២០ កន្លងទៅមានតម្លៃសរុបជិត១.៧ពាន់លានដុល្លារអាមេរិក ប្រៀបធៀបនឹងឆ្នាំ២០១៩ឃើញថា ធ្លាក់ចុះ១៦ភាគរយ ស្មើនឹងប្រមាណជាង២ពាន់លានដុល្លារ។
ទិន្នន័ពីក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី១៧ ខែ កុម្ភៈ ឆ្នាំ២០២១នេះ បានឱ្យដឹងថា ឆ្នាំ២០២០ ការនាំចេញរបស់ទៅកាន់ទីផ្សារជប៉ុន ក្នុងទំហំទឹកប្រាក់ជាង១ពាន់លានដុល្លារ ខណៈការនាំចូលវិញ ក្នុងទំហំទឹកប្រាក់ជាង ៦៣៧លានដុល្លារ។
ទិន្នន័យបានឱ្យឹងថា ដោយឡែក នៅឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានប្រមា ២ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនប្រមាណ១.២ពាន់លានដុល្លារ ហើយការនាំចូលពីជប៉ុនមានប្រមាណ៨០០លានដុល្លារ៕