ការវិនិយោគលើវិស័យគមនាគមន៍ក្នុងប្រទេសចិនទទួលបានកំណើនជាង៤០ភាគរយក្នុងខែមករាដើមឆ្នាំនេះ

ដោយៈសុខុម

ប្រទេសចិនៈ យោងតាមទិន្នន័យផ្លូវការចេញ កាលពីចុងសប្ដាហ៍កន្លងទៅបង្ហាញថា ការវិនិយោគលើអចលនទ្រព្យផ្នែកផ្លូវដឹកជញ្ជូនក្នុងប្រទេសចិន ទទួលបានកំណើនខ្ពស់គួរឱ្យភ្ញាក់ផ្អើលក្នុងខែមករា ដើមឆ្នាំ២០២១ នេះ ស្របពេលសេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងងើបឡើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Global Times។

ក្រសួងដឹកជញ្ជូនចិនបានលើកឡើងថា នៅក្នុងខែមករា ទំហំវិនិយោគលើអចលនទ្រព្យផ្នែកផ្លូវដឹកជញ្ជូន មានទំហំរហូតដល់២៩.៥៦ពាន់លានដុល្លារ កើនឡើង៤២,១% ធៀបនឹងឆ្នាំ២០២០ និងកើនឡើង១៣,៨% ធៀបនឹងខែមករា ឆ្នាំ២០១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាពិសេសការវិនិយោគលើផ្លូវហាយវ៉េ និងផ្លូវទឹកមានចំនួន២២ពាន់លានដុល្លារ ពោលគឺកើនឡើង៥២,៣% ធៀបនឹងឆ្នាំ២០២០ និងកើនឡើង១១,៨% ធៀបនឹងខែមករា ឆ្នាំ២០១៩។

ក្នុងឆ្នាំ២០២០កន្លងមកនេះ ដោយស្ថិតក្រោមសម្ពាធពីការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ការវិនិយោគលើអចលនទ្រព្យទូទាំងប្រទេស ពិសេសផ្នែកផ្លូវហាយវ៉េ និងផ្លូវទឹកបានឈានដល់៤០០ពាន់លានដុល្លារ គឺកើនឡើង ៤៣,៨% ធៀបនឹងឆ្នាំ២០១៩ ដែលស្មើនឹង១៤៣,៨% នៃការវិនិយោគប្រចាំឆ្នាំដែលបានគ្រោងទុក។

លោក Sun Wenjian អ្នកនាំពាក្យក្រសួងដឹកជញ្ជូន​ បានលើកឡើងក្នុងសន្និសីទសារព័ត៌មានថា ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញឱ្យការងារ និងផលិតកម្មដំណើរការឡើងវិញ។

អ្នកនាំពាក្យរូបនេះបានបន្តថា គម្រោងសំខាន់ៗក្នុងឆ្នាំ២០២១ នេះរួមមានផ្លូវទឹកជម្រៅ៦ម៉ែត្រពីទីក្រុងវូហាន (Wuhan) ក្នុងខេត្តហ៊ូប៉ី (Hubei) ទៅកាន់ក្រុងអានឈីង (Anqing) ក្នុងខេត្តអានហួយ (Anhui) កាត់ទន្លេយ៉ាងចឺ (Yangtze River) ស្ពានស៊ឹនជិន-ចុងសាន (Shenzhen-Zhongshan Bridge) និងផ្លូវរថភ្លើងល្បឿនលឿនគ័ងចូវ-ចានជាំង (Guangzhou-Zhanjiang High-speed Railway) កាត់ខេត្តគ័ងតុង (Guangdong) ក្រុងហុងកុង និងម៉ាកាវ។

ទន្ទឹមនេះក៏មានគម្រោងផ្សេងៗទៀតផងដែរ រួមមាន គម្រោងពង្រីកដំណាក់កាលទី៣ លើអាកាសយានដ្ឋានគួយយ៉ាង (Guiyang Airport) ក្នុងខេត្តគួយចូវ (Guizhou) និងផ្លូវល្បឿនលឿនអ៊ូយូមឈី-យូលី (Urumqi-Yuli Expressway) ក្នុងតំបន់ស្វយ័តស៊ីនជាំង (Xinjiang) ទីដែលពួកជនជាតិភាគតិចវីហ្គួ (Uygur) រស់នៅ។

គម្រោងទាំងនេះកសាងឡើង ស្របនឹងផែនការដាក់ចេញផែនការប្រកបដោយមហិច្ឆតារបស់រដ្ឋាភិបាលចិន ខណៈប្រទេសនេះ មានមហិច្ឆតាកសាងផ្លូវដែកឱ្យបានប្រវែង២០០.០០០គីឡូម៉ែត្រ ផ្លូវហាយវ៉េប្រវែង៤៦០.០០០គីឡូម៉ែត្រ និងផ្លូវសមុទ្រទឹកជ្រៅប្រវែង២៥.០០០ គីឡូម៉ែត្រនៅត្រឹមឆ្នាំ២០៣៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here