សកម្មភាពជួញដូរមូលបត្ររបស់ធនាគារអេស៊ីលីដាទទួលបានកំណើនបន្ថែមក្នុងឆ្នាំ២០២១នេះ

ដោយៈលក្ខិណា

ភ្នំពេញៈ ចាប់តាំងពីធនាគារអេស៊ីលីដា បានបោះផ្សាយមូលបត្ររបស់ខ្លួននៅក្នុងផ្សារមូលបត្រកម្ពុជា ធ្វើឱ្យទីផ្សារនៃវិស័យមួយនេះ ទទួលបានសកម្មភាពបន្ថែមនិងមានការជួញដូរច្រើនក្នុងមួយថ្ងៃនេះ។

អគ្គនាយកនៃក្រុមហ៊ុនមូលបត្រកម្ពុជា លោកហុង សុហួរ បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ ការជួញដូរមូលបត្ររបស់ធនាគារអេស៊ីលីដា នៅតែមានកំណើននិងមានអ្នកចុះឈ្មោះជួញដូរថ្មីៗជាបន្តបន្ទាប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីម៉ារ អមរា អនុប្រធាននាយិកាប្រតិបត្តិធនាការអេស៊ីលីដាបានមានប្រសា​សន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៦ កុម្ភៈនេះថា ថ្វីតត្បិតតែឆ្នាំ ២០២១ ទើបតែចាប់ផ្ដើមបានជិត២ខែក្ដី តែសាធារណជនមានការចាប់អារម្មណ៍ច្រើន ហើយក៏កំពុងមានការស្វែងយល់បន្តបន្ទាប់ពីសំណាក់សាធារណជន ដែលមិនទាន់យល់ច្បាស់ពីការជួញដូរមូលបត្រ ។

លោកស្រីនិយាយថា “សាធារណជនបានបង្ហាញពីការចាប់អារម្មណ៍ច្រើន លើវិស័យមូលបត្រច្រើន ជាពិសេសពីដំណើរការជួញដូរមូលបត្រ របស់ធនាគារអេស៊ីលីដាភីអិលស៊ី ដែលទើបប្រកាសបោះផ្សាយ កាលពីអំឡុងពាក់កណ្ដាលឆ្នាំ ២០២០” ។ លោកស្រីបន្តថា តាមរយៈការសួរនាំច្រើនពីសំណាក់សាធារណជន លើការទិញលក់មូលបត្ររបស់អេស៊ីលីដានៅក្នុងផ្សារមូលបត្រកម្ពុជា លោកស្រីរំពឹងថាឆ្នាំ២០២១នេះ ការទិញលក់និងជួញដូរភាគហ៊ុនរបស់អេស៊ីលីដា នឹងមានការកើនឡើងជាងឆ្នាំ ២០២០”។

ជាមួយគ្នានេះ លោកស៊ូ សុជាតិអគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា កន្លងមកបានលើកឡើងថា ក្រោយពេលធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា បានចូលក្នុងផ្សារហ៊ុនកម្ពុជា វាបានជំរុញឱ្យសកម្មភាពវិនិយោគមូលបត្រ នៅក្នុងប្រទេសកម្ពុជាក៏ទទួលបានកំនើនមួយកម្រិតទៀត និងជាធ្នាក់មួយសម្រាប់ទាក់ទាញ ធនាគារពាណិជ្ជដទៃទៀតចូលក្នុងផ្សារមូលបត្រកម្ពុជាកាន់តែច្រើន។

លោកបន្តថា“ការវិនិយោគមូលបត្រ គឺជាការវិនិយោគមួយដែលអ្នកវិនិយោគស​ល់​លុយនៅក្នុងផ្ទះ ដូច្នេះគេអាចយកមកវិនិយោគក្នុងវិស័យមូលបត្រ ប៉ុន្តែយើងមិនលើកទឹកចិត្តដល់សាធារណជន ប្រើប្រាស់កម្ចីធនាគារ ឬមីក្រូហិរញ្ញវត្ថុដើម្បីមកវិនិយោគលើវិស័យមូលបត្រនោះទេ”។

បច្ចុប្បន្នក្នុងផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចំនួន៧បានបោះផ្សាយមូលបត្រក្នុងផ្សារមូលបត្រកម្ពុជា ក្នុងនោះតម្លៃភាគហ៊ុនរបស់ធនាគារអេស៊ីលីដា នៅតែមានតម្លៃជាងគេ នៅថ្ងៃទី២៦ កុម្ភៈ២០២១ ក្នុងនោះ ១ហ៊ុនមានតម្លៃ១៦.៨៨០រៀល និងកំពង់ផែស្វយ័តក្រុងព្រះសីហនុមានតម្លៃ១៣.២០០រៀលក្នុងមួយហ៊ុន ខណៈ តម្លៃភាគហ៊ុនរបស់កំពង់ផែស្វយ័តក្រុងភ្នំពេញ មានតម្លៃ ១២.៣០០រៀលក្នុងមួយហ៊ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here