ដោយៈ ម៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុន AREV Cambodia Brands Inc ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនកាណាដា AREV Nanotec Brand បានចាប់ផ្តើមដំណាក់កាលដំបូង នៃប្រតិបត្តិការផលិតវត្ថុធាតុដើម ដើម្បីគាំទ្រដល់ការផលិតអាហារបំប៉នរបស់ខ្លួន នៅជិតរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនកាលពីដើមសប្តាហ៍នេះ។
សេចក្តីប្រកាសដដែលបានឲ្យដឹងថា គំរោងនេះ នឹងប្រតិបត្តិការលើផ្ទៃដីទំហំ២០ហិកតា ដែលជាមូលដ្ឋានគាំទ្រដល់ការអភិវឌ្ឍវត្ថុធាតុដើម សម្រាប់ការច្នៃប្រឌិតផលិតផលអាហារបំប៉នរបស់ខ្លួន ដែលមានលើទីផ្សារនៅក្នុងត្រីមាសទី៣ឆ្នាំនេះ។
ក្រុមហ៊ុនបានឱ្យដឹងថា សសៃផ្សិតដែលត្រូវហៅថា Mycelium គឺជាប្រភពនៃប្រូតេអ៊ីនប្រកបដោយនិរន្តរភាព ក្នុងការផលិតជាអាហារបំប៉នរបស់ខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនមិនបញ្ជាក់ទីតាំងជាក់លាក់ថា តើទីតាំងប្រតិបត្តិការនេះស្ថិតកន្លែងណានោះតេ ហើយមិនបញ្ជាក់ពីទំហំទុនវិនិយោគផងដែរ។
លោកMike Withrow នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន AREV បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មាននេះថា“យើងបន្តកសាង និងធានានូវសង្វាក់ផ្គត់ផ្គង់គ្រឿងផ្សំរបស់យើង សម្រាប់ប្រើប្រាស់ក្នុងរូបមន្តរបស់យើង។
លោកបានថ្លែងបន្តថា “នេះពិតជាសំខាន់ណាស់ដើម្បីធានាថា យើងមានគ្រឿងផ្សំ ដែលមានគុណភាព និងអាចទទួលបាននូវវត្ថុធាតុដើម ដែលអាចទុកចិត្តបាន ដើម្បីទាញយកទៅក្នុងផលិតផលសំខាន់ៗ ដែលយើងកំពុងអភិវឌ្ឍ ដើម្បីដោះស្រាយកង្វះអាហារូបត្ថម្ភនៅក្នុងបរិបទនៃជំងឺរាតត្បាតរាត ដែលកំពុងកើនឡើងលើពិភពលោកបច្ចុប្បន្ន របស់យើង។
លោកបានឱ្យដឹងទៀតថា ការអភិវឌ្ឍរបស់យើង ជាមួយនឹងគំនិតផ្តួចផ្តើមកសិកម្មនៅភ្នំពេញ ដើម្បីដាំដុះmycelium ដើម្បីធានាថាប្រភពវត្ថុធាតុដើម មិនស្ថិតក្រោមការផ្លាស់ប្តូរតម្លៃយ៉ាងខ្លាំង នៅលើទីផ្សារទំនិញអន្តរជាតិនោះទេ៕