ចំនួន​អ្នកប្រើប្រាស់​ការទូទាត់​តាម QR Code កើនឡើង​ខ្ពស់ ក្នុងពេល​ផ្ទុះ​ជំងឺ​កូ​វីដ១៩ ជាថ្មី​ចូលក្នុង​សហគមន៍

ដោយៈ លក្ខិណា

ភ្នំពេញៈ ចំនួន​អ្នកប្រើប្រាស់​ការទូទាត់​តាម​ប្រព័ន្ធ QR Code កើនឡើង​ខ្ពស់ អំឡុងពេល​កម្ពុជា​ជួបប្រទះ​នឹង​ការ​រា​ត្បា​ត​ជាថ្មី​នៃ​ជំងឺ​កូ​វីដ១៩ ក្នុង​សហគមន៍ ខណៈ​រាជរដ្ឋាភិបាល​ក៏បាន​អំពា​នាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ទប់ស្កាត់​ការឆ្លង​កាន់​ច្រើន រួម​ទាង​ក្នុងការ​ទូទាត់​ការចំណាយ ដោយ​មិន​ប្រើ​ក្រដាស់ប្រាក់។

លោកស្រី​ម៉ារ អមរា​អនុប្រធាន​នាយិកា​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា​ភីអិលស៊ី បាន​ថ្លែងប្រាប់​នៅ​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ​ថា កំណើន​នៃ​អ្នកប្រើប្រាស់​ការទូទាត់​តាមរយៈ​ការ​ស្កែ​ន QR Code បាន​កើន​ឡើងជា​បន្តបន្ទាប់​ចាប់តាំងពី​ធនាគារ​បានដាក់​ឱ្យ​ដំណើរការ​នៅតាម​ទីតាំង​អាជីវកម្ម​ជាច្រើន​រួចហើយ។

លោកស្រី​បាន​ថ្លែងថា ក៏ប៉ុន្តែ​ភ្ជាប់​ជាមួយនឹង​ព្រឹត្តិការណ៍ថ្មី២០កុម្ភៈ២០២១នេះ ឃើញថា ទីតាំង​កាន់តែច្រើន​បានដាក់​ការទូទាត់​តាម​ប្រព័ន្ធ QR Code ដើម្បីឱ្យ​អតិថិជន​អាច​ស្កែ​ន និង​ទូទាត់​ការចំណាយ​របស់ខ្លួន​តា​មរយៈ​ទូរ​សព្ទ​ដៃ​វិញ ដែលជា​ការងាយស្រួល និង​សុវត្ថិភាព​សម្រាប់​អតិថិជន និង​ម្ចាស់​អាជីវកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី​បន្តថា ការ​ស្កែ​ន QR Code សម្រាប់​ការទូទាត់​នឹងមិន​ចាំបាច់​ឱ្យ​អតិថិជន​មាន​ប្រាក់​ជាប់​ខ្លួន ហើយ​មិនតែប៉ុណ្ណោះ​អតិថិជន​ក៏​អាច​ប្រើប្រាស់​អេប​របស់​អេស៊ីលីដា​ម៉ូ​បាល​ក្នុងការ​ទូទាត់​នានា​បាន​ផងដែរ ដោយ​មិនបាច់​ធ្វើដំណើរ​ទៅកាន់​បញ្ជរ​ធនាគារ​ឬ​ការទូទាត់​ផ្ទាល់​ឡើយ ដូចជា​ការបង់​ទឹក​បង់​ភ្លើង ជាដើម ដោយ​មិនបាច់​ធ្វើដំណើរ​ទៅ​បង់​ផ្ទាល់ ។

លោកស្រី​បន្ថែមថា កំណើន​អ្នក​ចុះឈ្មោះ​ប្រើប្រាស់​អេប​អេស៊ីលីដា​ម៉ូ​បាល​បាន​កើនឡើង​បន្តបន្ទាប់​ដែល​មកដល់ពេលនេះ មាន​ប្រមាណ​ជិត២លាន​នាក់​ហើយ ខណៈ​ពីមុន​នេះ​បន្តិច​មាន​ត្រឹម​ជាង១លាន​នាក់​ប៉ុណ្ណោះ ។ ចំណែក​ទីតាំង​អាជីវកម្ម​ដែល​សហការ​ជាមួយនឹង​ធនាគារ​អេស៊ីលីដា​ក្នុង​ការដាក់​ទូទាត់​តាម​ប្រព័ន្ធ QR ក៏ មានច្រើនឡើងៗផងដែរ ។

ក្រៅពី​ការទូទាត់ តាម​ប្រព័ន្ធ QR Code បច្ចុប្បន្ន​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ក៏មាន​ការ ទូទាត់​តាម​មធ្យោបាយ បច្ចេកវិទ្យា​ផ្សេងទៀត​ផងដែរ ដោយ​មិន​ប្រើប្រាស់​ក្រដាសប្រាក់​ដូចជា ម៉ាស៊ីន​ឆូត​កាត (POS) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here