ធនាគារធំបំផុតរបស់អាមេរិកត្រៀមទឹកប្រាក់៣៥០លានដុល្លារជួយស្រោចស្រង់អាជីវកម្មជនជាតិភាគតិច

ដោយៈ សុខុម

ញូវយ៉ក: នៅថ្ងៃព្រហ្បតិ៍ ទី២៥ កុម្ភៈ នេះ JPMorgan Chase & Co ដែលជាធនាគារ និងជាក្រុមហ៊ុនហិរញ្ញវត្ថុធំបំផុតរបស់អាមេរិក បានសន្យាថានឹងផ្តល់ប្រាក់ចំនួន៣៥០លានដុល្លារបន្ថែមទៀត ដើម្បីជួយស្រោចស្រង់អាជីវកម្មនានា ដែលគ្រប់គ្រងដោយពលរដ្ឋស្បែកខ្មៅ និងស្ត្រី។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយក្នុងថ្ងៃដដែលឱ្យដឹងថា ការសន្យាផ្ដល់ប្រាក់ខាងលើនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយរបស់ធនាគារនេះ ដើម្បីជួយកាត់បន្ថយគម្លាតទ្រព្យសម្បត្តិរវាងពួកស្បែកស និងស្បែកខ្មៅនៅសហរដ្ឋអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងចំណោមថវិកាសរុបនេះ ចំនួន៤២.៥លានដុល្លារ នឹងបានទៅលើមូលនិធិ Entrepreneurs of Color Fund ដែលផ្ដល់ប្រាក់កម្ចីមានការប្រាក់ទាបទៅដល់ស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍សហគមន៍ (CDFI)។
CDFI ទាំងនេះធ្វើការជាចម្បងជាមួយម្ចាស់អាជីវកម្មធនតូចដែលទទួលបានសេវាមិនគ្រប់គ្រាន់នៅវ៉ាស៊ីនតោន ឌីស៊ី ក្រុងឈីកាហ្គោ ក្រុងឌីត្រយ (Detroit) និងក្រុងផ្សេងៗទៀតក្នុងសហរដ្ឋអាមេរិក។
ធនាគារ JPMorgan បានបង្កើនការវិនិយោគរបស់ខ្លួនទៅ។

ក្នុងសហគមន៍ទាំងនេះកាលពីឆ្នាំមុន នៅពេលហ៊ុនធំៗបង្ខំចិត្តឆ្លើយតបទៅនឹងមហាជន ដែលផ្ទុះកំហឹងកាន់តែខ្លាំងឡើងចំពោះការរើសអើងពូជសាសន៍ជាលក្ខណៈប្រព័ន្ធក្នុងសហរដ្ឋអាមេរិក ក្រោយប៉ូលិសបានសម្លាប់បុរសជនជាតិស្បែកខ្មៅម្នាក់ឈ្មោះ George Floyd នៅក្រុងមីនីអែលប៉ូលិស (Minneapolis)។ កាលពីខែតុលា ឆ្នាំ២០២០ ធនាគារនេះបាននិយាយថា ខ្លួននឹងផ្តល់ប្រាក់ចំនួន៣០ពាន់លានដុល្លារក្នុងរយៈពេល៥ឆ្នាំ ដើម្បីដោះស្រាយវិសមភាពពូជសាសន៍នៅសហរដ្ឋអាមេរិក។

តួយ៉ាង ការប្តេជ្ញាផ្ដល់ប្រាក់៤២.៥លានដុល្លារដល់មូលនិធិ Entrepreneurs of Color Fund គឺស្ថិតក្នុងចំណោមការចូលរួមចំណែកធំៗបំផុត ហើយវាច្រើនជាងចំនួនសរុបនៃកម្ចីការប្រាក់ទាបដែលមូលនិធិនេះបានផ្ដល់នៅក្រុងឌីត្រយ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកទៅទៀត។

លោក Ted Archer នាយកប្រតិបត្តិ និងជាប្រធានអាជីវកម្មធនតូច និងកិច្ចការមនុស្សធម៌នៅធនាគារ JPMorgan បានលើកឡើងថា ធនាគារ JPMorgan ប្តេជ្ញាផ្តល់ប្រាក់កម្ចីបន្ថែមទៀតដល់អាជីវកម្មនានាដែលគ្រប់គ្រងដោយជនជាតិស្បែកខ្មៅ និងជនជាតិភាគតិច។ លោកគូសបញ្ជាក់ថា ថវិកានេះនឹងជួយពង្រឹង CDFI ដើម្បីឱ្យពួកគេមានលទ្ធភាពផ្ដល់ប្រាក់កម្ចីទៅដល់ម្ចាស់អាជីវកម្មកាន់តែច្រើននៅក្នុងសហគមន៍របស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here