មកដល់ពេលនេះ តើធនាគារប៉ុន្មានហើយសហការជាមួយពន្ធដារសម្រាប់អ្នកជាប់ពន្ធអាចបង់ពន្ធបាន ?

ដោយៈលក្ខិណា

ភ្នំពេញៈ កាលពីមុន អ្នកជាប់ពន្ធមិនថាពន្ធអាជីវកម្មពន្ធផ្សេងៗទៀត នៅពេលបង់ពន្ធ ត្រូវធ្វើដំណើរទៅកាន់សាខាពន្ធដារណាមួយ ដើម្បីបង់ពន្ធទៅអគ្គនាយកដ្ឋាន ដែលមាននីតិវិធីស្មុគ្រស្មាញ និងប្រើពេលវេលាយូរ តែពេលនេះអគ្គនាយកដ្ឋានពន្ធដារបានសហការជាមួយធនាគារ ដើម្បីឱ្យអ្នកជាប់ពន្ធបង់ពន្ធតាមធនាគារវិញ ហើយអគ្គនាយក ដ្ឋានជាអ្នកយកទឹកប្រាក់នោះពីធនាគារវិញ។

ដំបូងឡើយមានធនាគារតែប្រមាណពីរ ឬបីប៉ុណ្ណោះ ដែលបានសហការជាមួយពន្ធដារតែមកដល់ពេលនេះ ធនាគារកាន់តែច្រើន បានចូលរួមសហការជាមួយពន្ធដារដើម្បីសម្រួលក្នុងការប្រមូលពន្ធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកគង់ វិបុលរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ អគ្គនាយកដ្ឋានពន្ធដារ បានសហការជាមួយធនាគារជាច្រើន ក្នុងប្រទេសកម្ពុជា ដើម្បីអនុញ្ញាតឱ្យអ្នកជាប់ពន្ធកាន់តែងាយស្រួល និងមិនកកស្ទះពេលដល់ខែបង់ពន្ធម្ដងៗ។

លោកបន្តថា “ពេលនេះពន្ធដារបានសហការជាមួយ ធនាគារចំនួន៧ហើយ ក្នុងនោះរួមមាន ធនាគារ វឌ្ឍនៈ ធនាគារកាណាឌីយ៉ា អេស៊ីលីដា ធនាគារ JTrust Royal ធនាគារកម្ពុជាសាធារណៈ ធនាគារស្ថាបនា និងសាខាពន្ធដារ ខេត្ត ខណ្ឌ/ស្រុក ទូទាំងប្រទេសផងដែរ”។លោកបន្តថា “មានធនាគារមួយចំនួនទៀត បានដាក់ពាក្យស្នើសុំសហការជាមួយពន្ធដារ តែខាងពន្ធដារកំពុងពិនិត្យមើលលទ្ធភាព និងលក្ខណៈសម្បត្តិក្នុងការផ្ដល់សេវាដល់អ្នកជាប់ពន្ធ”។

លោកគង់ វិបុលបានបន្ថែមថា អ្នកជាប់ពន្ធដែលជាអតិថិជន របស់ធនាគារមួយចំនួន ដែលបានសហការជាមួយពន្ធដារ ក៏កាន់តែងាយស្រួលថែមទៀត តាមរយៈការបង់ពន្ធតាមទូរសព្ទ ដោយមិនប្រើក្រដាសប្រាក់ ( E-Payment ) បានដោយមិនចាំបាច់ធ្វើដំណើរទៅកាន់បញ្ជរធនាគារ ឬការិយាល័យរបស់ធនាគារនោះទេ គ្រាន់តែទាញកម្មវិធីទូទាត់តាមApp អាចទូតទាត់ឬបង់ពន្ធមកកាន់ពន្ធដារបានហើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here