អត្រាអ្នកដាក់ប្រកាសពន្ធតាមអនឡាញកើនឡើងដល់ទៅ៩០ភាគរយពេលបច្ចុប្បន្ន

ដោយៈ លក្ខិណា

ភ្នំពេញៈ ចាប់តាំងពីរាជរដ្ឋាភិបាល ជាពិសេសអគ្គនាយកដ្ឋានពន្ធដារប្រកាសឱ្យដំណើរការ ការដាក់ប្រកាសពន្ធតាមអនឡាញមកឃើញថា កំណើននៃអ្នកដាក់ប្រកាសពន្ធតាមមធ្យោបាយនេះមានកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។

លោកគង់ វិបុលប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារមានប្រសាសន៍នៅព្រឹកថ្ងៃទី២៥ កុម្ភៈ២០២១នេះថា រហូតមកដល់បច្ចុប្បន្ន អត្រានៃអ្នកដាក់ប្រកាសពន្ធតាមអនឡាញ មានរហូតដល់ពី៨០ទៅ៩០ភាគរយទៅហើយ។

លោកបន្តថា “ការអនុវត្តនូវកម្មវិធីប្រព័ន្ធអនឡាញនេះ រហូតដល់ការដាក់លិខិតបង់ពន្ធប្រចាំឆ្នាំ គឺជាការពង្រឹងអភិបាលកិច្ចល្អ និងស្របទៅតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងសមស្របទៅនឹងយុទ្ធសាស្ត្រកៀគរចំណុល និងកំណែទម្រង់របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានខិតខំធ្វើទំនើបកម្មនូវប្រព័ន្ធពន្ធដារនេះ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា បច្ចុប្បន្ននេះ អគ្គនាយកដ្ឋានពន្ធដារ ក៏នៅតែបន្តធ្វើទំនើបកម្មបច្ចេកវិទ្យាបន្ថែមទៀត ដើម្បីសម្រួលនិងជំរុញឱ្យអ្នកជាប់ពន្ធ ដាក់ប្រកាសតាមប្រព័ន្ធអនឡាញនេះ ក្នុងពេលដែលពិភពលោក និងកម្ពុជាកំពុងប្រឈមមុខនឹងជំងឺកូវីដ១៩ផងដែរ។

លោកក៏បានជំរុញឱ្យអ្នកជាប់ពន្ធទាំងឡាយ ដាក់ប្រកាសពន្ធតាមប្រព័ន្ធអនឡាញ ហើយបើសិនជាមានបញ្ហាឬចំងល់ណាមួយ អ្នកជាប់ពន្ធអាចទាក់ទងទៅកាន់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីសួរនាំមន្ត្រីពន្ធដារ ក្នុងការជួយដោះស្រាយជូនអ្នកជាប់ពន្ធ។

តាមរយៈការអនុវត្តន៍នូវប្រព័ន្ធអនឡាញនេះដែរ បានធ្វើឱ្យអគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានកាន់តែច្រើន ជាក់ស្ដែងក្នុងឆ្នាំ២០២០កន្លងទៅ ទោះបីជាកម្ពុជាជួបប្រទះនឹងវិបត្តិកូវីដ១៩ក្តី ក៏អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូល បានខ្ពស់ជាងឆ្នាំ២០១៩ មុនពេលមានវិបត្តិទៅទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here