ហុងកុង​គ្រោង​ចំណាយ ១៥,៤ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ស្ដារ​សេដ្ឋកិច្ចរបស់​ខ្លួន​ដែល​ខ្ទេចខ្ទាំ​ដោយ​កូ​វីដ-១៩

ដោយៈ​សុខុម

ហុងកុង: រដ្ឋបាល​ក្រុង​ហុងកុង នឹង​ទម្លាក់​កញ្ចប់​ថវិកា១២០ពាន់​លាន​ដុល្លារ​កុង​កុង (១៥,៤ ពាន់​លាន​ដុល្លារ​អាមេរិក) ដើម្បី​ជួយ​ដល់​អាជីវកម្ម​នានា និង​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់ ដោយសា​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ។ នេះ​បើ​យោងតាម​សារព័ត៌មាន CNA ចុះផ្សាយ​កាលពី​ថ្ងៃ​ពុធ ទី២៤ កុម្ភៈ។

អំឡុង​សុន្ទរកថា​ក្នុង​ថ្ងៃ​ដដែល លោក Paul Chan រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ហុងកុង បាន​ថ្លែងថា វិធាន​ការដែល​រួមមាន​ការបន្ធូរបន្ថយ​ពន្ធ ការផ្ដល់​ប្រាក់កម្ចី​សម្រាប់​អ្នកគ្មានការងារ​ធ្វើ និង​ការផ្ដល់​ប័ណ្ណ Voucher ផងដែរ​នេះ ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ នៅក្នុង​ឆ្នាំ២០២១ នេះ ក្រោយពី​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ​នៅក្នុង​ឆ្នាំ២០២០ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​ព្យាករ​ថា សេដ្ឋកិច្ច​នឹង​ទទួលបាន​កំណើន​ឡើងវិញ ក្នុង​ចន្លោះ​ពី៣,៥%ទៅ ៥,៥% នៅ​ឆ្នាំនេះ បើ​ធៀប​នឹង​ការធ្លាក់ចុះ​សេដ្ឋកិច្ច៦,១% ក្នុង​ឆ្នាំ២០២០” ។ លោក​គូសបញ្ជាក់ថា “ថវិកា​សម្រាប់​ឆ្នាំ២០២១នេះ មាន​គោលបំណង​កាត់បន្ថយ​ការលំបាក និង​សម្ពាធ​ដែល​បង្កឡើង ដោយ​វិបត្តិ​សេដ្ឋកិច្ច និង​ការ​រាតត្បាត​វីរុស​កូ​វីដ-១៩ ។

ក្តីសង្ឃឹម​ចំពោះ​ការ​ងើបឡើង នៃ​សេដ្ឋកិច្ច​របស់​ក្រុង​ហុងកុង នាពេលនេះ​គឺ​ដោយសារ​ការចែក​ចាយ​វ៉ាក់សាំង​កូ​វីដ-១៩ ។ ការតវ៉ា​ដែល​ឈានដល់​ការផ្ទុះ​អំពើ​ហឹ​ង្សា​ជា​ញឹកញាប់ និង​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​មហា​យក្ស​ចិន ក្នុង​ឆ្នាំ២០១៩ បានធ្វើឱ្យ​ក្រុង​ហុងកុង ដែលជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពិភពលោក ធ្លាក់​ចូលក្នុង​វិបត្តិ​សេដ្ឋកិច្ច តាំងពី​មុនពេល​ផ្ទុះ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ទៅទៀត។

ក្រុង​ហុងកុង ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​របស់ខ្លួន​នៅ​សប្តាហ៍​នេះ ក្រោយ​ទទួលបាន​វ៉ាក់សាំង​កូ​វីដ-១៩ សរុប​ចំនួន ២២.៥ លាន​ដូ​ស​ពី​ក្រុមហ៊ុន​មួយចំនួន ដូចជា ក្រុមហ៊ុន​អាមេរិក Pfizer ក្រុមហ៊ុន​ចិន Sinovac និង​ក្រុមហ៊ុន​អង់គ្លេស-ស្វ‍​៊ី​ស AstraZeneca។

ពលរដ្ឋ​ដែល​គ្មាន​ការងារ​ធ្វើ អាច​ទទួលបាន​ប្រាក់កម្ចី ៨០,០០០ ដុល្លារ​ហុងកុង (១០.៣០០ ដុល្លារ​អាមេរិក) នៅក្នុង​កម្មវិធី​មួយ​ដែល​ពន្យា រ​ពេល​ការទូទាត់​សង​សម្រាប់​ឆ្នាំ​ដំបូង និង​គិតការ​ប្រាក់ ១% ។ វិធានការ​នេះ​ធ្វើឡើង​បន្ទាប់ពី​ទីក្រុង​ហុងកុង កាលពី​សប្តាហ៍​មុន បាន​រាយការណ៍​អំពី​អត្រា​គ្មាន​ការងារ​ធ្វើ៧% ចន្លោះ​ពី​ខែវិច្ឆិកា ឆ្នាំ២០២០ ដល់​ខែមករា ឆ្នាំ២០២១ ដែលជា​កម្រិត​ខ្ពស់បំផុត​ចាប់តាំងពី​ខែមេសា ឆ្នាំ២០០៤ មក។

ប័ណ្ណ Voucher ដែលមាន​តម្លៃ ៥,០០០ ដុល្លារ​ហុងកុង (៦៤៥ ដុល្លារ​អាមេរិក) ក៏​នឹងត្រូវ​បោះផ្សាយ​សម្រាប់​ពលរដ្ឋ ដែលមាន​តម្រូវការ​ផងដែរ ដោយ​អ្នកទទួលបាន​ប័ណ្ណ Voucher នេះ​អាច​សង​រំលស់​វិញតិចៗតាម​ក្រោយ។  ទន្ទឹមនេះ អាជីវកម្ម និង​បុគ្គល​ក៏​នឹង​ទទួលបាន​ការបន្ធូរបន្ថយ​ពន្ធ​ផងដែរ។

លោក Paul Chan បាន​ប្រាប់​ក្រុម​អ្នកតាក់តែង​ច្បាប់​ថា លោក​រំពឹងថា ឱនភាព​ថវិកា២៥៧,៦ ពាន់​លាន​ដុល្លារ​ហុងកុង (ជាង៣៣ពាន់​លាន​ដុល្លារ​អាមេរិក) ដែលជា​កម្រិត​ខ្ពស់បំផុត​មិន​ធ្លាប់មាន ក្នុង​ឆ្នាំសារពើពន្ធ ២០២០-២០២១ នឹង​ធ្លាក់​ចុះមក​នៅត្រឹម ១០១,៦ពាន់​លាន​ដុល្លារ​ហុងកុង (ជាង ១៣ ពាន់​លាន​ដុល្លារ​អាមេរិក) ក្នុង​ឆ្នាំសារពើពន្ធ ២០២១-២០២២ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here