សម្ដេចតេជោបញ្ជាឱ្យអាជ្ញាធរតាមព្រំដែនសម្រួលដល់អាជីវករធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាង

ដោយៈ លក្ខិណា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាឱ្យអាជ្ញាធរតាមព្រំដែន ដែលគ្រោងបិទច្រកមិនឱ្យអាជីវករចូលទឹកដីជិតខាងនោះត្រូវបើក និងសម្រួលដល់ពាណិជ្ជករតាមព្រំដែនធ្វើពាណិជ្ជកម្ម និងជំរុញឱ្យសកម្មភាពពាណិជ្ជកម្មនេះកាន់តែផុសផុល។

សម្ដេចតេជោបានមានប្រសាសន៍តាមរយៈសារសម្លេងជាង៦នាទីនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ថា កន្លងទៅកម្ពុជាបានពង្រឹងនូវការធ្វើចត្តាឡីស័កនៅតាមព្រំដែន ដើម្បីទប់ស្កាត់ការហូរចូលជំងឺពីក្រៅប្រទេសចូលមកកម្ពុជា តែការដឹកទំនិញចេញចូលរវាងប្រទេសជិតខាងត្រូវធ្វើធម្មតា។

សម្តេចតេជោបានថ្លែងបន្តថា ប៉ុន្តែថ្មីៗនេះ ស្រាប់តែមានការបញ្ជាមួយពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនឱ្យបងប្អូនខ្មែរដឹកទំនិញពីកម្ពុជាទៅប្រទេសជិតខាងនោះទេ។ បទបញ្ជានេះ សម្ដេចបានបញ្ជាឱ្យដកបទបញ្ជាចេញវិញ ហើយសម្រួលដល់ការដឹកជញ្ជូនទំនិញពីកម្ពុជាចូលទៅប្រទេសជិតរួមមានថៃ ឡាវ និងវៀតណាម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចមានប្រសាសន៍បន្តថា ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាបច្ចុប្បន្នគឺពឹងផ្អែកលើបរទេសជាពិសេសប្រទេសជិតខាង ហើយបរទេសក៏ពឹងលើទីផ្សារកម្ពុជា។ ម្យ៉ាងទៀតខែនេះ គឺជាខែប្រមូលផលរបស់កសិករកម្ពុជា ដូច្នេះបើបិទការចរាចរណ៍ទំនិញ នឹងធ្វើប្រជាជនកម្ពុជាខាតបង់កាន់តែច្រើន ខណៈពាណិជ្ជករគេនៅតែអាចចូលមកដឹកទំនិញពីកម្ពុជាបាន។

សម្ដេចបន្ថែមថា កូវីដ១៩ វាបានបំផ្លាញយើងរួចហើយ ដូច្នេះយើងមិនអាចឱ្យវាបំផ្លាញសេដ្ឋកិច្ចបានបន្ថែមទៀតទេ។ សម្ដេចស្នើឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចកក្រឡាហោមស ខេង បញ្ជាទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដកបទបញ្ជានេះវិញ ព្រោះទំនិញវាមិនមានកូវីដនោះទេ តែអ្វីដែលសំខាន់នោះគឺការគ្រប់គ្រងការពង្រឹងការធ្វើចត្តាឡីស័កតែប៉ុណ្ណោះ។

ការធ្វើពាណិជ្ជកម្មតាមព្រំដែន គឺមានសារសំខាន់មួយសម្រាប់សេដ្ឋកិច្ចជាពិសេសបងប្អូនពលរដ្ឋនៅតាមព្រំដែន ក្នុងការដឹកជញ្ជូនទំនិញទៅកាន់ប្រទេសជិតខាង ក្នុងនោះផលិតផលកសិកម្ម គឺមានអាទិភាពចំបងក្នុងការនាំចេញទៅកាន់ប្រទេសវៀតណាម និងប្រទេសថៃ ហើយប្រទេសទាំងនោះ ក៏មានការនាំចូលទំនិញជាច្រើនផងដែរចូលមកកម្ពុជាក្នុងមួយថ្ងៃមួយៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here