World Bank: ការច្នៃប្រឌិតតាមរយៈគោលនយោបាយអភិវឌ្ឍន៍នឹងរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចកម្ពុជានិងតំបន់អាស៊ីបូព៌ា

ដោយៈ ម៉ាណេត

ភ្នំពេញៈ ការច្នៃប្រឌិតមានសារសំខាន់សម្រាប់កំណើនផលិតភាព និងវឌ្ឍនភាពសេដ្ឋកិច្ចក្នុងការអភិវឌ្ឍតំបន់អាស៊ីបូព៌ា រួមទាំងប្រទេសកម្ពុជាផងដែរ នៅក្នុងពិភពលោក ដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក (World Bank) ដែលបានចេញផ្សាយកាលពីម្សិលមិញ។

បណ្តាប្រទេសនៅតំបន់អាស៊ីបូព៌ាដែលកំពុងអភិវឌ្ឍន៍ មានកំណត់ត្រាគួរឱ្យចាប់អារម្មណ៍នៃកំណើនប្រកបដោយចីរភាព និងការកាត់បន្ថយភាពក្រីក្រ។ ប៉ុន្តែកំណើនផលិតភាពថយចុះ ភាពមិនប្រាកដប្រជានៅក្នុងពាណិជ្ជកម្មពិភពលោក និងភាពជឿនលឿនផ្នែកបច្ចេកវិទ្យាកំពុងបង្កើនតម្រូវការក្នុងការផ្លាស់ប្តូរទៅរកផលិតកម្មថ្មី និងប្រសើរជាងមុន ដើម្បីទ្រទ្រង់ដល់ដំណើរការសេដ្ឋកិច្ច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដើម្បីគាំទ្រដល់អ្នកបង្កើតគោលនយោបាយក្នុងការដោះស្រាយបញ្ហាប្រឈមនេះ របាយការណ៍ស្តីពី “ការច្នៃប្រឌិតថ្មីសម្រាប់ការអភិវឌ្ឍអាស៊ីបូព៌ា ពិនិត្យមើលស្ថានភាពនៃភាពច្នៃប្រឌិតនៅក្នុងតំបន់ វិភាគទៅលើឧបសគ្គសំខាន់ៗ ដែលក្រុមហ៊ុនប្រឈមមុខក្នុងការបង្កើតថ្មី និងដាក់ចេញនូវរបៀបវារៈសម្រាប់សកម្មភាពដើម្បីជំរុញកំណើនសេដ្ឋកិច្ច។

លោកស្រី Victoria Kwakwa អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានមានប្រសាសន៍ថា “ភស្តុតាងបង្ហាញថា ការច្នៃប្រឌិតនឹងនាំទៅរកផលិតភាពខ្ពស់។ ជំងឺកូវីដ១៩ ការផ្លាស់ប្តូរអាកាសធាតុ រួមជាមួយបរិស្ថានពិភពលោកដែលមានការវិវត្តលឿន បានបង្កើតភាពបន្ទាន់ សម្រាប់រដ្ឋាភិបាលក្នុងតំបន់ ក្នុងការលើកកម្ពស់ការបង្កើតថ្មី ឬការច្នៃប្រឌិតថ្មី តាមរយៈគោលនយោបាយអភិវឌ្ឍន៍ប្រសើរជាងមុន”។

ខណៈតំបន់អាស៊ីបូព៌ា ដែលកំពុងមានការអភិវឌ្ឍន៍ គឺជាកន្លែង សម្រាប់អ្នកច្នៃប្រឌិតជាច្រើន ទិន្នន័យ ដែលបានបង្ហាញនៅក្នុងរបាយការណ៍បានបង្ហាញថា បណ្តាប្រទេសភាគច្រើននៅក្នុងតំបន់ (លើកលែងតែប្រទេសចិន) មានគំនិតច្នៃប្រឌិតតិចជាងការរំពឹងទុក ដោយសារកម្រិតប្រាក់ចំណូលរបស់មនុស្សម្នាក់ៗ។ ក្រុមហ៊ុនភាគច្រើនប្រតិបត្តិការឆ្ងាយពីព្រំដែនបច្ចេកវិទ្យា ហើយតំបន់នេះកំពុងស្ថិតនៅពីក្រោយប្រទេសមានសេដ្ឋកិច្ចជឿនលឿន ដែលមានការប្រើប្រាស់បច្ចេកវិទ្យាថ្មី។

អ្នកនិពន្ធនៃរបាយការណ៍នេះលោក Xavier Cirera មានប្រសាសន៍ថា “ក្រៅពីឧទាហរណ៍មួយចំនួន ក្រុមហ៊ុនភាគច្រើននៅក្នុងតំបន់កំពុងអភិវឌ្ឍន៍នៅអាស៊ីបូព៌ាបច្ចុប្បន្នមិនមានការច្នៃប្រឌិតទេ។ គំរូនៃការច្នៃប្រឌិតថ្មីគឺត្រូវការជាចាំបាច់ ដែលគាំទ្រដល់ក្រុមហ៊ុនធំៗ ក្នុងការទទួលយកបច្ចេកវិជ្ជាថ្មីៗ ទន្ទឹមនឹងនោះអាចជួយឱ្យក្រុមហ៊ុន ឱ្យមានភាពជឿនលឿនជាងមុន និងអាចអនុវត្តគម្រោងនានាបាន។

របាយការណ៍នេះបញ្ជាក់ពីកត្តាជាច្រើន ដែលរារាំងការច្នៃប្រឌិតថ្មី នៅក្នុងតំបន់ រួមមានព័ត៌មានមិនគ្រប់គ្រាន់អំពីបច្ចេកវិទ្យាថ្មីៗ ភាពមិនប្រាកដប្រជាអំពីការវិលត្រឡប់ទៅរកគម្រោងច្នៃប្រឌិត សមត្ថភាពក្រុមហ៊ុនខ្សោយ សមត្ថភាពបុគ្គលិកមិនគ្រប់គ្រាន់ និងជម្រើសហិរញ្ញប្បទានមានកំណត់។ លើសពីនេះទៅទៀតគោលនយោបាយ និងស្ថាប័នច្នៃប្រឌិតរបស់ប្រទេសនានាមិនមានភាពស៊ីគ្នានឹងសមត្ថភាព និងតម្រូវការរបស់ក្រុមហ៊ុនឡើយ។

ដើម្បីជម្រុញការច្នៃប្រឌិត របាយការណ៍បានអះអាងថា បណ្តាប្រទេសនានាចាំបាច់ត្រូវមានគោលនយោបាយកែលម្អឡើងវិញ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយបច្ចេកវិទ្យា ដែលមានស្រាប់ មិនត្រឹមតែការច្នៃប្រឌិត ការគាំទ្រការច្នៃប្រឌិតនៅក្នុងវិស័យសេវាកម្ម ផលិតកម្មប៉ុណ្ណោះទេ តែត្រូវពង្រឹងសមត្ថភាពច្នៃប្រឌិតរបស់ក្រុមហ៊ុនផងដែរ។

ការមើលឃើញនូវទស្សនៈទូលំទូលាយនៃគោលនយោបាយនវានុវត្តន៍ គឺមានសារៈសំខាន់ក្នុងការធ្វើឱ្យផលិតភាព ទទួលបានក្នុងចំណោមសហគ្រាសជាច្រើននៅក្នុងតំបន់។

លោក Andrew Mason អ្នកនិពន្ធនាំមុខមួយរូបនៃរបាយការណ៍នេះបានមានប្រសាសន៍ថា “វាមានសារៈសំខាន់សម្រាប់រដ្ឋាភិបាលក្នុងតំបន់ក្នុងការគាំទ្រដល់ការបង្កើតថ្មី នៅក្នុងសេវាកម្ម ដោយសារតែសារៈសំខាន់កាន់តែខ្លាំងឡើងនៅក្នុងសេដ្ឋកិច្ចទាំងនេះ មិនត្រឹមតែសម្រាប់គុណភាពសេវាកម្មប្រសើរជាងមុនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាធាតុចូលដ៏សំខាន់សម្រាប់ផលិតកម្មផងដែរ”។

បណ្តាប្រទេសក៏ត្រូវការពង្រឹងកត្តាបំពេញបន្ថែមសំខាន់ៗ សម្រាប់ការច្នៃប្រឌិត រួមទាំងជំនាញរបស់កម្មករ និងឧបករណ៍ហិរញ្ញប្បទានផ្តល់ដល់គម្រោងច្នៃប្រឌិត។ ការកសាងទំនាក់ទំនងរឹងមាំរវាងស្ថាប័នស្រាវជ្រាវជាតិ និងក្រុមហ៊ុនក៏នឹងមានសារៈសំខាន់ផងដែរ ក្នុងការជំរុញកំណើន ដែលដឹកនាំដោយការច្នៃប្រឌិតនៅក្នុងតំបន់។

“តំបន់អាស៊ីបូព៌ាកំពុងមានការអភិវឌ្ឍ” សំដៅទៅលើប្រទេសមានប្រាក់ចំណូលមធ្យមចំនួន១០ នៅក្នុងការសិក្សានេះ រួមមានប្រទេសកម្ពុជា ចិន ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ម៉ុងហ្គោលី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃនិងវៀតណាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here